ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បើក ការដ្ឋាន​កសាង​ផ្លូវ​បេតុង ប្រវែង​ជាង ២.០០០ ម៉ែត្រ និង​ជួប​សួរសុខទុក្ខ ចែក​អំណោយ ជូន ប្រជាពលរដ្ឋ ជាង ៤០០ គ្រួសារ នៅក្នុង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង​។​

​ក្នុង​ពិធី​នេះ ក៏មាន​ការចូលរួម​ពី​លោកស្រី កែ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង លោក កែវ វ៉ាន់​ដេ​ត ព្រមទាំង​លោក លោកស្រី ក្រុមការងារ​ជាតិ​ថ្នាក់កណ្ដាល ចុះ​ពង្រឹង ស្រុក​កំពង់លែង ព្រមទាំង​ក្រុមការងារ​ថ្នាក់​ខេត្ត ថ្នាក់ស្រុក និង​អាជ្ញាធរ​ឃុំ ។​

​នៅក្នុង​ពិធី​នេះ លោកស្រី កែ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង បាន​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ថាៈ រយៈពេល​ជាង ៤០ ឆ្នាំ កន្លងមកនេះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុ វត្ត​គោលនយោបាយ​បង្រួបបង្រួម​ជាតិ យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ បាន​ចប់​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ បាន​ដោយ​ជោគជ័យ និង​បាន​កសាង​អភិវឌ្ឍន៍​ជាតិ លើ​គ្រប់​វិស័យ តាំងពី​ទីក្រុង​រហូត ដល់​ជនបទ និង​ធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព ប្រជាពលរដ្ឋ មាន​សិទ្ធិសេរីភាព មាន​ជីវភាព​រស់នៅ​ល្អប្រសើរ ។ ដោយឡែក នៅពេល​ប្រទេសជាតិ ជួបនឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ សម្ដេច​តេ​ជោ បាន​ស្វះស្វែង​ទិញ វ៉ាក់សាំង មកចាក់​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ដើម្បី​ជួយសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់ពូជសាសន៍ និន្នាការ​នយោបាយ ។

​នៅក្នុង​ពិធី​នេះដែរ លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ ក៏បាន​បកស្រាយ នូវ​សំណូមពរ របស់​ប្រជាពលរដ្ឋ ថា ទាក់ទង​នឹង​ការដកហូត​ដី​តំបន់​៣ កន្លងមក គឺ​រដ្ឋាភិបាល ពិនិត្យឃើញ​ពួក​ឈ្មួញ​មួយចំនួន បាន​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​តំបន់​៣ រាប់ពាន់​រាប់ម៉ឺន​ហិកតា ដែល​ធ្វើឱ្យ​បាត់បង់​ព្រៃ​លិច ទឹក ជុំវិញ​បឹង​ទន្លេសាប ។

​ចំពោះ​ដី​តំបន់ ៣ មួយចំនួន របស់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល តាំងពី​ដូនតា​មក​នោះ អាជ្ញាធរ​ស្រុក ខេត្ត បាន​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​រួចហើយ ដែល​សង្ឃឹមថា ក្នុងពេល​ខាងមុខនេះ រាជរដ្ឋាភិបាល នឹង​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​យើង​វិញ​។​

​ចំពោះ​ការបង្ក្រាប​បទល្មើស​នេសាទ ក៏​ដូចគ្នា គឺ​គោលដៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង អាជ្ញាធរខេត្ត គឺ​បង្ក្រាប​មើល​របស់​ឈ្មួញ​ទុច្ចរិត​ធំៗ អ្នក​ឆក់​ត្រី​ខុសច្បាប់ ដែល​ធ្វើឱ្យ​មច្ឆជាតិ បាត់បង់ ។

​ចំពោះ​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ របស់​ប្រជាពលរដ្ឋ គឺ​ប្រមុខ​រាជរដ្ឋាភិបាល និង​អាជ្ញា ធរ​ខេត្ត មិន​ហាមឃាត់​ឡើយ គឺ​យើង​ត្រូវតែ​រួមគ្នា ទប់ស្កាត់​បទល្មើស​នេសាទ យើង​រួមគ្នា​ដាំ ព្រៃ​លិច​ទឹក ឱ្យបាន​ច្រើន​លើដី​តំបន់ ៣ ដែល​បាន​ដកហូត ទើប​ត្រី​គ្រប់​ប្រភេទ នៅក្នុង​បឹង ទន្លេសាប​យើង សំបូរ​ឡើងវិញ ។​

​នៅក្នុង​ពិធី​នេះដែរ លោក​អភិបាលខេត្ត លោកស្រី​តំណាងរាស្ត្រ និង​ក្រុមការងារ បាន​ចែក​អំ ណោ​យ​ជូន​ប្រជាពលរដ្ឋ ជាង ៤០០ គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្គរ ២០ គីឡូ​, មី​មួយ​កេស​, ត្រីខ ១​យួរ​, ទឹកត្រី ១​យួរ និង​ថវិកា ១ ម៉ឺន​រៀល ។ ដោយឡែក ប្រជាពលរដ្ឋ ដែល​មកពី​ឃុំ​ច្រ​ណូ​ក ជាង ៥០ គ្រួសារ ទទួលបាន​សារុង​១ និង​ថវិកា ២ ម៉ឺន​រៀល​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្រី តំណាងរាស្ត្រ ក៏បាន​ចូលរួម​បើក​ការដ្ឋាន​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែ មាន​ប្រវែង​ជាង ២ ពាន់​ម៉ែត្រ នៅក្នុង​ភូមិ​សំរោង​សែន និង​ភូមិ​ប៉ប្រក ក្នុង​ឃុំ​សំរោង​សែន ។ ទន្ទឹមនឹងនេះ លោក​អភិបាល ខេត្តកំពង់ឆ្នាំង ក៏បាន​បញ្ជាក់​ពី​ការជួយ​ជួសជុល ផ្លូវលំ​ប្រវែង​ជាង ៧ ពាន់​ម៉ែត្រ ពី​ឃុំ​សំរោង​សែន ទៅ​ឃុំ​ដារ ក្នុងស្រុក​កំពង់លែង ផងដែរ ដើម្បី​ជួយ​សម្រួល​ដល់ ការធ្វើ​ចរាចរណ៍ ជូន​ប្រជាពលរដ្ឋ ៕/V​