​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

សង្ក្រាន្ត​

(​សង់​ក្រាន​)

​នាមសព្ទ​

( សំ​. សង្ក្រាន្តិ ) ដំណើរ​ឃ្លាត​ចាក​ទី​; ការឈាន​ចូលដល់​; ដំណើរ​ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់ទី​ចួប​មួយ​ជុំ​រាសិចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសិចក្រ​ចួប​គ្នា ពេញ​គ្រប់​ជាមួយ​ឆ្នាំ ( ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី ), ពិធី​ចូលឆ្នាំថ្មី ( សង្ក្រាន្ត​មាន​បី​ថ្ងៃ​គឺ ថ្ងៃទី ១ ជា ថ្ងៃ​ចូលឆ្នាំ​, ថ្ងៃទី ២ ជា ពារ​កណ្ដាល ឬ​ហៅថា វ័ន​បត​( ថ្ងៃ​ខ្វាក់ ), ថ្ងៃទី ៣ ជា ពារ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង​
​ថ្ងៃ​សង្ក្រាន្ដ​, ពិធី​សង្ក្រាន្ដ ។ ត្រស្តិ​សង្ក្រាន្ដ ពិធី​ត្រស្តិ​និង​សង្ក្រាន្ដ​ដែល​ក្សត្រិយ៍​ពី​បុរាណ​រួមគ្នា​ក្នុង​កាល​តែមួយ ។​

​សមាន​

(​សៈ​ម៉ា​ន៉ៈ​)

​គុណសព្ទ​

( សំ​. បា​. ) ស្មើ​, ស្មើគ្នា​, ប៉ុនគ្នា​, ដូច​, ដូចគ្នា​, ជាមួយគ្នា​; ដែល​ត្រូវ​គ្នា ។ សមានគតិ (–​គៈតិ ) ដំណើរ​ប្រព្រឹត្ត​ស្មើគ្នា​; អ្នក​ដែលមាន​គតិ​ស្មើគ្នា​, ដែលមាន​សេចក្ដី​យល់​ត្រូវ​គ្នា ។ សមានគុណ គុណ​ស្មើគ្នា​; អ្នក​ដែលមាន​គុណសម្បត្តិ​ស្មើគ្នា ។ សមានគោត្ត ឬ –​គោត្រ គោត្រ​ស្មើគ្នា​; អ្នក​ដែលមាន​គោត្រ​ស្មើគ្នា​, ដែលមាន​សែ​ត្រូវ​គ្នា ( ប្រើ​ជា សមគោត្ត ឬ –​គោត្រ ក៏បាន ) ។ សមានចិត្ត ចិត្ត​ស្មោះស្មើ​, ចិត្ត​ដែលមាន​សភាព​ទោរទន់​រកគ្នា​ដោយ​សេចក្ដីស្រឡាញ់​
​មាន​សមានចិត្ត​, ប្រកបដោយ​សមានចិត្ត ។​
​សមានច្ឆន្ទ ( សៈ​ម៉ា​ន៉ា​ច់​-​ឆ័ន​-​ទៈ ឬ –​ឆ័ន ) បំណង​ស្មើគ្នា​; អ្នក​ដែលមាន​បំណង​ស្មើគ្នា ។ សមានជន ជន​ស្មើភាព​គ្នា​, ជន​ស្មើ​ស័ក្ដិ ។ សមានជាតិ ជាតិ​ស្មើគ្នា​, ជាតិ​ត្រូវ​គ្នា ( សមជាតិ ) ។ សមានជាតិក ឬ –​ជាតិ​កៈ អ្នក​ដែលមាន​ជាតិ​ស្មើគ្នា ( បើ​ស្ត្រី​ជា សមានជាតិកា ) ។ សមាននាម ឈ្មោះ​ត្រូវ​គ្នា​, អ្នក​ដែលមាន​ឈ្មោះ​ត្រូវ​គ្នា ។ ( ព​. វ​. សាធារណនាម ) ។ សមានសំវាស ឬ –​សង្វាស ( –​ស័ង ឬ សង់​-​វ៉ាស ) សង្វាស​ស្មើគ្នា គឺ​ការ​នៅ​រួមគ្នា ។ ព​. ពុ​. ការធ្វើ​ឧបោសថ​សង្ឃកម្ម​រួមគ្នា​បាន​; ភិក្ខុ​ដែល​រួម​ធ្វើ​សង្ឃកម្ម​ជាមួយគ្នា​បាន ( មិន​រង្កៀស​ចិត្តនឹង​គ្នា ) ។ សមានានុភាព ( សៈ​ម៉ា​ន៉ា​–; បា​. < សមាន + អា​នុ​ភាវ ) អានុភាព​ស្មើគ្នា​; អ្នក​ដែលមាន​អានុភាព​ស្មើគ្នា ។ សមានាសន (​សៈ​ម៉ា​ន៉ា​សៈ​ន៉ៈ​; បា​. < សមាន + អាសន ) កន្លែង​អង្គុយ​ស្មើគ្នា ។ សមានាសនិក អ្នក​ដែលមាន​កន្លែង​អង្គុយ​ស្មើគ្នា ( បើ​ស្ត្រី​ជា សមានាសនិកា ) ។ ល ។ ( ម​. ព​. សម គុ​. ផង ) ។​

