ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ស៊ី​ហ្គេម​លើក​ទី​៣១ ដែល​កំពុងតែ​ធ្វើ​នៅ ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ពេលនេះ នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ តែ​ចំនួន​មេដាយ ដែល​កម្ពុជា ទទួលបាន លើសពី​ចំនួន​មេដាយ ដែល​កម្ពុជា ប្រជែង​បាន​កាលពី​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ។​

​ផ្អែក​តាម​តារាង​មេដាយ​ជា​ផ្លូវការ របស់​ស៊ី​ហ្គេម ពេលនេះ កម្ពុជា មាន​មេដាយ មាស ចំនួន ៧ គ្រឿង ប្រាក់​ចំនួន ៩ គ្រឿង និង​សំរិទ្ធ​ចំនួន ២៤ គ្រឿង សរុប ៤០ គ្រឿង ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ (CAM SOC) និង​ជា​នាយ​បេសកកម្ម​របស់​កម្ពុជា សម្រាប់​ស៊ី​ហ្គេម ធ្វើការ​កត់ សម្គាល់ថាៈ កាល​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ឆ្នាំ​២០១៩ កម្ពុជា​រកបាន​មេដាយមាស បានតែ ៤ គ្រឿង​ប៉ុណ្ណោះ តែ​ពេលនេះ កម្ពុជា​រកបាន​មេដាយមាស លើសពី លើក​មុន​ហើយ​។ ការប្រកួត​នៅសល់ ៣ ថ្ងៃ​ទៀត ដែល​នេះ ក៏​ជា​ក្ដីសង្ឃឹម របស់​កម្ពុជា ក្នុងការ​ស្វែងរក​មេដាយ​បន្ថែម ។​

​អ្វីដែល​កត់សម្គាល់ នៅ​ស៊ី​ហ្គេម​លើក​នេះ គឺ​កម្ពុជា​បាន​ផ្ដោតទៅលើ​យុទ្ធសាស្ត្រ ក្នុងការ ស្វែងរក​មេដាយ ឲ្យ​បាន​ច្រើនជាង​មុន ហើយក៏​ជាការ​ជំរុញ លើកទឹកចិត្ត ដល់​កីឡាករ កីឡា ការិនី​របស់​យើង ឲ្យ​ប្រឹងប្រែង​ធ្វើយ៉ាងណា បង្កើន​ចំនួន មេដាយ ដើម្បី​ឈានទៅដល់​គោលដៅ នា​ឆ្នាំ​២០២៣ ទៅតាម​អ្វីដែល​យើង ចង់បាន​។​

​ការកំណត់​នៅក្នុង​ការរៀប​ចំនេះ យើង​ត្រូវធ្វើ​ទៅតាម​អនុសាសន៍​ណែនាំ របស់លោក​បណ្ឌិត ថោង ខុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ កំណត់ត្រា នៃ​ការរៀបចំ​ស​ន្ទ​ស្សន៍​មេដាយ សម្រាប់​ឆ្នាំ​២០២៣ ។​

​លោក វ៉ា​ត់ ចំរើន បាន​បន្តថាៈ នៅក្នុង​ការរៀបចំ​ស៊ី​ហ្គេម ២០២៣ សម្តេច​ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC បានរៀបចំ នូវ យុទ្ធសាស្ត្រ​ជាច្រើន ហើយ​ដាក់​ឲ្យ​អនុវត្ត​នូវ​ផែនការ A ផែនការ B ក្នុង​លក្ខណៈ​បច្ចេក ទេស ក៏ដូចជា​ការរៀបចំ​ឲ្យ​បានល្អ​ប្រសើរ​។​

​ការរៀបចំ​របស់​យើង យើង​មាន​គោលដៅ ស្វែងរក​ឧត្តមភាព នៅលើ​បច្ចេកទេស ឲ្យ​បាន ហេតុនេះ ដល់​កម្រិត​មួយ ដែល​យើង​អាច​ទទួលយកបាន ក្នុងនាម​ជា ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២៣ ដើម្បី​ឲ្យ​ជោគជ័យ នៅក្នុង​ការរៀបចំ​រប​ស់​យើង​។​

​ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ស៊ី​ហ្គេម​នៅ​វៀតណាម​នេះ ឈានទៅដល់​ស៊ី​ហ្គេម ដែល​អាច​កំណត់ បាន​នូវ​យុទ្ធសាស្ត្រ​របស់​យើង គឺអាច​យក​មេដាយ នៅក្នុង​ស៊ី​ហ្គេម​នេះ យកទៅ​ធ្វើ​ការវិភាគ និង​ការស្វែងរក​នូវ​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​យើង ស្វែងរក​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ទៀត ដើម្បី​បំពេញ បន្ថែម នូវ​ការរៀបចំ​របស់​យើង នៅ​កម្ពុជា ឆ្នាំ​២០២៣៕/V​-PC