​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ រាត្រី​ថ្ងៃ​អាទិត្យ​គឺជា​សប្តាហ៍​ចុងក្រោយ​នៃ​ការប្រកួត​ក្របខ័ណ្ឌ English Premier League​ដោយ​ពីរ​ក្រុម​នាំ​មុខកំពូល​តារាង​គឺ Man City និង Liverpool នៅ​ប្រជែង​គ្នា​យកពាន​នៅឡើយ ដោយ​មាន​គម្លាត​ខុសគ្នា​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​រវាង​ពួកគេ​។ ស្របពេល​ជាមួយគ្នានេះ​ដែរ ក្រុម​បាត​តារាង​ចំនួន​ពីរ​គឺ Burnley (១៧) និង Leeds (១៨) ត្រូវការ​ឈ្នះ​ដូច​គ្នា​ដើម្បី​គេច​ពី​តំបន់​កាត់ចោល​។

​ដោយឡែក​នៅ​ក្របខ័ណ្ឌ Italy Serie A ឯណោះ​វិញ ក្រុម AC Milan កំពុង​ត្រៀម​លើ​កពាន​ជា​លើកដំបូង​គិត​ចាប់តាំងពី​រដូវ​កាល ២០១០-១១ ប្រសិនបើ​ឈ្នះ​នៅ​ទឹកដី Sassuolo នៅ​ថ្ងៃអាទិត្យ ហើយ​ពួកគេ​ប្រាកដ​ជា​អាច​យកឈ្នះ​ការប្រកួត​នេះ​។

​យើង​នឹង​លើកយក​២​គូ​នៅ EPL មក​វិភាគ​ដូចខាងក្រោម ៖

– Liverpool vs Wolves

​អ្នក​មិន​អាច​មក​ភ្លាត់ស្នៀត​ក្នុង​ការប្រកួតប្រជែង​ដណ្តើមពាន Premier League នៅ​ថ្ងៃ​ចុងក្រោយ​នោះ​ទេ ដូច្នេះ Liverpool ចាំបាច់​ត្រូវតែ​ឈ្នះ​ការប្រកួត​នេះ​ឱ្យ​ខាងតែបាន​។ គេ​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការផ្លាស់ប្តូរ​ក្រុម​យ៉ាង​ច្រើន​នៅពេល​ហង្ស​ក្រហម​លេង​ជាមួយ​ក្រុម Southampton ប៉ុន្តែ​លោក ជួ​ហ្គិន ក្លប់ បាន​បញ្ចេញ​គ្រប់​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន​ដើម្បី​ទទួលបាន​បី​ពិន្ទុ​ពេញ​។​

​ក្រុម Manchester City សមតែ​ឈ្នះ​លើ​ក្រុម West Ham កាលពី​សប្តាហ៍​មុន ប៉ុន្តែ​បាន​បញ្ចប់​ទៅ​ដោយ​របូត​២​ពិន្ទុ​ដ៏​មានតម្លៃ ដែល​ជួយ​បង្កើន​ក្តីសង្ឃឹម​របស់ Liverpool ក្នុងការ​ឈ្នះ​ពាន​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​នេះ​។ រឿងនិទាន​ថ្មី​ដែល​កំពុង​បង្កើតឡើង​នេះ​ស្តាប់ទៅ​ហាក់ដូចជា​អស្ចារ្យ​ណាស់ ព្រោះ​អី​លោក ប៉េប ហ្គាឌី​អូ​ឡា​និង​កូនក្រុម​កំពុង​ត្រៀមខ្លួន​ស្វាគមន៍ Aston Villa របស់​វរបុរស​ហង្ស​ក្រហម លោក​ស្តេ​វិន ជើ​រ៉ាត់ នៅ​ថ្ងៃអាទិត្យ​។​

​អតីត​ប្រធាន​ក្រុម Liverpool រូប​នេះ​មិន​ដែល​ឈ្នះ Premier League ជាមួយ​ក្លិប​ហង្ស​ក្រហម​នោះទេ ប៉ុន្តែ​តើ​គាត់​អាចជួយ​ហង្ស​ក្រហម​តាមរយៈ​ការដណ្តើម​ពិន្ទុ​ពី Manchester City បាន​ឬ​អត់​? មិន​ថា​មាន​អ្វី​កើត​ឡើង​ក្នុង​ការប្រកួត​នោះទេ Liverpool ត្រូវតែ​ប្រើ​គ្រប់​សមត្ថភាព​ដើម្បី​យកឈ្នះ​លើ Wolves ឱ្យបាន ហើយ​ពួកគេ​ប្រាកដជា​នឹង​ធ្វើ​វា​បាន​។ កូនក្រុម​របស់លោក ព្រូ​ណូ ឡេក (Bruno Lage) បាន​ជួប​បញ្ហា​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដូច្នេះ​ពួកគេ​នឹង​មិនមែន​ជា​បញ្ហា​សម្រាប់​ក្រុម​ហង្ស​ក្រហម​ទេ​។​

