ដោយ ៖ ផេង ពង្ស​រ៉ាស៊ី នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ​/តាកែវ៖​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២ អ្នក​រស់រានមានជីវិត​ពីរ​បប​ខ្មែរក្រហម​រស់នៅ​ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ទទួលបាន​សំណង់​ចេ​តី​យ៍​សមូហភាព​មួយ និង​ផ្ទាំង​ពាក្យស្លោក​រំឭក​ពី​ការចងចាំ​មួយ សាងសង់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្រោម​ជំនួយ​ទ្រទ្រង់​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​។ សំណង់​ទាំងពីរ​នេះ បាន​សាងសង់​រួចរាល់​នៅ​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០២២ នៅលើ​ទីតាំង​ដី «​ព្រៃ​ធាតុ​ដើមឈើ​ទាល​កោង​» ស្ថិតនៅ​ភូមិ​កំពង់ស្វាយ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ តាម​ការស្នើសុំ​របស់​មេ​ឃុំ​តា​ភេ​ម​ឈ្មោះ ស៊ុំ ផា​សឺត កាលពី​ចុងឆ្នាំ​២០២១ កន្លងមក​។

អ្នកចូលរួម​កម្មវិធី​សម្ភោ​ធ​ចេ​តី​យ៍​ថតរូប​ជុំគ្នា​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

«​ព្រៃ​ធាតុ​ដើមឈើ​ទាល​កោង​» គឺជា​ដី​សាធារណៈ​មួយកន្លែង​ដែល​ប្រើប្រាស់​ធ្វើជា​កន្លែង​កប់​អដ្ឋិធាតុ​អ្នកភូមិ​តាំងពី​មុន​របប​សង្គម​រាស្ត្រនិយម​មកម្ល៉េះ​។ ខណៈពេលដែល​ប្រទេសជាតិ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​របប​សាធារណរដ្ឋ​ខ្មែរ និង​របប​ខ្មែរក្រហម បរិវេណ​ដីព្រៃ​ធាតុ​ដើមឈើ​ទាល​កោង គឺជា​ដីព្រៃ​គ្មាន​មនុស្ស​រស់នៅ ហើយ​មាន​សាកសព​មួយចំនួន​ដែល​ស្លាប់​ដោយសារ​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព លន់ នល់ និង​ក្រុមខ្មែរក្រហម​ក្នុងអំឡុង​ឆ្នាំ​១៩៧៣ ក៏ត្រូវ​សែង​យកមក​កប់​នៅទីនេះ​ដែរ​។ ក្រោយ​ឆ្នាំ​១៩៧៩ «​ព្រៃ​ទួល​ធាតុ​ដើមឈើ​ទាល​កោង​» លែងមាន​ម្ចាស់​គ្រប់គ្រង​ទៀតហើយ ហើយ​អ្នកភូមិបាន កំណត់​យក​ទីតាំង​នេះ​ធ្វើជា​កន្លែង​កប់​អដ្ឋិធាតុ​អ្នកស្លាប់ នៅក្នុង​ឃុំ​តា​ភេ​ម​ទាំងមូល​រហូតមកដល់​បច្ចុប្បន្ន​។

​សព្វថ្ងៃនេះ «​ទីតាំង​ព្រៃ​ធាតុ​ដើមឈើ​ទាល​កោង​» មាន​ទំហំ​ដី​ជិត​មួយ​ហិកតា ខណៈ​ពីមុនមក ទីតាំង​នេះ​មាន​ត្រឹមតែ​ជាង​១០​ម៉ែត្រ​បួន​ជ្រុង​ប៉ុណ្ណោះ​។ តាម​ប្រសាសន៍​រៀបរាប់​របស់ អាចារ្យ ឃួន គឹម​ម៉ន ដែល​អះអាងថា​គាត់​បាន​បរិច្ចាក​ដី​រប​ស់​គាត់​ចូល​ជា​ចំណែក​ដីព្រៃ​ធាតុ​នេះ​បាន​ប្រាប់ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ដីព្រៃ​ធាតុ​ដើមឈើ​ទាល​មាន​ទំហំ​ធំ​ជាង​មុន ព្រោះ​មាន​អ្នក​បរិច្ចាក​ដី​ផ្ទាល់ខ្លួន​ចំនួន​បីនាក់​គឺ យាយ ហៀ​ង​, តា ឈី​វ និង​ខ្លួន​គាត់​ផ្ទាល់​។

