ដោយ ៖ ស៊ា​ង ចិន្ដា នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​/ភ្នំពេញ៖នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ សមាគម​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​ឃុំ​គគរ គាំទ្រ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​នៅ​ចេ​តី​យ៍​សម្រាប់​សហគមន៍ និង​ដើម្បី​រំឭក​ដល់​ការចងចាំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​របប​ខ្មែរក្រហម​។ ចេ​តី​យ៍​សម្រាប់​សហគមន៍ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ដែលមាន​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ចាម​។

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានស្រោចទឹកកោដ្ឋតម្កល់ក្នុង​ចេ​តី​យ៍​រំឭក​សម្រាប់​សហគមន៍ ដើម្បីឧទ្ទិសកុសលជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ក្នុងទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​ចេ​តី​យ៍​សម្រាប់​សហគមន៍ ត្រូវបាន​កសាង​ជា​និមិត្តរូប​ដើម្បី​រំឭក​ការចងចាំ​ជា​សមូហភាព​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​ខ្មែរក្រហម និង​ជា​វេទិកា​ផ្ទាល់​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​កម្រិត​មូលដ្ឋាន​ដើម្បី​ចែករំលែក​បទពិសោធន៍​ជីវិត​ក្នុង​របប​ខ្មែរក្រហម​ដល់​ក្មេងជំនាន់ក្រោយ ក្នុងការ​ឈ្វេងយល់​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩ ក្នុងភូមិ​សាស្ត្រ​ឃុំ​គគរ ត្រូវបាន​ខ្មែរក្រហម​រៀបចំ​ធ្វើជា​ទីតាំង​ធ្វើ​ទារុណកម្ម សួរចម្លើយ និង​ទីតាំង​សម្លាប់​ប្រជាជន​ចំនួន​៣​កន្លែង​ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​រាប់​រាយ​នាក់​ស្លាប់បាត់​បង់ជីវិត ។ ទីតាំង​សម្លាប់​ទី​១) ការដ្ឋាន​វាលស្រែ​ក្នុងភូមិ​ចំការ​សាមសិប (​ដែលជា​ទីតាំង​ចេ​តី​យ៍​សម្រាប់​សហគមន៍​សព្វ​ថ្ងៃ​)​។ ប្រជាជន​មូលដ្ឋាន ដែល​ប្រព្រឹត្ត​ខុស និង​ប្រជាជន​បញ្ញើ ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់​នៅ​វាលស្រែ​។ ទីតាំង​ទី​២) ឡ​ដុត​ថ្នាំជក់ ដែល​ខ្មែរក្រហម​ប្រើប្រាស់​សម្រាប់​សម្លាប់​ជនជាតិភាគតិច​ចាម​ដែល​រស់នៅ​ភូមិ​ចំការ​សាមសិប និង​ភូមិ​កំពង់ក្របី​។ ជនជាតិភាគតិច​ចាម​ជាច្រើន​គ្រួសារ​ត្រូវបាន​ខ្មែរក្រហម​ដឹក​យកទៅ​សម្លាប់ និង​កប់​នៅក្នុង​ឡថ្នាំ​ជក់​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្ទះ​អ្នកភូមិ​។ ទីតាំង​សម្លាប់​ទី​៣) មន្ទីរ​សន្តិសុខ​វត្ត​គគរ ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៥​។ នៅពេលដែល​កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​ចូលមក​គ្រប់គ្រង​ភូមិសាស្ត្រ​ឃុំ​គគរ រវាង​ពាក់កណ្ដាល​ឆ្នាំ​១៩៧៧ រហូតដល់​ចុងឆ្នាំ​១៩៧៨ ការកាប់សម្លាប់​ប្រជាជន​កើតមាន​កាន់តែ​ច្រើនឡើង​។ ប្រជាជន​មូលដ្ឋាន និង​ជនជាតិភាគតិច​ចាម​ត្រូវបាន​យកទៅ​សម្លាប់​ជា​បន្តបន្ទាប់ ខណៈពេលដែល​អតីត​ក​ម្មា​ភិ​បាល​ភូមិភាគ​បូព៌ា​កម្រិត​មូលដ្ឋាន​ជាច្រើន និង​អ្នកពាក់ព័ន្ធ​ត្រូវបាន​ចាប់​ឃុំឃាំង សួរចម្លើយ និង​សម្លាប់​នៅ​មន្ទីរ​សនិ្ដ​សុខ​ឃុំ​គគរ​។ កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី បាន​ឲ្យ​អ្នកទោស​ជីករណ្ដៅ​សាកសព​រួម​ជាច្រើន​មុនពេល​សម្លាប់​។

