ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ក្លើ​

​នាមសព្ទ​

​មិត្រ​ស្និទ្ធ​ទុកចិត្ត​គ្នា​ដល់ទី​រួម​ក្តី​សុខទុក្ខ​ជាមួយគ្នា​ឬ​រួម​ក្ដី​មេត្រី​ដោយ​ឲ្យ​របស់​អ្វីៗ គ្នា​បាន​, ដល់​ហៅ​គ្នា​អាមឹង​, ឯង​អញ​ទៅវិញទៅមក ។ បើ​ស្រី​និង​ស្រី​ហៅថា “​ម្រាក់​” វិញ ។​

​គួរីយេរ​

​នាមសព្ទ​

( បារ​. courrier ) មនុស្ស​, រថ​, រថយន្ត​, នាវា​ដែល​ដឹកនាំ​សំបុត្រស្នាម ឬ បញ្ញើ​ផ្សេងៗ ជាដើម​; សំណុំលិខិត​, លិខិត​ផ្សេងៗ ដែល​ប្រមូល​រួម​ជា​សំណុំ​ក៏​ហៅថា គួរីយេរ ដែរ ។​

ឈរ​

​កិរិយាសព្ទ​

​ឋិត​ពេញជំហរ ជើង​ជាន់​ត្រង់​, ជា​ឈ្មោះ​ឥរិយាបថ​មួយ ក្នុង​ឥរិយាបថ​ទាំង ៤ គឺ​ដើរ​, ឈរ​, អង្គុយ​, ដេក ។ ស្ថិតនៅ​, នៅ​ស្ដីទី​រាជការ​
​រាជការ​ត្រូវ​ចាត់​លោក​. . . ឲ្យ​ទៅ​ឈរ​ខែត្រ​ស្វាយរៀង​; ខ្ញុំ​បាន​ឈរ​ធ្វើ​រាជការ​ទី​អភិបាលខែត្រ នៅ​ខែត្រ​កំពត​អស់ ៥ ឆ្នាំ ។ នៅ​ទ្រឹង​មិន​ឡើង​មិន​ចុះ​, មិន​គ្រាន់បើ​មិន​រឹត​ឡើង ( ជំងឺ ) : ជំងឺ​ឈរ​ឲ្យ​មើល​យូរណាស់ មិន​គិត​រក​គ្រូ​មើលគ្នា ។​

​គុណសព្ទ​

​អក្សរ​ដែលមាន​តួ​រាង​ត្រង់​
​អក្សរ​ឈរ ។​

នាមសព្ទ​

​អក្សរ​ដែលមាន​តួ​រាង​ត្រង់​
​អក្សរ​ឈរ ។​

​តែម​

​នាមសព្ទ​

(​បារ​. ត័ង​ប្រិ៍​-​ប៉ុស្ដិ៍ Timbre-poste) បំណែក​ក្រដាស​មាន​រូបភាព ជា​គ្រឿង​សម្គាល់​តាម​បញ្ញត្តិ​របស់​រាជការ​គ្រប់​ប្រទេស សម្រាប់​ប្រើ​បិទ​លើ​សំបុត្រស្នាម ។​ល​។ សម្គាល់ថា​បានចេញ​ថ្លៃ​ពន្ធ​រួចហើយ​
​សំបុត្រ​បិទ​តែម​, ក្រដាស​បិទ​តែម (​ហៅ​ឲ្យ​ពេញ​តាម​ភាសា​បារាំងសែស​ថា តែមប៉ុស្ដិ៍ ឬ តែមប្រិ៍ប៉ុស្ដិ៍ ក៏បាន​, អ​. ថ​. តែម​ប៉ុ​ស​) ។​

កិរិយាសព្ទ​

​ថែម​ថ្នាំ​កែ​ពណ៌​
​ត្រូវ​តែម​ថ្នាំលឿង​បន្តិចទៀត (​ប្រើ​ចំពោះតែ​ការ​គូរវាស​លាបលន​) ។​

នាមសព្ទ​

​ឧបាយកល​, ល្បិច​, ម៉ិតប្រាយ (​មិនសូវ​ប្រើ​) ។​

​ត្រុដិ​

(​ត្រុត​)

​នាមសព្ទ​

(​សំ​.) ដំណើរ​កាត់​, ​ការផ្ដាច់ ។ ឈ្មោះ​ភ្លេង​, ​ចម្រៀង​មួយ​ប្រភេទ សម្រាប់​បណ្ដាជន​ក្នុង​ខែត្រ​សៀមរាប គេ​លេង​តែ​ក្នុងឱកាស​ចូលឆ្នាំថ្មី​
​ភ្លេង​ត្រុដិ​, ​លេង​ត្រុដិ (​ម​. ព​. ​ត្រស្តិ ផង​) ។​