ផ្ទាំង​ពាក្យស្លោក​រំ​ឮ​ក​ពី​ការចងចាំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​(​វង្ស សុជាតា / មន្ត្រី​ទី​ភ្នា​ក់​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​)

​នៅវេលា​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ និង​ប្រគល់​សំណង់​ចេ​តី​យ៍​ព្រមទាំង​ផ្ទាំង​ពាក្យស្លោក​រំឭក​ពី​ការចងចាំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាជន​រស់នៅក្នុង​ឃុំ​តា​ភេ​ម បានចាប់ផ្តើម​ឡើង ដោយមាន​ការចូលរួម​ពី​មេឃុំ​តា​ភេ​ម​លោក ស៊ុំ ផា​សឺត មេភូមិ​គ្រប់​ភូមិ អ្នក​រស់រានមានជីវិត​ចំនួន​៣០​នាក់ សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ចំនួន​១០​នាក់ តំណាង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ និង​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចំនួន​៦​នាក់​។

លោក​មេឃុំ​តា​ភេ​ម​ឡើង​ថ្លែង​នៅក្នុង​កម្មវិធី​សម្ភោ​ធ​ចេ​តី​យ៍​និង​ផ្ទាំង​ពាក្យស្លោក​រំ​ឮ​ក​ពី​ការចងចាំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

មេឃុំ​តា​ភេ​ម បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ​ចំពោះ​សមិទ្ធិផល​ថ្មី​នេះ ព្រមទាំង​អាន​សុន្ទរកថា​ស្តីអំពី​បទពិសោធន៍​រប​ស់គា​ត់ និង​ប្រជាជន​ឯទៀត​ដែល​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម​។ លោក​មេឃុំ ក៏បាន​ផ្តាំផ្ញើ​ដល់​អ្នក​រស់រានមានជីវិត​ទាំងអស់​ដែលមាន​វត្តមាន​នៅក្នុង​ពិធី ក៏ដូចជា​ប្រាប់​ទៅ​មេភូមិ​ទាំងអស់​ឲ្យ​ជូនដំណឹង​ដល់​អ្នក​រស់រានមានជីវិត​ក្នុងភូមិ​រៀងខ្លួន ឲ្យ​នាំយក​អដ្ឋិធាតុ​សាច់ញាតិ​របស់ខ្លួន​ដែល​ស្លាប់​ក្នុង​របប​ខ្មែរក្រហម មក​ដាក់​នៅក្នុង​ចេ​តី​យ​នេះ ចាប់​ពីថ្ងៃ​សម្ពោធ​នេះ​តទៅ​។ ចុងបញ្ចប់​នៃ​សុន្ទរកថា​របស់គាត់ លោក​មេឃុំ​បានស្នើ​សុំ​ឲ្យ​មានការ​សាងសង់​រោង​មួយ​មាន​ទំហំ​ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​១០​ម៉ែត្រ ដើម្បី​ទុក​ធ្វើជា​កន្លែង​ប្រារព្ធ​ធ្វើ​ពិធី​សាសនា​ផ្សេងៗ និង​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​ដែល​រៀបចំ​ដោយ​សមាគម​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម នាពេល​អនាគត​។

លោក ផេង ពង្ស​រ៉ាស៊ី នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ ឡើង​ថ្លែង​នៅក្នុង​កម្មវិធី​សម្ភោ​ធ​ចេ​តី​យ៍ និង​ផ្ទាំង​ពាក្យស្លោក​រំ​ឮ​ក​ពី​ការចងចាំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​លោក ផេង ពង្ស​រ៉ាស៊ី នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ ថ្លែង​ពី​ដំណើរការ​នៃ​ការសាងសង់​ចេ​តី​យ៍ និង​ផ្ទាំង​ពាក្យស្លោក​រំ​ឮ​ក​ពី​ការចងចាំ​ង ព្រមទាំង​បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការសាងសង់​សំណង់​នេះ ពន្យល់​ពី​អត្ថន័យ​នៃ​ផ្ទាំង​ពាក្យស្លោក ការបង្កើត​សមាគម​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ការអប់រំ​ក្រៅផ្លូវការ​ស្តីអំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែល​គ្រោង​នឹង​រៀបចំឡើង​នៅលើ​ទីតាំង «​ព្រៃ​ធាតុ​ដើមឈើ​ទាល​កោង​» ចាប់ពីពេលនេះ​តទៅ​។ លោក​ក៏បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​រស់រានមានជីវិត​ទាំងអស់ សហការ​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​ឆ្លងកាត់​របប​ខ្មែរក្រហម ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​ត្រូវជា​កូន ចៅ និង​ចៅទួត​របស់ខ្លួន​។ នៅក្នុង​ឱកាស​នេះដែរ រ៉ាស៊ី ក៏បាន​ពន្យល់​ត្រួសៗ​ពី​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​ជ្រើស​រើសយក​ថ្ងៃ​២០ ខែឧសភា ធ្វើជា​ពិធី​រំឭក​ការចងចាំ នៅក្នុង​ប្រទេស​កម្ពុជា​។ ការពន្យល់​នេះ គឺ​សំដៅ​ទៅកាន់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​គិតគូរ​ឡើងវិញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​ការសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដើម្បី​ការចងចាំ និង​ការផ្សះផ្សា​។