សំបុដ​

(—​បុ​ត​)

នាមសព្ទ​

( បា​. សម្បុដ​; សំ​. សំបុដ​ក ឬ សម្បូ​ដ “​កញ្ចប់​ដែល​ខ្ចប់​ដោយ​ប្រពៃ​, ដែល​ខ្ចប់​ជិតដិត​; ស្មុ​គ្រ​” ) សេចក្តី​ដែល​សរសេរ​រួចហើយ ត្រូវដាក់​ក្នុង​ស្រោម​ឬ​ត្រូវ​ខ្ចប់​ឲ្យ​ជិតដិត​; អក្សរ​ដែល​សរសេរ​នៅ​ផ្ទៃ​ក្រដាស​ជា​ពាក្យរាយ​សេចក្តី​ជា​ជំនួស​ការនិយាយ​មាត់ទទេ ឬ​ទុកជា​កា​រស​ម្ងា​ក់​សំខាន់​; ចុ​ត​ហ្មាយ​; ដីកា​; … ( ប្រើ​ជា សំបុត្រ មក​យូរហើយ )
​សរសេរ​សំបុត្រ​, ស្រោមសំបុត្រ​, ផ្ញើ​សំបុត្រ ។​
​សំបុត្រ​បក សំបុត្រ​រាយការណ៍​ឆ្លើយតប​ត្រឡប់​ទៅវិញ​។ សំបុត្រ​សំណួរ សំបុត្រ​សួរសុខទុក្ខ​។ សំបុត្រស្នាម សំបុត្រ​សាធារណៈ​, សំបុត្រ​រាយរង ។​ល​។​

ស្និទ្ធ​

(​ស្និត​)

​គុណសព្ទ​

( សំ​. ​និង បា​. រួមគ្នា​ម្ខាង​មួយ​តួ​; សំ​. ស្និ​គ្ធ​; បា​. ​សិនិទ្ធ ) ដែលជា​ទីស្រឡាញ់​, ​ជាទី​ពេញចិត្ត​; ស្អិត​; ខាប់​; ឆ្ងាញ់​; ល្អ​; ល្អិតល្អ ( ម​. ព​. ​សិនិទ្ធ ផង ) ។ ខ្មែរ​ប្រើ​ជា កិ​., ​កិ​. ​វិ​. ​ឬ គុ​. ​ស្រឡាញ់​ស៊ប់​, ​ស្រឡាញ់​អស់ពី​ចិត្ត​, ​ស៊ប់ចិត្ត​ឥត​រង្កៀស​, ​ទុកចិត្ត​ស៊ប់​; ជិតដិត​, ​ទំនុក​ទុកចិត្ត​, ​ឥត​រង្កៀស​
​ខ្ញុំ​មិនសូវ​ស្និទ្ធ​នឹង​គេ​ទេ​; បរិភោគ​ស្និទ្ធ​; មនុស្ស​ស្និទ្ធ​នឹង​គ្នា​, ​មិត្រ​ស្និទ្ធ ។​
​ជិតស្លុង​
​ឈើ​សាច់​ស្និទ្ធ​; ដៃ​ជាង​នេះ​បញ្ចុះដំណាប់​ស្និទ្ធ​ល្អ​ណាស់ ។​
​ស្និទ្ធជិត ជិតដិត​ណាស់​; ជិតស្លុង ឥតមាន​ស្នាម ។ ស្និទ្ធស្នាល ( ម​. ​ព​. ​ស្នាល ) ។ ស្និទ្ធស្នេហ៍ ឬ ស្នេហ៍ស្និទ្ធ ជាទី​ស្រឡាញ់​ស៊ប់​ជាប់ចិត្ត ( ព​. ​កា​. ) ។ ស្និទ្ធស្នេហា ស្នេហា​ស៊ប់ចិត្ត​, ​ស្នេហ៍ស្និទ្ធ ។ ល ។​

​ស្បោង​

​នាមសព្ទ​

​ការុង​ត្បាញ​ដោយ​ស្លឹកត្នោត​ឬ​ចចូត​ជាដើម រាង​តូច​ខ្លី សម្រាប់​ច្រក​អំបុក​ឬ​អង្ករ ( ច្រើន​មានប្រើ​ក្នុង​ខែត្រ​ស្វាយរៀង ) ។​