ដោយ​៖ ដេប៉ូ / កោះកុង​៖ យ៉ាងហោចណាស់ កូនអណ្តើក​ហ្លួង ចំនួន ៣០ ក្បាល​ទៀត បាន​ញាស់​ចេញពី​សម្បុក នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន កោះកុង កាលពី​សប្តាហ៍​កន្លងទៅ​។ នេះ​ក៏​ជា​លើក​ទី​ពីរ​ហើយ ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម ក្នុង​មជ្ឈមណ្ឌល​នេះ បាន​ពង​កូន​។​

​បើតាម​លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​អណ្តើក​ហ្លួង នៃ​អង្គការ WCS បានឱ្យដឹង​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២​ថាៈ ក្នុង​រដូវ​ពង​កូន​ឆ្នាំ ២០២២ នេះ ក្រុម​អណ្តើក​ហ្លួង​ចិញ្ចឹម សម្រាប់​បង្កាត់​ពូជ នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន កោះកុង ពង​បាន​ចំនួន ៩ សម្បុក ស្មើនឹង ៨១ ពង ហើយ​ញាស់​បាន ចំនួន ៣០ កូន បើ​ប្រៀបធៀប ទៅនឹង​រដូវ​ពង​កូន ឆ្នាំ​២០២១ គឺ​ញាស់​បានតែ​មួយ​ក្បាល​គត់ ក្នុងចំណោម​ពង ៥ សម្បុក ដែលមាន ៧១ ពង​។​

​លោក​បានបញ្ជាក់​បន្ថែម​ថាៈ “ ស្របពេល​ជាមួយគ្នា​ដែរ មេអណ្តើក​ចិញ្ចឹម ចំនួន​ពីរ​ក្បាល នៅឯ​មជ្ឈមណ្ឌល​អង្គរ សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ ដែលជា​មជ្ឈមណ្ឌល​ថែរក្សា និង​បង្កាត់​ពូជ​សត្វ​កម្រ​ទី​ពីរ និង​ជា​ដៃគូ​របស់​អង្គការ WCS ពង​បាន ២ សម្បុក (​ស្មើនឹង ១៦ ពង​)​។ ទោះបីយ៉ាងណា​វា ញាស់​បាន​តែមួយ​ក្បាល​ប៉ុណ្ណោះ ហើយ​កូនអណ្តើក​នោះ បាន​បញ្ជូន​ទៅកាន់ មជ្ឈមណ្ឌល​អភិរក្ស​ស​ត្វ​ល្មូ​ន​កោះកុង​។ ដូច្នេះ​កូនអណ្តើក​ហ្លួង ញាស់​បាន ក្នុង​រដូវ​ពង​កូន​ឆ្នាំនេះ សរុប​មាន​ចំនួន ៣១ ក្បាល ”​។​

​ជាមួយគ្នានេះ លោក សោម ស៊ីថា បាន​ថ្លែងថាៈ “ ស្រប​ពេលដែល​ការបង្ក​កំណើត នៅក្នុង​ធម្មជាតិ កំពុងមាន​ការថយចុះ យើង​ទទួលបាន​ជោគជ័យ លើ​កម្មវិធី​បង្កាត់​ពូជ របស់​យើង ដែលជា​ការធានា​ដល់ ការរស់រាន​យូរអង្វែង របស់​ប្រភេទ​អណ្តើក​ហ្លួង​។ នៅ​រដូវ​ពង​កូន​ឆ្នាំនេះ ក្រុមការងារ​មិនបាន​រកឃើញ សម្បុក​អណ្តើក​ហ្លួង នៅលើ​ឆ្នេរ​ខ្សាច់ តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ក្នុង​តំបន់​គ្រប់គ្រង​ជលផល ស្ថិតក្នុង​ខេត្តកោះកុង និង​ព្រះសីហនុ ទេ ” ។​

​ដោយឡែក លោក ស្ទី​វឹ​ន ផ្លាត (Steven G. Platt) អ្នកជំនាញ​ផ្នែក​ឧរង្គសត្វ និង​ថលជលិក នៃ​អង្គការ WCS ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​ថ្លែងថាៈ “ នេះ​គឺជា​ជោគជ័យ មួយ ក្នុង​ការងារ​អភិរក្ស​អណ្តើក​ហ្លួង នៅ​កម្ពុជា​។ កូនអណ្តើក​ហ្លួង ដែល​បាន​ញាស់ ដោយ​ជោគជ័យ​យ៉ាងច្រើន​នេះ បង្ហាញ​អំពី​ក្តីសង្ឃឹម​ចំពោះ ការរស់រាន​របស់​អណ្តើក​ហ្លួង រយៈពេល​វែង នាពេល​អនាគត ” ។​

​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល បាន​មានប្រសាសន៍ថាៈ “ យើង​មាន មោទនភាព​ណាស់ ដែល​ទទួលលទ្ធផល​ដ៏​អស្ចារ្យ​នេះ​។ រដ្ឋបាល​ជលផល សូម​ធ្វើ​ការលើក ទឹកចិត្ត និង​គាំទ្រ​ពេញទំហឹង និង​បន្ត​កិច្ចការ​ស្រាវជ្រាវ​នេះ​ទៀត ដើម្បី​សម្រេច​គោលដៅ ក្នុងពេល​អនាគត ហើយ​យើង​សង្ឃឹមថា អណ្តើក​ហ្លួង ដែលជា​ប្រភេទ​ជិត​ផុត​ពូជ​នេះ នឹងមាន​វត្តមាន​រស់​នៅ​យូរអង្វែង សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត ”​។​

​គួរ​បញ្ជាក់ថា អង្គការ WCS បាននិងកំពុង​សហកា​រ​ជាមួយ​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាប់តាំងពី​ឆ្នាំ​២០០០ ដើម្បី​អភិរក្ស​ប្រភេទ អណ្តើក​ហ្លួង​នេះ (​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Batagur affinis edwardmolli) នៅ​កម្ពុជា​។ បន្ទាប់ពី​បាន​រកឃើញ​វត្តមាន ប្រភេទ​នេះ​សាជាថ្មី​ក្នុង​ឆ្នាំ​២០០០ នៅតាម​ប្រព័ន្ធ ព្រែក​ស្រែអំបិល ភាគ​និរតី (​ដែល​បច្ចុប្បន្ន ជា​តំបន់​គ្រប់គ្រង​ជលផល​) នៃ​ប្រទេស​កម្ពុជា អង្គការ WCS សហការ​ជាមួយ​រដ្ឋបាល​ជលផល បាន​បង្កើត​កម្មវិធី​ការពារ​សម្បុក ដោយបាន​ជ្រើសរើស អតីត​អ្នកដើរ​ប្រមូល​ពងអណ្តើក ឱ្យធ្វើជា​អ្នកការពារ​សម្បុក អណ្តើក​៕/V