ដោយ​:​សុខុម​/​ស្ទឹងត្រែង​: មកដល់ពេលនេះ អ្នករស់នៅ​តាម​ជនបទ​ក្នុង​ខេត្តស្ទឹងត្រែង នៅតែ​ពេញនិយម​ដើរ​ដក​ផ្សិត​ពេល​មេឃ​ធ្លាក់ភ្លៀង​ដើមរដូវ​វស្សា​។ ក្រៅពី​យកមក​ធ្វើ​ម្ហូប​ជា​លក្ខណៈ​គ្រួសារ នៅសល់​ខ្លះ​ក៏បាន​យកទៅលក់​នៅ​ទីប្រជុំជន​ក្នុងស្រុក និង​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង ដើម្បី​ដោះដូរ​ទិញ​ស្ករ​អំបិល​ប៊ីចេង​ប្រហុក​ពេល​ត្រឡប់ទៅផ្ទះ​វិញ​។​

​អ្នកភូមិ​នៅតាម​ជនបទ បាន​ប្រាប់​ឲ្យ​ដឹងថា តាម​ការ​កត់ចំណាំ ជា​រៀងរាល់ឆ្នាំ​ដើមរដូវ​វស្សា​ភ្លៀង​ធ្លាក់​ជោគជាំ​ផ្សិត​មាន​ពីរ​ប្រភេទ​ដែល​ពេញនិយម​ដើរ​ដកយក​មក​ធ្វើ​ម្ហូប​នោះ​គឺ​ផ្សិត​ក្ងោក ឬ​ផ្សិត​ទន្សោង​។ ផ្សិត​នេះ​វា​តែងតែ​ដុះ​នៅតាម​ព្រៃ​វាល ព្រៃរបោះ ដែលមាន​ដើមឈើ​តូចធំ និង​ដី​មាន​ល្បាប់​ខ្សាច់ ឬ​ក្រួស​ថ្ម​លាយឡំ​គ្នា​។ ផ្សិត​ក៏​ដុះ​ពន្លក​ចេញពី​ក្នុង​ដី​លូត​ធំ​មាន​រាង​ស្រដៀង​នឹង​ឆត្រ​ហើយ​មាន​ដុះ​នៅតាម​គំនរ​ស្លឹកឈើ​គុម្ពោធ​ព្រៃ​។​ល​។​

អ្នកស្រុក​ហៅ​ផ្សិត​មាន​ពណ៌​ស​ថា​ជា​ផ្សិត​ក្ងោក​។ រីឯ​ពណ៌​លឿង​ហៅថា​ផ្សិត​ទន្សោង​។ ឈ្មោះ​ផ្សិត​ទាំងពីរ​ប្រភេទ​នេះ​ដូច​ទៅនឹង​ឈ្មោះ​សត្វព្រៃ​ផងដែរ​។ ចំពោះ​រដូវ​កាល​ដំបូង​ដុះ​ពេល​មាន​ភ្លៀង​ធ្លាក់​ដើមឆ្នាំ​ហើយ​មាន​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ក្រោយពី​ផ្សិត​លូតលាស់​ធំ ២​ឬ ៣​ថ្ងៃ​បាន​រលួយ​ងាប់​ទៅវិញ​។​

​ហេតុ​ដូច្នេះហើយ ឱ្យតែ​ដល់​រដូវភ្លៀង​ធ្លាក់​ជោគជាំ​ដើមឆ្នាំ​អ្នកភូមិ​គ្រប់​ទីកន្លែង​តែង​រួសរាន់​ដើរ​ដក​ផ្សិត​យកមក​ធ្វើ​ម្ហូប​ទទួលទាន​ក្នុង​គ្រួសារ និង​ខ្លះ​លក់​នៅតាម​ផ្សារ​ដើម្បី​បន្ថែម​ប្រាក់ចំណូល​។​

​អ្នកលក់​ផ្សិត​នៅ​ផ្សារ​ស្ទឹងត្រែង​បាន​ប្រាប់​ឱ្យដឹងថា ចំពោះ​ផ្សិត​ដែល​ទិញ​ពី​អ្នក​តាម​ជនបទ​យកមក​លក់​នោះ គេ​ដាក់លក់​នៅ​ផ្សារ​ស្ទឹងត្រែង​ច្រក​ថង់​ផ្លា​ស្ទិ​ច​ក្នុង​១​គីឡូក្រាម​តម្លៃ ១៥.០០០​រៀល​។ តែ​ពេល​មិនសូវ​សម្បូរ​លក់​ដល់​២៥.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ផ្សិត​នេះ​ភាគច្រើន​គេ​យកទៅស្ល​ម្សៅ​ឆា​ជាមួយ​ប្រេងខ្យង​ឬ​ខ្លាញ់ជ្រូក​។ គ្រួសារ​ខ្លះ​គេ​ធ្វើជា​ក្នប់​ជាដើម​។​​ផ្សិត​ទាំងពីរ​ប្រភេទ​នេះ​គេ​គ្រាន់តែ​ដក​យកមក​ធ្វើ​ម្ហូប​ជា​លក្ខណៈ​គ្រួសារ​និង​ដាក់លក់​ក្នុង​ខេត្ត​តែប៉ុណ្ណោះ​។​

លើសពីនេះ ក៏មាន​ផ្សិត​មួយ​ប្រភេទ​ទៀត​មានតម្លៃ​ថ្លៃ​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ដូចជា​ថៃ​និង​ឡាវ​។​ផ្សិតព្រៃ​ធម្មជាតិ​ដែលមាន​តម្លៃ​នោះ​គឺ​ផ្សិត​ប៉ក់ មាន​រាង​មូល​តូច​ប៉ុន​ម្រាមដៃ​ពេល​ភ្លៀង​ធ្លាក់​កាន់តែ​ជោគជាំ​ខ្លាំង​ទើប​វា​ដុះ​៕​