​ដោយៈ ជា សីហ​/​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ លោក លី ធុច ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា បាន​ដឹកនាំ​តំណាង​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ចុះ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​សារៈមន្ទីរ​សន្តិ​ភាព​សកម្មភាព​កំចាត់មីន នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ស៊ីម៉ាក់​។​

​ដំណើរ​ទស្សនកិច្ច​នា​ថ្ងៃនេះ គឺជា​ការស្វែងយល់​អំពី​សមិទ្ធផល​សម្រេចបាន​នៃ​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា ដែលជា​លទ្ធផល​បានមកពី​មរតក​នៃ​សង្គ្រាមរ៉ាំរ៉ៃ​អស់​រយៈពេល​ជាង ៣​ទសវត្សរ៍​នៅ​កម្ពុជា​។​

​លោក លី ធុ​ប បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការលះបង់​គ្រប់បែបយ៉ាង​របស់​កង​កម្លាំង​បោសសម្អាត​មីន​/​គ្រាប់​នៃ​មជ្ឈមណ្ឌល​ស៊ីម៉ាក់​រយៈពេល ៣០​ឆ្នាំ ដែល​បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន​/​គ្រាប់ ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​យកចិត្តទុកដាក់​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ស្ថាបនិក​សន្តិភាព ព្រមទាំង​មាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​។​

​មជ្ឈមណ្ឌល​ស៊ីម៉ាក់ បានធ្វើការ​ក្នុង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មីន ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​សម្របសម្រួល គ្រប់គ្រង និង​ត្រួតពិនិត្យ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៕.mara