ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​មានប្រសាសន៍ នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា​នេះ​ថាៈ ការឃោសនា បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ នឹង​ចាប់ផ្តើម​នៅ ថ្ងៃទី​២១ ខែឧសភា ស្អែក​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​រៀបចំ​ហែ​ក្បួន ឃោសនា ដង្ហែ​ក្បួន​ឃោសនា នៅក្នុង​រាជធានី ភ្នំពេញ នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌឫស្សីកែវ ហើយ​ក្រៅពី​ការហែក្បួន​ឃោសនា​ធំ ក៏មាន​ការ​ហែ ឃោសនា​ចេញពី​ក្រុង ស្រុក ទៅកាន់​ឃុំ​សង្កាត់ ដែល​បានដាក់​បេក្ខភាព ចំនួន ៥៩៦ ឃុំ សង្កាត់ លើ ១៤៥ ក្រុង ស្រុក និង​ក្រុម​ឃោសនា មាន​ចំនួន ១៤៥ ក្រុម ។​

​លោក​បាន​បន្តថាៈ បន្ទាប់ពី​ឃោសនា នៅ​រាជធានី​ភ្នំពេញ រួច​នឹង​ចុះ​ទៅតាម បណ្តា​ខេត្ត និង​ចុះ​តាម​បណ្តា​ឃុំ​អាទិភាព និង​ចូលរួម​ជាមួយ​សមាជិក នៅ​មូលដ្ឋាន​ឃោសនា ជា​ទ្រង់ទ្រាយ​តូចៗ​។​

​លោក​បាន​លើកឡើងថាៈ គ​.​ជ​.​ប បានរៀបចំ​ល្អ ទាក់ទង​ការរៀបចំ​ដំណើរការ ឃោសនា បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​បាន​ឲ្យ​គ្រប់ គណបក្សនយោបាយ ថត​ស្ព​ត​ឃោសនា​ផ្សព្វផ្សាយ បាន​គ្រប់​គណបក្ស នយោបាយ ទាំង ១៧ គណបក្ស​។

​លោក ញឹក ប៊ុនឆៃ បានបញ្ជាក់​ថាៈ នៅក្នុង​ការឃោសនា​នេះ គណបក្ស​ខ្មែរ រួបរួម​ជាតិ មាន​គោលនយោបាយ​មូលដ្ឋាន ចំនួន ៧ ចំណុច​សំខាន់ៗ មានដូចជាៈ
១. ភូមិ ឃុំ សុខសាន្តៈ បង្កើន​ការអនុវត្ត និង​ទប់ស្កាត់​អំពើចោរកម្ម ក្មេង​ទំនើង អំពើ​អសីលធម៌​សង្គម ហិង្សា​ក្នុង​គ្រួសារ ការ​ចរាចរ និង​សេព​គ្រឿងញៀន ។
២. ភូមិ ឃុំ ស្អាតស្អំៈ គ្មាន​ការរើសអើង បក្ខពួកនិយម គ្រួសារនិយម គ្មាន​អំពើពុករលួយ និង​គ្មាន​ការយក​កម្រៃ​សេវា ក្រៅផ្លូវការ លើ​សេវា សាធារណៈ​គ្រប់​ប្រភេទ ។​
៣. ភូមិ ឃុំ រុងរឿងៈ បង្កើន​សេដ្ឋកិច្ច​គ្រួសារ ឱ្យបាន​ធូរធារ តាមរយៈ​ការជំរុញ ផលិតភាព កសិកម្ម​ទំនើប និង​បច្ចេកទេស​ថ្មី ធានា​តម្លៃ​កសិផល ស្របតាម​ទីផ្សារ និង​ការបង្កើត​ការងារ​ថ្មី ក្នុង​មូលដ្ឋាន ។​
៤. ភូមិ ឃុំ បៃតងៈ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​កាប់បំផ្លាញ​ព្រៃឈើ ធនធានធម្មជាតិ ការពារ និង​លើកកម្ពស់​បរិស្ថាន ។
៥. ភូមិ ឃុំ យុត្តិធម៌ៈ ការពារ និង​ទប់ស្កាត់ ការរំលោភបំពាន ដ​ណើ្ត​ម​ដីធ្លី រឹបអូស​ទ្រព្យសម្បត្តិ ពី​ប្រជាពលរដ្ឋ​។​
៦. ភូមិ ឃុំ អភិវឌ្ឍន៍ៈ ខិតខំ​ប្រមូល​ធនធាន ដើម្បី​ជួសជុល កសាង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ជីក​អណ្តូងទឹក ស្រះ​ទឹក និង​ផ្គត់ផ្គង់​ទឹកស្អាត ។​
៧. ភូមិ ឃុំ មានគុណ​ភាពៈ លុបបំបាត់​អក្ខរកម្ម ដោយ​ជំរុញ​កុមារ​គ្រប់​អាយុ បាន​ចូលរៀន គ្រប់គ្នា និង​ពង្រឹង​ប៉ុស្តិ៍​សុខភាព ក្នុង​មូលដ្ឋាន ។​

​សូមជម្រាបថា ការឃោសនាបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២ ពោលគឺ មាន​រយៈពេល ១៤​ថ្ងៃ ហើយ​គ្រប់​គណបក្ស នយោបាយ ទាំង ១៧ គណបក្ស ដែល​បានដាក់​បេក្ខជន​ឈរឈ្មោះ នៅតាម​ឃុំ សង្កាត់ ក៏បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ដែរ ដើម្បី​ឃោសនា​ស្វែងរក សម្លេងឆ្នោត និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។ គណៈកម្មាធិការ​ជាតិ​រៀប ចំការ បោះឆ្នោត ក៏បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ដើម្បី​រៀបចំ​ឲ្យ​ដំណើរ​ការឃោសនា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​៕/V​-PC