ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប “​ទិវា​ជាតិ​នៃ​ការចងចាំ​” ស្ថិតនៅ​បរិវេណ​ស្តូប​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ភូមិ​តាណរ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ។

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជា​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង លោក លោកស្រី ប្រធាន​មន្ទី​-​អង្គភាព​នានា​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ សិស្ស និស្សិត យុវជន ស​.​ស​.​យ​.​ក ខេត្ត យុវជន​កាកបាទ ព្រះសង្ឃ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​សរុប​ចំនួន​៨២៩​អង្គ​/​នាក់​។

​នៅក្នុង​ពិធី​នេះ​លោក​អភិបាលខេត្ត​បាន​អាន​នូវ​ខ្លឹមសារ​សំខាន់ៗ​ដើម្បី​រំលឹក​នូវ​ប្រវត្តិសាស្ត្រ​ជូរចត់​របស់​ប្រជាជន​កម្ពុជា ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ហើយក៏​ជា​សារ​មួយ​នៃ​ការចងចាំ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​រួមមាន​÷

១.​ចងចាំ​ជានិច្ច​នូវ​សោកនាដកម្ម​រយៈពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ដែល​បាន​ប្រព្រឹត្តឡើង​ដោយ​ពួក​ប្រល័យពូជសាសន៍​ប៉ុលពត​មកលើ​ប្រទេស​កម្ពុជា​។​
២.​ដឹងគុណ​ជានិច្ច​ដោយ​មិនអាច​បំភ្លេចបាន​នូវ​ទិវា​ជ័យជម្នះ​៧ មករា ១៩៧៩ ដែលជា​ថ្ងៃ​រំដោះប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ឱ្យ​រស់រានមានជីវិត​ឡើងវិញ​។​
៣.​ប្រែក្លាយ​ស្មារតី​ចងកំហឹង​ឈឺចាប់​ទៅជា​ការខិតខំ​ប្រឹងប្រែង​ការពារ ស្ថាបនា​មាតុភូមិ​កម្ពុជា​ឱ្យ​កាន់តែ​សម្បូរ​សប្បាយ និង​រីកចម្រើន​រុងរឿង​ជា​និរន្ត​ន៍​។​
៤.​ពង្រឹងពង្រីក​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​រឹងមាំ និង​ប្តេជ្ញា​ឈរលើ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ត្រៀមខ្លួន​ជានិច្ច​ចូលរួម និង​អនុវត្ត​សំដៅ​ការពារ​ឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​។​
៥.​ប្រឆាំង​ដាច់ខាត​ចំពោះ​ពួក​ជ្រុលនិយម​មួយចំនួន​ដែល​ល្មោភ​អំណាច និង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពិសេស​ទិវា​ជ័យជម្នះ ៧ មករា​៕​