​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាង​ចុងក្រោយ ឯកសារ​ផែនទី​បង្ហាញផ្លូវ​យុទ្ធសាស្ត្រ ស្តីពី​ទីក្រុង​វៃឆ្លាត និង​មាន​ចីរភាព របស់​រាជធានី​ភ្នំពេញ ឆ្នាំ​២០២២-២០៣៥ នៅ​សាលប្រជុំ​ជាន់​ទី​១១ អគារ គ សាលា​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៩ ឧសភា កន្លងទៅនេះ ដោយមាន​ការចូលរួម​ពី សំណាក់​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់ របស់​ក្រសួង​-​ស្ថាប័ន​ជំនាញ និង​អ្នកជំនាញការ ពាក់ព័ន្ធ​ជាច្រើនរូប​។​

​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គណៈកម្មការ​សិក្សា និង​ប្រតិ​ប​តិ្ត គម្រោង​អភិវឌ្ឍន៍ រាជធានី​ភ្នំពេញ ប្រកបដោយ​ចីរភាព និង​ភាព​វៃឆ្លាត តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ថាៈ រាជធានី​ភ្នំពេញ គឺជា​សមាជិក​មួយ នៃ​បណ្តាញ​ទីក្រុង​វៃឆ្លាត អាស៊ាន (ASEAN Smart City Network) ចាប់តាំងពី​ឆ្នាំ​២០១៨ ហើយ​នៅក្នុង​ក្របខណ្ឌ នៃ​ដៃគូ​កិច្ច​សហ ប្រតិបត្តិការ ជាមួយ​សមាគម​អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) និង​ដោយមាន​ការចង្អុលបង្ហាញ ពី​រាជរដ្ឋាភិបាល តាមរយៈ​ក្របខណ្ឌ​គោលនយោបាយ សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា (២០២១-២០៣៥) ក្រុមការងារ​រដ្ឋបាល​រាជធានី បានរៀបចំ​សេចក្តីព្រាង ឯកសារ​ផែនទី​បង្ហាញផ្លូវ​យុទ្ធសាស្ត្រ ស្តីពី​ទីក្រុង​វៃឆ្លាត និង​មាន​ចីរភាព របស់​រាជធានី​ភ្នំពេញ ឆ្នាំ​២០២២-២០៣៥ របស់ខ្លួន​។​

​ឯកសារ​នេះ បាន​ឆ្លង​គណៈកម្មការ​សិក្សា និង​ប្រតិ​ប​តិ្ត​គម្រោង​អភិវឌ្ឍន៍ រាជធានី​ភ្នំពេញ ប្រកបដោយ​ចីរភាព និង​ភាព​វៃឆ្លាត ដែលមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជា​ប្រធាន​គណៈកម្មការ រួចរាល់​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​បាន​បន្ថែមថាៈ ដំណើរ​ការរៀបចំ​ទីក្រុង​ឆ្លាត គឺជា​ដំណើរការ​មួយ​វែង ឆ្ងាយ ដែល​ទាមទារ​នូវ ធនធាន​ច្រើន ទាំង​ធនធានមនុស្ស ធនធាន​ថវិកា ក៏ដូចជា ការប្តេជ្ញាចិត្ត ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ យើង​អាច​ចាប់ផ្តើម​ជាមួយនឹង គម្រោង​ជាក់លាក់ មួយចំនួន ទៅតាម​លទ្ធភាព ដែល​រាជធានី​របស់​យើង ក៏ដូចជា លទ្ធភាព​នៃ ការសហការ និង​ការគាំទ្រ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។​

​ឯកសារ​ផែនទី​បង្ហាញផ្លូវ​យុទ្ធសាស្ត្រ ស្តីពី​ទីក្រុង​វៃឆ្លាត និង​មាន​ចីរភាព​នេះ បាន​ផ្តោត​សំខាន់ លើ​វិស័យ​គន្លឹះ​ជា​អាទិភាព ចំនួន ៥ រួមមានៈ ទី​១. ការគ្រប់គ្រង​នគរូបនីយកម្ម ប្រកបដោយ ភាព​ឆ្លាត​វៃ , ទី​២. ទីក្រុង​ដែលមាន​សុវត្ថិភាព និង​សន្តិសុខ​, ទី​៣. ប្រព័ន្ធ​ចរាចរណ៍ ដែលមាន​ភាព​វៃឆ្លាត​, ទី​៤. បរិស្ថាន​រស់នៅ​វៃឆ្លាត និង​ទី​៥. អភិបាលកិច្ច​ឆ្លាត​។​

​សម្រាប់​ការសិក្សា និង​រៀបចំ​ចងក្រង​ឯកសារ​នេះ ត្រូវបាន​ធ្វើឡើង ស្របតាម​លទ្ធភាព​រប​ស់ រដ្ឋបាល​រាជធានី និង​ការចូលរួម​របស់ សមាគម AIMF ដែល​នៅក្នុង​ដំណាក់កាល ចុងក្រោយ​នេះ រដ្ឋបាល​រាជធានី ស្នើសុំ​ឲ្យ​មានការ​ចូលរួម​មតិយោបល់ របស់​ក្រសួង​-​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ ដើម្បីឱ្យ​ឯកសារ​នេះ មាន​លក្ខណៈ​ផ្លូវការ និង​កាន់តែ​គ្រប់​ជ្រុងជ្រោយ បន្ថែមទៀត​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាង​ចុងក្រោយ ក្នុងថ្ងៃនេះ ទទួលបាន​មតិយោបល់ និង​ធាតុ​ចូល​ពី សំណាក់​មន្ត្រី​ជំនាញ របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​, សាកលវិទ្យាល័យ​បច្ចេក វិទ្យា​កម្ពុជា​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ក្រសួងបរិស្ថាន​, ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​៕/V​