ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក លី ធុច ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា បាន​អះអាងថា មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​មិន​ទាស់​បាន​បោសសំអាត​អស់​នៅឡើយ​ទេ ។

​លោក​បាន​មានប្រសាសន៍​នៅក្នុង​វេទិកា​កិច្ចសន្ទនា​កម្រិត​ខ្ពស់​ស្តីពី​សកម្មភាព​មីន​ដែល​រៀបចំ​នៅ​ខេត្តសៀមរាប​ថា ក្នុង​រយៈពេល ៣០ ឆ្នាំ​ចុង​ក្រោយនេះ ដោយមាន​ការគាំទ្រ​ពី​ម្ចាស់ជំនួយ​អន្តរជាតិ និង​វីរភាព​របស់​អ្នកដោះមីន​កម្ពុជា យើង​អាច​បោសសំអាត​ផ្ទៃដី​បាន ២.៣៧៩ គីឡូម៉ែត្រ​ការ៉េ ហើយ​បាន​បង្វែ​ទៅជា​ដូចជា​ផ្ទៃដី​កសិកម្ម ការតាំង​ទីលំនៅ​ថ្មី ផ្លូវថ្នល់ សាលារៀន​។

​លោក​បាន​បន្ថែមថា នៅក្នុង​រយៈពេល​នេះ មីន​ប្រឆាំង​មនុស្ស​ជាង ១,១ លាន មីន​ប្រឆាំង​រថក្រោះ​ជាង ២៦.០០០​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ជិត ៣ លាន​រួមទាំង​គ្រាប់បែក​ចង្កោម ត្រូវបាន​រកឃើញ និង​បំផ្លាញ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ជិត ៧,៥ លាន​នាក់ ប៉ុន្តែ​នៅ​ទូទាំងប្រទេស​កម្ពុជា មនុស្ស​ជាង ១,000,000 នាក់​នៅតែ​រស់នៅក្នុង​ភាពភ័យខ្លាច និង​ធ្វើការ​នៅ​តំបន់​ដែលមាន​ការគំរាមកំហែង​ដោយ​មីន និង គ្រាប់​មិនទាន់​ផ្ទុះ ។​

លោក​បាន​បន្ថែមថា ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​យើង​ចំពោះ​ប្រជាជន​យើង យើង​នឹង​ខិតខំ​បោសសម្អាត​ដី​ដែល​នៅមាន​មីន​ប្រមាណ ៧៣៦ គីឡូម៉ែត្រ​ការ៉េ ឲ្យ​បាន​នៅ​ឆ្នាំ ២០២៥​។​