ដោយ៖ដេប៉ូ/ព្រះវិហារ៖ សាច់សត្វព្រៃគ្មានអ្វីល្អឡើយ និងមិនអាចប៉ូវកម្លាំង ឬព្យាបាលជំងឺដូចជំនឿមួយចំនួនលើកឡើងទេ តែផ្ទុយមកវិញសាច់សត្វព្រៃអាចបង្កគ្រោះថ្នាក់ដល់សុខភាព អ្នកបរិភោគ ព្រោះតាមការសិក្សា សត្វព្រៃមានមេរោគជាច្រើន ដែលពេលខ្លះកាចសាហាវអាចសម្លាប់ជីវិតមនុស្សបានយ៉ាងលឿន។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។
ក្នុង ពិធី បើក « យុទ្ធនាការ អន្ទាក់ សូន្យ » ក្នុង អនុវិទ្យាល័យ ត្មាត ប៉ើយ ភូមិ ត្មាត ប៉ើយ ឃុំ ព្រីង ធំ ស្រុក ជាំ ក្សាន្ត ខេត្តព្រះវិហារ នាពេលថ្មីៗមកនេះលោក នេត្រ ភក្ត្រាបានថ្លែងបញ្ជាក់ថា «សូមនិយាយថាទេ! ចំពោះសាច់សត្វនិងផលិតផលពីសត្វព្រៃ គឺមានន័យថា លោកអ្នកបានចូលរួមបញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ និងការដាក់អន្ទាក់ចាប់សត្វព្រៃ”។
លោក រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ជារៀងរាល់ថ្ងៃ សត្វព្រៃដ៏មានតម្លៃរបស់យើង ត្រូវបានសម្លាប់ដោយសារតែព្រានព្រៃប្រើអន្ទាក់គ្រប់ប្រភេទ និងគ្រាប់កាំភ្លើងកែច្នៃសម្លាប់ ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងសម្រាប់លក់នៅលើទីផ្សារ ដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ។
ទាក់ទិនក្នុងរឿងនេះដែរលោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា សត្វព្រៃមួយក្បាលៗ ដែលត្រូវបានសម្លាប់ បើគិតជាសាច់មិនច្រើនគីឡូឡើយ ហើយបើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ និងបើគិតពីរសជាតិ ក៏មិនឆ្ងាញ់ដូចសត្វស្រុកទេ ហើយក៏មិនមែនពិសាទៅធ្វើឱ្យយើងមានសុខភាពល្អ ជីវិតអមតៈ ដូចពាក្យចចាមអារាមនោះឡើយ ប៉ុន្តែបើយើងគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗ ពិតជាមានតម្លៃដ៏មហាធំធេងមិនអាចគណនាជាប្រាក់បានឡើយ ហើយសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍ផងដែរ។
លោកបានបញ្ជាក់បន្ថែមថា សាច់សត្វព្រៃដែលបងប្អូនខ្លះហូប បានត្រឹមឆ្អែតមួយបប្រិចភ្នែកប៉ុណ្ណោះ តែវាពិតជាខាតបង់ច្រើនសម្រាប់ជីវៈចម្រុះភពផែនដីរបស់យើង។ ប្រសិនបើសត្វមួយក្បាលដែលអ្នកបានសម្លាប់ នៅរស់វិញ វានឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីយើងកាន់តែល្អប្រសើរ កម្ពុជាសម្បូណ៌ជីវៈចម្រុះ និងអាចទាញចំណូលបានច្រើន ជាងតម្លៃសាច់សត្វដែលអ្នកបានលក់វានៅលើទីផ្សាររាប់រយពាន់ដង។ សត្វព្រៃជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា ការចូលរួមថែរក្សា ការពារនិងអភិរក្សឱ្យបានគង់វង្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។
ដោយឡែក លោកស៊ូ សិរី. អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ និងតំណាងអង្គការអភិរក្សបានបង្ហាញពីការគាំទ្រចំពោះយុទ្ធនាការអន្ទាក់សូន្យនេះ ដោយចាត់ទុកថាជាយុទ្ធនាការដែលនឹងចូលរួមផ្លាស់ប្តូរឥរិយាបថរបស់សាធារណជនលើធនធានធម្មជាតិ និងសត្វព្រៃ។
លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS បានថ្លែងថា «ការទប់ស្កាត់សកម្មភាពដាក់អន្ទាក់នៅក្នុងប្រទេសកម្ពុជា នឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើគ្មានការចូលរួមពីសាធារណជន។ យុទ្ធនាការនេះគឺជាយន្តការមួយប្រកបដោយប្រសិទ្ធភាពសម្រាប់យើងទាំងអស់គ្នាក្នុងការផ្សព្វផ្សាយសារបន្ទាន់ទៅកាន់សាធារណជនដើម្បីបញ្ឈប់ ការប្រើប្រាស់ផលិតផលសត្វព្រៃ ឱ្យបានទាន់ពេលវេលា»។
លោកបណ្ឌិត កែន សេរីរដ្ឋា បានបន្ថែមទៀតថា «អង្គការ WCS សូមទទូចស្នើសុំឱ្យអ្នកពាក់ព័ន្ធទាងអស់ចូលរួមអនុវត្តតាមការអំពាវនាវនេះ ទាំងអ្នកដែលបង្កើតឱ្យមានតម្រូវការប្រើប្រាស់ផលិតផលសត្វព្រៃ និងទាំងអ្នកជួញដូរសាច់សត្វព្រៃ។ សត្វព្រៃគឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ី។ ការចូលរួមរបស់លោកអ្នកថ្ងៃនេះ នឹងធានាដល់ ការរស់រានរបស់សត្វព្រៃនាពេលអនាគត»៕.mara