Liverpool គួរតែ​អាច​ឈ្នះ​ការប្រកួត​មួយ​នេះ បើ​ទោះជា​គ្មាន​សេវា​ពី​ម៉ូ​ហា​ម៉េត សាឡា​ស និង វី​ជី​ល វ៉ាន់​ដែក ដែល​ត្រូវបាន​ដក​ចេញ​មុន​ម៉ោង​ក្នុង​ការប្រកួត FA Cup វគ្គ​ផ្តាច់ព្រ័ត្រ​ទល់នឹង Chelsea ក៏ដោយ​។ កីឡាករ ចូល ម៉ា​ធីប និង អ៊ី​ប្រា​ហ៊ី​ម៉ា កូណា​តេ គឺ​លេង​បានល្អ​មែនទែន​ពេល​ប៉ះ Southampton ហើយ​ក្នុង​តំបន់​ប្រយុទ្ធ ពួកគេ​មាន​ជ្រើសរើស​ល្អៗ​ជាច្រើន​ដូចជា សា​ឌី​អូ ម៉ា​ណេ​, ឌី​ហ្គោ ចូ​តា​, ល្វីស ឌី​អាស​, ឌី​វ៉ុក អូ​រី​គី និង ថា​គូ​មី មីណា​មី​ណុ​។​

​លទ្ធផល​ព្យាករណ៍ Liverpool ឈ្នះ ២-០​។​

– Man City vs Aston Villa

​វា​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏​ជក់ចិត្ត​រវាង​ក្រុម​ទាំងពីរ ប៉ុន្តែ Villa នឹង​មិន​មាន​អាវុធ​គ្រប់គ្រាន់​ដើម្បី​យកឈ្នះ​លើ​ក្រុម Manchester City នោះទេ​។ លោក​ហ្គាឌី​អូ​ឡា​និង​កីឡាករ​របស់គាត់​មិនគួរណា​យក​ការប្រកួត​ដណ្តើមពាន​រហូតមកទល់​ថ្ងៃ​ចុងក្រោយ​នោះទេ ប៉ុន្តែ​ពួកគេ​នៅតែ​គ្រប់គ្រង​លើ​ជោគវាសនា​របស់​ពួក​គេ​នៅឡើយ ហើយ​គួរតែ​បញ្ចប់​ការងារ​រួចរាល់​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​ការ​ដែល​មេឃ​ខៀវ​មកលេង​ដណ្តើមពាន​ដល់​ថ្ងៃ​ចុងក្រោយ​បែបនេះ គឺ​មកពី Manchester City មាន​កំហុស​ច្រើនពេក​នៅ​តំបន់​ការពារ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។ Villa មាន​ប្រយុទ្ធ​ស្រួចៗ​ដូចជា អូ​ល​លី វ៉ាត​គីន​, ដាន​នី អ៊ីង និង ហ្វី​លីព ខ​ត​ធី​ញ៉ូ ដែល​សុទ្ធតែ​ជា​កីឡាករ​គ្រោះថ្នាក់​។ Man City នឹង​ត្រូវ​លេង​មួយៗ​និង​អត់ធ្មត់​ដូចដែល​ពួក​គេ​បាន​ធ្វើ​ជាមួយ Leicester City ក្នុង​ឆ្នាំ ២០១៩ នៅពេល​ដែល​កីឡាករ វី​សិន ខំ​ផានី ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​ពី​ចម្ងាយ​ដ៏​អស្ចារ្យ​ដើម្បី​ឈ្នះ​ពាន​សម្រាប់​ក្រុម​របស់​គាត់​។​

​នេះ​ជា​រដូវ​កាល​ដ៏​អស្ចារ្យ ហើយ​ក្នុង​ពិភព​បាល់ទាត់ អ្នក​មិន​ដឹង​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ​។ តើ​អាច​មាន​រឿង​ក្រឡាប់​ចាក់​នៅ​ទឹកដី​របស់ City ដែរ​ទេ នៅពេល​ដែល​ជើ​រ៉ាត់​ជួយ​ហង្ស​ក្រហម​ដោយ​ទប់​កុំឱ្យ​មេឃ​ខៀវ​ឈ្នះ​? មាន​តែ​ពេលវេលា​ទេ​ទើប​អាច​ប្រាប់​បាន​។

​លទ្ធផល​ព្យាករណ៍ ៖ Man City ឈ្នះ ២-០៕

Man City ឬ Liverpool នឹង​លើក​ពាន​នៅ​ថ្ងៃអាទិត្យ​?