ប.ជ័យ / បន្ទាយមានជ័យ ៖ ដូចរាល់ឆ្នាំដែរ គណៈ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានរៀបចំទិវារំលឹកវិញ្ញាណក្ខន្ធ២០ឧសភា២០២២ នៅទីតម្កល់អដ្ឋិធាតុជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ប៉ូល ពតនៅបរិវេណវត្តសុភមង្គលភូមិ-សង្កាត់អូរអំបិលក្រ-សិរីសោភ័ណ ក្រោមអធិបតីដោយ លោកអ៊ុ រាត្រី អភិបាលខេត្ត ព្រះសង្ឃ មន្ត្រី និង ប្រជាជនជាច្រើនរូប ។
លោកអ៊ុ រាត្រី បានថ្លែងថា ថ្ងៃ ២០ ឧសភា ១៩៧៥ ជាថ្ងៃដែលប៉ុលពត បានសម្រេចដាក់ចេញនយោបាយប្រល័យពូជសាសន៍ ទើបក្រោយមកប្រជាជននិងរដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានកំណត់ថ្ងៃនេះជា”ទិវាចងកំហឹង “ក្រោយមកជា”ទិវាចងចាំ” និងជា”ទិវាគោរពវិញ្ញាណក្ខ័ន្ធ”ក្នុងន័យ រំលឹកឡើងវិញនូវបណ្ដាថ្ងៃដ៏ខ្មៅងងឹត ក្នុងនរកលោកីយ៍ប្រល័យពូជសាសន៍ ក្នុងរបប ៣ ឆ្នាំ ៨ខែនិង ២០ ថ្ងៃ ហើយក៏ជា
ថ្ងៃគោរពវិញ្ញាណក្ខ័ន្ធចំពោះប្រជាជនកម្ពុជានិងជនរងគ្រោះឯទៀត ដែលបានស្លាប់ ក្រោយរងទទួលទារុណកម្មយ៉ាងសែនខ្លោចផ្សារនិងអយុត្តិធម៌ ទាំងផ្លូវកាយ ផ្លូវចិត្ត ។
លោកបានបន្ថែមថា របបប្រល័យពូជសាសន៍ ប៉ុលពត បានសាបព្រោះនូវឧក្រិដ្ឋកម្មរាប់មិនអស់មកលើរចនាសម្ព័ន្ធសង្គមទាំងមូល ត្រូវច្របូកច្របល់ក្រឡាប់ចក្រ រលំរលាយ។
ប្រជាជនត្រូវគេដកហូតនូវសិទ្ធិសេរីភាព សូម្បីតែការរស់នៅជាមនុស្សក៏គ្មានផង ។គឺមានតែទារុណកម្ម ការកាប់សម្លាប់ និងការបំផ្លិចបំផ្លាញប៉ុណ្ណោះដែលប្រជាជនត្រូវទទួល។
លោក បានបន្តថា : ដោយក្តាប់បាននូវចរិត និងផែនការប្រកបដោយមហន្តរាយ ដែលនាំទៅដល់ការការរលំរលាយសាបសូន្យសំរាប់ប្រជាជាតិកម្ពុជាទាំងមូល កម្លាំងសាមគ្គីប្រជាជាតិមួយដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការជួយឧបត្ថម្ភ គាំទ្រពីបក្ស រដ្ឋនិងប្រជាជនវៀតណាម ក៏ដូចអ្នកស្នេហាប្រជាជនលើលោកត្រូវបានប្រមូលផ្ដុំជាចលនាតស៊ូប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យ នៅតំបន់មួយចំនួនរហូតបានទទួលជ័យជំនះ នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។.mara