លោកយាយ ប៊ុន សេងហាន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានបាត់បង់សមាជិកគ្រួសារសរុបចំនួន៩នាក់ ឧទ្ទិសកុសលជូនក្រុមគ្រួសារ និងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបខ្មែរក្រហម ក្នុងទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ អាជ្ញាធរ​មូលដ្ឋាន អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស បាន​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម នៅក្នុង​បរិវេណ​វត្ត​គគរ​។ នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២​នេះ សំណង់​ចេ​តី​យ៍​សម្រាប់​សហគមន៍​បាន​លេចចេញ​រូបរាង​ឡើងជ​លើកដំបូង ​នៅ​ភូមិសាស្ត្រ​ឃុំ​គគរ ដែល​អាច​ឲ្យ​ប្រជាជន​មូលដ្ឋាន​រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ​នៅ​ចេ​តី​យ៍​សម្រាប់​សហគមន៍​នេះ នៅ​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២​នេះ​។

​នៅក្នុង​ពិធីសូត្រមន្ត​បង្សុកូល​ឧទ្ទិស​ដល់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម លោកយាយ ប៊ុន សេង​ហាន អាយុ​៧៦​ឆ្នាំ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម រស់នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម បាន​រៀបរាប់ថា «​ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត​រាល់​ពេលដែល​ខ្ញុំ​នឹកឃើញ​ពី​ការស្លាប់​របស់​ប្ដី និង​បងប្អូន​ប្រុស​ស្រី​របស់ខ្ញុំ​សរុប​ចំនួន​៩​នាក់​ក្នុង​របប​ខ្មែរក្រហម​។ ជា​រៀងរាល់ឆ្នាំ ខ្ញុំ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ឧទ្ទិស​កុសល​ជូន​គ្រួសារ​ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​នៅផ្ទះ​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ ខ្ញុំ​អាច​ចូល​រួមការ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ​ក្នុង​មូលដ្ឋាន​របស់ខ្ញុំ ដែលមាន​ការកសាង​ចេ​តី​យ៍​សម្រាប់​សហគមន៍​នេះ​។ ខ្ញុំ​រំភើប​ផង និង​នឹកឃើញ​ពេលវេលា​នៃ​ការបាត់បង់​គ្រួសារ​ផង នៅពេលដែល​ព្រះសង្ឃ​សូត្រមន្ត​។ ខ្ញុំ​សូម​ឧទ្ទិស​កុសល​ជូន​គ្រួសារ​របស់ខ្ញុំ និង​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​ខ្មែរក្រហម​»​។​

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចូលរួមប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលនៅ​ចេ​តី​យ៍​រំឭក​សម្រាប់​សហគមន៍ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

​លោក សៀង ស៊ី​ផាន ក្រុមប្រឹក្សារ​ឃុំ​គគរ បាន​លើកឡើងថា «​នៅ​ថ្ងៃទី​២០ ខែឧសភា គឺជា​ថ្ងៃមួយ​ដែល​ប្រជាជន​កម្ពុជា​ត្រូវតែ​ចងចាំ​ពី​រងទុក្ខវេទនា និង​ការកាប់សម្លាប់​ប្រជាជន​។ យើង​មិនអាច​បំភ្លេច​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​ទាំង​នៅ​កម្រិត​មូលដ្ឋាន និង​ទូទាំងប្រទេស​ទេ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​ជួយ​កសាង​ចេ​តី​យ៍​សម្រាប់​សហគមន៍​នេះ​ជា​និមិត្តរូប​សម្រាប់​ឲ្យ​អ្នក​រស់រានមានជីវិត​សិស្សានុសិស្ស និង​ប្រជាជន​មូលដ្ឋាន​អាចមក​ចែករំលែក​បទពិសោធន៍​ជីវិត និង​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​»​។​

ជា​ចុងក្រោយ លោក តុង សុភា អ្នក​រស់រានមានជីវិត និង​ជា​តំណាង​សមាគម​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ក្នុង​មូលដ្ឋាន​ឃុំ​គគរ បញ្ជាក់ថា «​ចេ​តី​យ៍​រំឭក​សម្រាប់​សហគមន៍​នេះ​ជា​និមិត្តរូប​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​នៅ​មូលដ្ឋាន​ឃុំ​គគរ និង​នៅ​ទូទាំងប្រទេស​កម្ពុជា​។ សម្រាប់​ខ្ញុំ ការ​ប្រារព្ធ​ទិវា​ចងចាំ​នេះ គឺមាន​សារសំខាន់​ខ្លាំងណាស់ ដែល​អាចជួយ​ឲ្យ​អ្នក​រស់រានមានជីវិត​និយាយប្រាប់​ពីអ្វី​ដែល​បាន​កើតឡើង​នៅក្នុង​មូលដ្ឋាន​ទៅកាន់​ក្មេងៗ​ជំនាន់​ក្រោយ ដើម្បី​ទប់ស្កាត់​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​កុំ​ឲ្យ​កើតឡើង​ម្តងទៀត​»​៕សរន

ចេ​តី​យ៍​រំឭក​សម្រាប់​សហគមន៍ ស្ថិតនៅកណ្ដាលវាលស្រែ ក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចូលរួមប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលនៅ​ចេ​តី​យ៍​រំឭក​សម្រាប់​សហគមន៍ នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)