កញ្ញា វង្ស សុជាតា តំណាង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ឡើង​ថ្លែង​នៅក្នុង​កម្មវិធី​សម្ភោ​ធ​ចេ​តី​យ៍​និង​ផ្ទាំង​ពាក្យស្លោក​រំ​ឮ​ក​ពី​ការចងចាំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​បន្ទាប់មក កញ្ញា វង្ស សុជាតា តំណាង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ បាន​ថ្លែង​ពី​ទំនាក់ទំនង​ល្អ​រវាង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ក្នុង​ការផ្តល់​ការគាំទ្រ​ទាំង​ស្មារតី និង​ថវិកា​ក្នុងការ​អភិវឌ្ឍ​ការអប់រំ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅក្នុង​មូលដ្ឋាន​។

មុននឹង​បញ្ចប់​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សំណង់​ចេ​តី​យ៍​និង​ផ្ទាំង​ពាក្យស្លោក​នេះ លោក​មេភូមិ​កំពង់ស្វាយ​ឈ្មោះ សួស រ៉ា បាន​ឡើង​មាន​យោបល់​ទៅកាន់​អ្នកចូលរួម និង​គណៈប្រតិភូ​ទាំងអស់​ថា អ្នកភូមិ​របស់គាត់​មានសំណាង​ជាងគេ​ក្នុងការ​ទទួលបាន​សំណង់​ទាំងពីរ​នេះ ព្រោះថា​នេះ​ជា​លើកដំបូង​បង្អស់​ហើយ​ដែល​ឃុំ​តា​ភេ​ម​ទទួលបាន​សមិទ្ធផល​រួម​សម្រាប់​អ្នកភូមិ​ទាំងអស់​ក្នុង​ឃុំ​។ លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ទីភ្នាក់ងារ​សហរដ្ឋអាម៉េរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ ដែល​បាន​សាងសង់​សំណង់​ទាំងពីរ​នេះ​ឡើង ហើយ​លេច​ត្រដែត​នៅក្នុង​ភូមិ​កំពង់ស្វាយ​។ ចុងបញ្ចប់ លោក​បាន​ប្តេជ្ញា​ថា លោក​និង​កៀងគរ​កម្លាំង​ប្រជាជន​ក្នុងភូមិ​ឲ្យ​ចូលរួម​ថែរក្សា​សំណង់​នេះ​ឲ្យ​ស្ថិតនៅ​គង់វង្ស​រហូត​តទៅ​។ កម្មវិធី​សម្ពោធ បានបញ្ចប់​នៅត្រឹម​ម៉ោង​១០​កន្លះ ជាមួយនឹង​ការថតរូប​ជុំគ្នា​ជា​អនុស្សាវរីយ៍ និង​ការហូប​នំ​បញ្ចុក​ជុំគ្នា​បន្ទាប់ពី​កម្មវិធី​៕សរន

ព្រះសង្ឃ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​សិស្សានុសិស្ស​ចូលរួម​កម្មវិធី​សម្ពោធ​ចេ​តី​យ៍​និង​ផ្ទាំង​ពាក្យស្លោក​រំ​ឮ​ក​ពី​ការចងចាំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អ្នកចូលរួម​កម្មវិធី​សម្ភោ​ធ​ចេ​តី​យ៍​ថតរូប​ជុំគ្នា​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)