ដោយៈ ទូច វ​ណ្ណេ​ត បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​/កំពង់ចាម៖កាលព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២ គរុ​សិស្ស​ឆ្នាំ​ទី​១ ចំនួន​២៧​នាក់ (​ស្រី​២០​នាក់ និង ប្រុស​៧​នាក់​) នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម បាន​ទស្សនា «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ខ្មែរក្រហម​» ខេត្តកំពង់ចាម ដែល​ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​។​

គរុ​សិស្ស​មកពី​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម ទស្សនា​វីដេអូ​ឯកសារ​ដែលមាន​ចំណងជើង​ថា «​កុំ​ស្មាន​បង​ភ្លេច​៖ ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​» ដែល​រំឭក​អំពី​តន្ត្រី វប្បធម៌ និង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម បានទទួល​ស្វាគមន៍ និង​នាំ​គរុ​សិស្ស​ចូលរួម​ទស្សនា​ពិព័រណ៍​រូបថត និង​ការ​ដាក់តាំង​សម្ភារ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដើម្បី​បង្កើន​ការចង់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ ក្នុងឱកាស​ទស្សនកិច្ច​នេះ លោក ស៊ា​ង ចិន្ដា នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម បានបង្ហាញ​គរុ​សិស្ស​នូវ​កម្មវិធី​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​បណ្ណសារ​ខ្មែរក្រហម​ដែល​តម្កល់​នៅ «​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ខ្មែរក្រហម​» ខេត្តកំពង់ចាម​នេះ និង​ជំរុញ​ឲ្យ​គរុ​សិស្ស​ទាំងអស់ ជាពិសេស​គរុ​សិស្ស​ដែល​រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​បន្ត​មកកាន់​ទីតាំង​នេះ ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ប្រើប្រាស់​ការិយាល័យ​នេះ​សម្រាប់​សិក្សា​ស្រាវជ្រាវ​។ ការិយាល័យ​ស្រាវជ្រាវ​និង​បណ្ណាល័យ​ខ្មែរក្រហម​ត្រូវបាន​បំពាក់​គ្រឿង​បរិក្ខា​ទំនើប និង​សម្បូរបែប​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ពី​របប​ខ្មែរក្រហម​។

គរុ​សិស្ស​មកពី​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម ថតរូប​ជុំគ្នា​នៅ​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ខ្មែរក្រហម ខេត្តកំពង់ចាម​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ជា​កិច្ច​បន្ត គរុ​សិស្ស​បាន​ទស្សនា​វីដេអូ​ឯកសារ​ដែលមាន​ចំណងជើង​ថា «​កុំ​ស្មាន​បង​ភ្លេច​៖ ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​» ដែល​រំឭក​អំពី​តន្ត្រី វប្បធម៌ និង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ គរុ​សិស្ស​ទាំងអស់​អង្គុយ​ទស្សនា​វីដេអូ «​កុំ​ស្មាន​បង​ភ្លេច​» យ៉ាង​ស្ងៀមស្ងាត់ និង​យកចិត្តទុកដាក់​។

​បន្ទាប់ពី​បាន​ទស្សនា​វីដេអូ​ឯកសារ គរុ​សិស្ស​បាន​សួរ​សំណួរ និង​បាន​ពិភាក្សា​ជុំវិញ​ប្រធានបទ​ប្រវត្តិសាស្ត្រ​កម្ពុជា​។ នៅក្នុង​ឱកាស​នោះ​គរុ​សិស្ស​ទទួលបាន​ទស្សនាវដ្ដី​ស្វែងរក​ការពិត​បោះពុម្ព​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​អាន និង​ឈ្វេងយល់​បន្ថែម​អំពី​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។
ជា​ចុងក្រោយ គរុ​សិស្ស​ចូលរួមបាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ដូចខាងក្រោម​៖

