ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ស្ពានមេត្រី
នាមសព្ទ
( ព. ប្រ. ) មេត្រីដូចជាស្ពាន គឺសេចក្តីរាប់អានគ្នាជាមិត្រស្និទ្ធ; ការចងពន្ធនឹងគ្នា
ចងស្ពានមេត្រី ( ម. ព. ចង ផង ) ។
ស្លុតី
(ស្លុត-ដី)
នាមសព្ទ
(ពាក្យប្រើក្លាយមកពី សំ. ស្តុតិ; បា.ថុតិ) សេចក្តីសរសើរ, សេចក្តីស្ងើច : សូត្រស្លុតី សូត្រសេចក្តីសរសើរ ។ ខ្មែរប្រើចំពោះតែពាក្យឃ្លោងឃ្លា សម្រាប់ពួកព្រាហ្មណ៍សូត្រថ្វាយជ័យមង្គល ចំពោះព្រះមហាក្សត្រក្នុងព្រះរាជពិធីណាមួយ : ពួកបារគូសូត្រស្លុតីថ្វាយជ័យមង្គល ។ ស្លុតីកថា (—កៈ—) ពាក្យពោលសរសើរ, សម្ងើច (ប្រើជា ស្លុតីវាទ ក៏បាន) ។ ស្លុតីបាឋកៈ (—ប៉ាឋៈកៈ) អ្នកសូត្រស្លុតី (បើស្ត្រីជា ស្លុតីបាឋិកា) ។ ស្លុតីវាទិន ឬ —វាទី អ្នកឱសាហ៍ពោលពាក្យសរសើរគេ, អ្នកហៃស្ងើចគេ; បើស្ត្រីជា ស្លុតីវាទិនី ។ ល ។ (ម. ព. ស្តុតិ ផង) ។
អធ្រាត្រ
(អ័ត-ធ្រាត)
នាមសព្ទ
ពាក្យប្រើក្លាយមកពី សំ. អធ៌រាត្រិ ឬ —រាត្រ “ពាក់កណ្ដាលយប់”; អឌ្ឍរត្ត ឬអឌ្ឍរត្តិ : ធ្វើការយប់តាំងពីព្រលប់ដល់អធ្រាត្រ ។ អធ្រាត្រដាស់ទំ អធ្រាត្រស្ងាត់ ។ ( ព. កា. ) : លង់លុះអធ្រាត្រ ហៅឆន្ទអមាត្យ មកគិតនៃបាន ព្រះស្ដែងយកសេះ កម្លាំងហៅហាន ចងគ្រឿងនូវអាន នាំមកថ្វាយថ្វាត់ ។ កាព្យបទផ្ចាញ់មារបុរាណ ។
អាដានា
(—ន៉ា)
នាមសព្ទ
ពាក្យប្រើកាត់ខ្លីពី អាដានាដិយៈ ដែលជាឈ្មោះព្រះសូត្រឬព្រះបរិត្តមានក្នុងគម្ពីរពុទ្ធសាសនា ហៅថា អាដានាដិយសូត្រ ឬ អាដានាដិយបរិត្ត ។ តាមរជ្ជប្បវេណីក្នុងកម្ពុជរដ្ឋ, នៅថ្ងៃ ១៤ រោចខែផល្គុនរៀងរាល់ឆ្នាំ, មានព្រះរាជពិធីមួយធ្វើក្នុងព្រះបរមរាជវាំងក្នុងវេលាយប់ហៅថា ព្រះរាជពិធីបញ្ជាន់ត្រស្តិ មាននិមន្តព្រះភិក្ខុសង្ឃសូត្របាលីអាដានាដិយសូត្រ តាំងពីព្រលប់ទាល់ព្រឹក (សូត្រផ្លាស់គ្នា), មានបាញ់កាំភ្លើងធំយូរៗម្ដងគ្រប់ទិសធំទាំង ៤ (បាញ់តាមសង្កាត់ឬថ្នាក់ធម៌), ហៅ កាំភ្លើងអាដានាដិយៈ ហៅកាត់ខ្លីត្រឹមតែ កាំភ្លើងអាដានា (ប្រើកា្លយមក, ទោះបាញ់កាំភ្លើងធំក្នុងពិធីផ្សេងក៏ហៅ កាំភ្លើងអាដានា ដែរ) ។ លុះចំណេរកាលយូរមក, ហៅក្លាយឃ្លាតតាមៗគ្នាទៅជា កាំភ្លើងស័ក្ខណា, ប្រើជា កិ. ថា ស័ក្ខណាកាំភ្លើងធំ ដូច្នេះក៏មាន (គួរលើកលែងហៅ ស័ក្ខណា ត្រូវហៅ កាំភ្លើងអាដានា ដូចពីដើមវិញ) ។ ព្រះរាជពិធីបញ្ជាន់ត្រស្តិនោះសម័យឥឡូវហៅ ព្រះរាជពិធីភាណយក្ខ (ម. ព. ត្រស្តិ ផង) ។
ត្រក
នាមសព្ទ
ជាលត្បាញដោយបន្ទោះឫស្សី, ផ្ដៅ ជាដើមមានខ្សែចងយួរ, សម្រាប់ដាក់ត្រីតូចៗ និងបន្លែជាដើម ។ ព. ប្រ. គុ. ដែលរៀនចំណេះវិជ្ជាអ្វីមួយ មានអក្សរជាដើម មិនទាន់បានចេះ ក៏ស្រាប់តែលែងរៀនទៅ, ហៅថា ត្រក ព្រោះប្រៀបប្រដូចនឹងមនុស្សអ្នកឥតចំណេះវិជ្ជា ដែលមានមុខការរបរតែខាងពុនត្រកទៅនេសាទមច្ឆជាតិប៉ុណ្ណោះ ។