ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ស្រមោច
(ម៉ោច)
នាមសព្ទ
សុខុមសត្វច្រើនពួក មានប្រភេទផ្សេងៗគ្នា ជាសត្វមានសាមគ្គីស្រុះគ្នា ច្រើនរកស៊ីជាពួកៗមូលគ្នា
ស្រុះគ្នាដូចស្រមោច ។
ព. ទ. បុ. ស្រមោចក្រវែលស្ករ បុរសក្រវែលស្ត្រី ។ ស្ករជិតស្រមោច ( ម. ព. ស្ករ ) ។
កន្តាវរ៉ាវ
នាមសព្ទ
សុខុមសត្វពួកស្រមោច សម្បុរក្រហម ជើងវែង ៗ តូចជាងអង្ក្រង
ស្រមោចកន្តាវរ៉ាវ ។ ហៅស្រមោចតាវរ៉ាវ ក៏បាន ។
កោះ
កិរិយាសព្ទ
ហៅដោយអំណាចអាជ្ញា
ដីកាកោះ ។
អំពាវនាវហៅ ( ឆ្កែ )
ឆ្កែកោះអណ្តើក ។
កិរិយាសព្ទ
លើកផ្គងឡើង, ច្រើននិយាយតែខាងធ្នូសរ
កោះសរតម្រង់ ។
កិរិយាសព្ទ
ធ្វើវត្ថុមានគ្រឿងបរិភោគជាដើមឲ្យមានទឹកព័ទ្ធជុំវិញមានសណ្ឋានជាកោះ
យកស្ករទៅកោះទឹកកុំឲ្យស្រមោចស៊ីបាន ។
កិរិយាសព្ទ
ថ្ពក់
ក្បឿងកោះជាប់នៅដៃរណែង ។
នាមសព្ទ
ទីដី ឬ ភ្នំ ដែលមានទឹកព័ទ្ធជុំវិញ
កោះកុង, កោះទន្សាយ ។
អវយវៈក្នុងពោះបក្សី
កោះមាន់, កោះទា ។
ត្រោកយោល
នាមសព្ទ
ត្រោកដែលកណ្ដៀរខ្មៅ ឬស្រមោចខ្មៅក ធ្វើជាសំបុកភ្ជាប់នឹងមែក ឬចុងឫស្សី ឬក៏មែកឈើ ( ហៅតាមទម្លាប់ស្រុក, អ្នកស្រុកខ្លះហៅ ត្រោកសំបុកស្រមោច) ។
ភ្លើង
នាមសព្ទ
ធាតុមួយប្រភេទដែលបណ្ដាលឲ្យមានកម្ដៅនិងពន្លឺ; ធាតុក្ដៅ; អាការក្ដៅផ្សេងៗ ។ ភ្លើងកល្ប ភ្លើងដែលឆេះរំលាងកល្ប ។ ភ្លើងទុក្ខភ្លើងកិលេស សេចក្ដីក្ដៅដែលបណ្ដាលមក អំពីការកើតទុក្ខព្រួយ និងគ្រឿងសៅហ្មងចិត្ត . . . ។ ភ្លើងធាតុ ឬ ធាតុភ្លើង កម្ដៅដែលកើតមានក្នុងរាងកាយមនុស្សសត្វជាដើម ។ ភ្លើងព្រៃ ភ្លើងដែលឆេះព្រៃ ។ ភ្លើងរាគ សេចក្ដីក្ដៅក្រហាយ, អន្ទះអន្ទែង, ខ្លោចផ្សា . . . ដែលកើតព្រោះតម្រេក ។ ល ។ បង្កាត់ភ្លើង ធ្វើភ្លើងឲ្យកាត់ឆេះច្រើនឡើងដោយសម្រាមនិងឧសជាដើម ។ ពួតភ្លើង បង្កើតឲ្យមានភ្លើងឡើងដោយពំនួតភ្លើង ។ ល ។ ព. ប្រ. ភ្លើងឆេះ ខឹងច្រឡោតខ្លាំង ។ រម្លត់ភ្លើង រម្លត់សេចក្ដីក្ដៅ ដែលកើតអំពីរាគាទិក្កិលេស ។ ល ។ អ្វីៗដែលមានធាតុក្ដៅ ហឹរផ្សាច្រើន ឬដែលមានសម្បុរស្រដៀងនឹងភ្លើង ក៏ហៅដាក់ពាក្យថា ភ្លើង ភ្ជាប់នៅខាងចុងដែរ, ដូចជា
ខ្ញីភ្លើង, ឃ្លង់ភ្លើង, ចិត្រមូលភ្លើង, ឈើភ្លើង, ពិសភ្លើង, សង្កែភ្លើង, ស្រមោចភ្លើង ។ ល ។ ( សិលាចារឹកសម័យមហានគរ ( នគរធំ ) សរសេរ វ្លើង, លុះចំណេរកាលតមកផ្លាស់ វ ជា ព សរសេរជា ព្លើង, តាមន័យនេះ គួរប្រើជា ព្លើង, ប៉ុន្តែបានប្រើ សិថិល ជា ធនិត គឺ ព > ភ យូរហើយ, សម័យបច្ចុប្បន្ន ក៏ត្រូវសរសេរ ភ្លើង ដូច្នេះឯង ) ។