ដោយ​:​អង្គា​រ៍​ហេង​/​ភ្នំពេញ​: ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះ​លេខ​៤១ ក្នុង​បុរី​ហុង​ឡាយ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​លើ​ទំនុកចិត្ត យកលុយ​ចំនួន ៥១.៩៤០​ដុល្លារ​។

​ស្ត្រី​រូបនេះ​ឈ្មោះ​ទឹម សុធាវី អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៤១ ក្នុង​បុរី​ហុង​ឡាយ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បានឱ្យដឹង​ថា នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ ជនរងគ្រោះ​ឈ្មោះ ម៉ឹង សុខលាភ ភេទ​ប្រុស បាន​ទាក់ទង​ជាមួយ​ហាង​បោះ​ពុ​ម្ភ​អាវ​យីហោ​ហេង​ហួរ នៅ​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​កុម្មង់​ឱ្យ​បោះពុម្ព​អាវ​គណបក្ស​ចំនួន ៥០.០០០​កំ​ប្លេ (​អាវ​+​មូ​ក​) ក្នុងតម្លៃ​ចំនួន ១,៣​ដុល្លារ​ក្នុង​មួយ​កំ​ប្លេ ដែល​សរុប​ទឹកប្រាក់​ទាំងអស់​មាន​ចំនួន ៦៥.០០០​ដុល្លារ ដោយ​ជនរងគ្រោះ បាន​កក់​ប្រាក់​ចំនួន ៣៩.០០០​ដុល្លារ តាម​គណនី​ធនាគារ ABA ទៅឱ្យ​ជនសង្ស័យ​ឈ្មោះ ទឹម សុធាវី ដែលជា​អ្នកគ្រប់គ្រង និង​ចាត់ចែង​ក្នុង​ហាង​បោះពុម្ព​អាវ​យីហោ​ហេង​ហូរ ដើម្បី​ដំណើរការ​ក្នុងការ​កុម្មង់​បោះពុម្ព​អាវ​ចំនួន​៥០.០០០​កំ​ប្លេ (​អាវ​+​មួក​) (​លើក​ទី​១)​។ លុះ​មកដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២ ជនរងគ្រោះ​បាន​កក់​ប្រាក់​ចំនួន ២៦.០០០​ដុល្លារ ទៀត​តាម​គណនី​ធនាគារ​ABA ទៅឱ្យ ឈ្មោះ ទឹម សុធាវី ជា​លើក​ទី​២ ដោយ​កំណត់​ថ្ងៃ​យក​អាវ​មុនពេល ចុះ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ក្នុង​ឆ្នាំ​២០២២​។ បន្ទាប់មក​ជនសង្ស័យ​បាន​បោះពុម្ព​អាវ​សម្រាប់​ផ្តល់ឱ្យ​ជនរងគ្រោះ​ឈ្មោះ​ម៉ឹង សុខលាភ បាន​ចំនួន​៥.០០០​កំ​ប្លេ (​អាវ​+​មួក​) គិត​ជា​ប្រាក់​មាន​ចំនួន​៦.៥០០​ដុល្លារ ។ លុះ​មកដល់​ថ្ងៃ​ជិត​ចុះ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ក្នុង​ឆ្នាំ​២០២២ ជនសង្ស័យ​បានផ្ដល់​អាវ​ចំនួន​១.២០០​កំ​ប្លេ (​អាវ​+​មួក​) គិត​ជា​ប្រាក់​ចំនួន​១.៥៦០​ដុល្លារ នៅសល់​អាវ​ចំនួន ៤៣.៨០០​កំ​ប្លេ (​អាវ​+​មួក​) គិត​ជា​ប្រាក់​មាន​ចំនួន ៥៦.៩៤០​ដុល្លារ ដោយ​ជនសង្ស័យ​ឈ្មោះ ទឹម សុធាវី បានប្រគល់​ប្រាក់​ចំនួន ៥.០០០​ដុល្លារ​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២ ចំពោះ​ចំនួន​អាវ​ដែល​នៅសល់​គឺ​ជនសង្ស័យ​ពុំមាន​អាវ​សម្រាប់​ផ្តល់ឱ្យ​ជនរងគ្រោះ​នោះទេ ទើប​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៩:០០​នាទី ជនរងគ្រោះ​ឈ្មោះ ម៉ឹង សុខលាភ និង​ជំនួយការ​ឈ្មោះ ហេង ម៉ា​រ៉ាណូ បាន​ឃាត់ខ្លួន​សង្ស័យ​ឈ្មោះ ទឹម សុធាវី នាំយកមក​ប្រគល់ជូន​សមត្ថកិច្ច​នគ​របាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី តែម្ដង​។

ដោយមាន​ការសម្របសម្រួល និង​ឯកភាព​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឱ្យ​សមត្ថកិច្ច​នគរបាល ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ទឹម សុធាវី ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ដោយ​ផ្អែក​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ និង ចម្លើយសារភាព​របស់​ជនសង្ស័យ​ថា​ពិតជា​មាន​ករណី​ដូចខាងលើ​ប្រាកដ​មែន​៕​