ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: នៅ​ថ្ងៃទី​២០ ឧសភា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​កម្ពុជា​នៅ​បន្ត​រកបាន​មេដាយ​បន្ថែមទៀត​ដូច​ការអះអាង​របស់លោក វ៉ា​ត់ ចំរើន ដែលជា​នាយ​បេសកកម្ម​កម្ពុជា​សម្រាប់​ស៊ី​ហ្គេម​មែន ។​

​ប្រភេទ​កីឡា​វ៉ូ​វី​ណា​មរ​កបាន​មេដាយមាស​មួយគ្រឿង​បន្ថែមទៀត​ដោយ​កីឡាករ អេ វីរៈ​ខាំ​ឈី​ត​ភូ​ថង បន្ទាប់ពី​យកឈ្នះ​ហ្វីលីពីន Carlo Von Buminaang Basanio លើ​វិញ្ញាសារ​ប្រយុទ្ធ​​ទម្ងន់​៦៥​គីឡូក្រាម នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម ដដែល​នេះ​ក៏​រកបាន​មេដាយសំរិទ្ធ​៣​គ្រឿង​បន្ថែមទៀត​កាលពី​ថ្ងៃទី​២០ ឧសភា​ម្សិលមិញ គឺ​កីឡាការិនី ពៅ សុខា ដែល​ប្រកួត​វិញ្ញាសារ​សំដែង​ដាវ​នារី​ឯកត្តជន ។​​វិញ្ញាសា​រសំដែង​ការពារ​ខ្លួន​បុរស​១​ទល់​៣​មាន​អាវុធ​ដែលមាន​កីឡាករ សាន សុជាតិ​, ជ្រិ​ន ប៊ុនឡុង​, ជិន ពិសិដ្ឋ និង​នី ទី​ហ្សា ។​មួយគ្រឿង​ទៀត​រកបាន​ដោយ​កីឡាការិនី ឯម ច័ន្ទ​កនិកា​​ដែល​សម្ដែង​មេគុន​នារី (Dragon- Tiger From Female ) ។​

​សម្រាប់​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ​វិញ​មាន​កីឡាករ កីឡាការិនី​កម្ពុជា​ចំនួន​៣​រូប​រក​បាន​មេដាយសំរិទ្ធ គឺ​កីឡាការិនី ស៊ឹង មួយ ប្រកួត​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ដោយ​ប្រកួត​ចាញ់ ម៉ាឡេស៊ី នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ កីឡាករ រុំ សំណាង បាន​មេដាយសំរិទ្ធ ដោយ​ប្រកួត​ចាញ់​​ម្ចាស់ផ្ទះ​វៀតណាម​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើ​ប្រភេទ​ទម្ងន់​៨១​គីឡូក្រាម ។​កីឡាករ​​ឃុន បូរ៉ា បាន​មេដាយសំរិទ្ធ​ដែរ ក្រោយពី​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​លើប្រភេទ​ទម្ងន់​៦០​គីឡូ​​ក្រាម ។​

​ចំពោះ​កីឡា​ប្រដាល់សកល​កម្ពុជា កីឡាករ សៅ រង្ស៊ី ក៏​ទទួលបាន​មេដាយ​សំរឹទ្ធ​ផងដែរ ក្រោយ​ចាញ់​កីឡាករ​ហ្វីលីពីន ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ លើ​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ កីឡាករ ឣ៊ុ​ង ភារា​ក់ កំពុងមាន​មេដាយប្រាក់​ក្នុង​ដៃ​រួចហើយ ក្រោយ​បាន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ លើ​ប្រភេទ​ទម្ងន់ ៩១​គីឡូក្រាម បន្ទាប់ពី​ផ្ដួល​កីឡាករ​សិង្ហ​បុរី ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣ ល្ងាច​មិញ​នេះ​។​

​ដូច្នេះ​គិត​ត្រឹម​ថ្ងៃទី​២០ ខែឧសភា​នេះ កម្ពុជា​ឈ្នះ​មេដាយ​សរុប ៥០​គ្រឿង ក្នុងនោះ​មាស ៧​គ្រឿង ប្រាក់ ៩​គ្រឿង និង​សំរឹទ្ធ ៣៤​គ្រឿង (​ក្នុងនោះ ៨​គ្រឿង​ពុំទាន់​ធ្វើ​ពិធី​បំពាក់​ជា​ផ្លូវការ​នៅឡើយ​)​។​​មេដាយមាស ៧​គ្រឿង មាន​លើ​ប្រភេទ​កីឡា​ឃី​ក​បុក​ស៊ី​ង ១​គ្រឿង​, កីឡា​ប៊ូល និង​ប៉េតង់ ២​គ្រឿង​, កីឡា​វ៉ូ​វី​ណា​ម ២​គ្រឿង​, កីឡា​តេ​ក្វាន់​ដូ WT ១​គ្រឿង និង​កីឡា​ចំបាប់ ១​គ្រឿង​។​ចំពោះ​មេដាយប្រាក់ ៩​គ្រឿង លើ​កីឡា​ឃី​ក​បុក​ស៊ី​ង ៣​គ្រឿង​, កីឡា​ប៊ូល និង​ប៉េតង់ ២​គ្រឿង​, កីឡា​តេ​ក្វាន់​ដូ WT ១​គ្រឿង កីឡា​វ៉ូ​វី​ណា​ម ២​គ្រឿង និង​កីឡា​ចំបាប់ ១​គ្រឿង​។​

​មេដាយ​សំរឹទ្ធ ៣២​គ្រឿង មាន​នៅលើ​កីឡា​ឃី​ក​បុក​ស៊ី​ង ១​គ្រឿង​, កីឡា​ប្រណាំងទូក ១​គ្រឿង​, កីឡា​ប៊ូល និង​ប៉េតង់ ៣​គ្រឿង​, កីឡា​ជឺ​ជី​តស៊ូ ១​គ្រឿង​, កីឡា​វូ​ស៊ូ ៣​គ្រឿង​, កីឡា​តេ​ក្វាន់​ដូ WT ៣​គ្រឿង​, កីឡា​វ៉ូ​វី​ណា​ម ៦​គ្រឿង​, កីឡា​ចំបាប់ ៤​គ្រឿង​, កីឡា​កា​រ៉ា​តេ ៣​គ្រឿង​, កីឡា​ប្រដាល់សកល ៣​គ្រឿង​, កីឡា​យូ​ដូ ១​គ្រឿង និង​ប្រដាល់​គុន​ខ្មែរ ៥​គ្រឿង​៕​