ហង្ស ស្រី​ទូច គរុ​សិស្ស​ឆ្នាំ​ទី​១ ឯកទេស​ភាសា​ខ្មែរ​និង​ពលរដ្ឋ នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម មកពី​ខេត្តក្រចេះ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ហង្ស ស្រី​ទូច គរុ​សិស្ស​ឆ្នាំ​ទី​១ ឯកទេស​ភាសា​ខ្មែរ​និង​ពលរដ្ឋ នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម មកពី​ខេត្តក្រចេះ លើកឡើងថា «​នាង​ខ្ញុំ​ទទួលបាន​អ្វីដែល​ថ្មី​ទាក់ទង​ប្រវត្តិសាស្ត្រ និង​តន្ត្រី​ខ្មែរ​។ វីដេអូ​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ប្រវត្តិ​អតីតកាល​ដ៏​កម្សត់​របស់​ប្រជាជន​កម្ពុជា​។ នាង​ខ្ញុំ​បានដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​តាមរយៈ​ការសិក្សា​នៅ​ថ្នាក់​ទី​១២ និង​ពី​ឪពុកម្ដាយ​ខ្ញុំ ប៉ុន្តែ​កម្មវិធី​ថ្ងៃនេះ​បានធ្វើ​ឲ្យ​នាង​ខ្ញុំ​យល់ដឹង​បន្ថែមទៀត​ពី​ប្រវត្តិសាស្ត្រ​នេះ​។ នាង​ខ្ញុំ​នឹង​យក​ចំណេះដឹង​ដែល​ទទួលបាន​ថ្ងៃនេះ​ទៅ​ចែករំលែក​ជាមួយ​គរុ​សិស្ស​ផ្សេងទៀត និង​សួរ​បន្ថែម​អំពី​រឿងរ៉ាវ​ដែល​ឪពុកម្ដាយ​របស់ខ្ញុំ​បាន​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​»​។​

ព្រឿង កែវ​វា​នាថ គរុ​សិស្ស​ឆ្នាំ​ទី​១ ឯកទេស​ភាសា​ខ្មែរ និង​ពលរដ្ឋ នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម មកពី​ខេត្តកំពង់ធំ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ព្រឿង កែវ​វា​នាថ គរុ​សិស្ស​ឆ្នាំ​ទី​១ ឯកទេស​ភាសា​ខ្មែរ និង​ពលរដ្ឋ នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម មកពី​ខេត្តកំពង់ធំ ចែករំលែក​ចំណាប់អារម្មណ៍​ថា «​នៅពេលដែល​មើលរូប​ថត​ស​ខ្មៅ ដាក់​តាំងនៅ​បណ្ណាល័យ​ខ្មែរក្រហម​ដំបូង នាង​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​។ ខ្ញុំ​ធ្លាប់​ដឹង​រឿង​រ៉ាង​កើត​ក្នុង​របប​ខ្មែរក្រហម តាមរយៈ​ការនិយាយ​ប្រាប់​របស់លោក​តា​លោកយាយ ប៉ុន្តែ​ខ្ញុំ​មិន​យល់ដឹងបាន​ទាំងអស់​នោះឡើយ​។ ឈាមក្រហម​ឆ្អៅ​នៅក្នុង​វីដេអូ គឺជា​ឃ្លា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ភ័យ​តក់ស្លុត​ខ្លាំង​។ ជា​ចុងក្រោយ នាង​ខ្ញុំ​យល់ថា​កម្មវិធី​ចាក់​បញ្ចាំង​វីដេអូ​ឯកសារ​ខ្មែរក្រហម និង​ការជជែក​សួរដេញដោល​នេះ​គឺ​ល្អ​ណាស់​សម្រាប់​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ដូចជា​នាង​ខ្ញុំ​បានដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​»​។​

សែម មឿង គរុ​សិស្ស​ឆ្នាំ​ទី​១ ឯកទេស​គណិត និង​រូបវិទ្យា នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម មកពី​ខេត្តឧត្ដរមានជ័យ​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​សែម មឿង គរុ​សិស្ស​ឆ្នាំ​ទី​១ ឯកទេស​គណិត និង​រូបវិទ្យា នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម មកពី​ខេត្តឧត្ដរមានជ័យ បាន​រៀបរាប់ថា «​ខ្ញុំ​ទទួលបាន​ចំណេះដឹង​បន្ថែម​ទាក់ទង​នឹង​ទុក្ខវេទនា និង​ការហូបចុក​មិន​គ្រប់គ្រាន់​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ការ​ទស្សនា​ពិព័រណ៍​រូបថត និង​សម្ភារ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​, ការមើល​វីដេអូ​ឯកសារ និង​ការពន្យល់​បន្ថែម​ដោយ​លោកគ្រូ ចិន្តា​។ ខ្ញុំ​នឹង​មក​ទីនេះ​ម្ដងទៀត​ដើម្បី​ស្រាវជ្រាវ​និង​ទទួលបាន​ការយល់ដឹង​បន្ថែមទៀត ក្នុងអំឡុងពេល​រៀនសូត្រ​របស់ខ្ញុំ​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​នេះ​»៕សរន

​គរុ​សិស្ស​មកពី​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម ទស្សនា​វីដេអូ​ឯកសារ​ដែលមាន​ចំណងជើង​ថា «​កុំ​ស្មាន​បង​ភ្លេច​៖ ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​» ដែល​រំឭក​អំពី​តន្ត្រី វប្បធម៌ និង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)