ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
រសាវ
ឧទានសព្ទ
សូរឮខ្សាវៗតិចៗ
ខ្សឹបគ្នារសាវ ។
កិរិយាវិសេសន៍
អំពីការវារឡើងស្រាលៗ ( នៃសុខុមសត្វយ៉ាងល្អិតៗ )
ស្រមោចវារលើខ្លួនរសាវៗ ( ម. ព. រសឹប និង រសេវ ផង ) ។
រសឹប
ឧទានសព្ទ
សូរឮល្អិតៗ ស្រាលៗ ហាក់ដូចគេខ្សឹបគ្នាតិចៗ
ឮសូររសឹបៗ ។
កិរិយាវិសេសន៍
ដែលសុខុមសត្វយ៉ាងល្អិតៗវារស្រាលៗ
ស្រមោចវាររសឹប ។
ដែលស្រុះគ្នារញឹក
ធ្វើការរសឹប ។ រសឹបរសាវ រសឹបៗ រសាវៗ ។
រសេវ
បរិវារសព្ទ
ពាក្យបរិវាររបស់ពាក្យ រសាវ ថា
ខ្សឹបរសេវរសាវ ខ្សឹបគ្នារសាវៗតិចៗ ខ្លាំងៗ; ស្រមោចវាររសេវរសាវ ស្រមោចវាររសាវៗពេញពាស ។
រោម
កិរិយាសព្ទ
ចោមជិតជុំវិញ
ពួកក្មេងរោមមើលមនុស្សកំប្លែង ។
ទំជញ្ជក់រសជាតិ, ទំជុំជិត, វារឡើង, ទំហើយហើរៗហើយទំក្រវែលយាយីរឿយៗ ( ចំពោះតែសត្វល្អិតៗ មានស្រមោច, រុយ ជាដើម )
ស្រមោចរោមស្ករ, ឃ្មុំរោមបង្គង, រុយរោមគំរង់, មមាចរោមគោ ។ ចោមរោម ( ម. ព. ចោម )។
នាមសព្ទ
( បា. រោម ឬ លោម; សំ. រោមន៑ ឬ លោមន៑ ) អាការៈជាសរសៃល្អិតៗដុះនារាងកាយមនុស្សដោយអន្លើៗ ឬដុះនាសព៌ាង្គកាយសត្វតិរច្ឆានចំពួកខ្លះមានគោ ក្របីជាដើម
រោមចិញ្ចើម, រោមភ្នែក, រោមក្លៀក, រោមដើមទ្រូង, រោមដៃ, រោមជើង; រោមគោ, រោមក្របី, រោមចៀម ។
រោមកូប ( រោមៈកូប ) រណ្ដៅរោម ។ រោមម័យ ( រោមៈ— ) ដែលធ្វើដោយរោមសត្វ ( មានរោមចៀមជាដើម )
សំពត់រោមម័យ ។
រោមរាជី ( រោមៈ— ) ឬ រោមមាលី, រោមាវលី ជួរឬរបៀបរោម ។ រោមហំសជាត ( រោមៈហ័ងសៈ— ) ដែលព្រឺរោម; អ្នកដែលព្រឺរោម ។ រោមហំសនាការ ( រោមៈហ័ងសៈន៉ាកា ) អាការព្រឺរោម, អាការឡើងរោមច្រាង ( ឡើងសម្បុរគីង្គក់ ) ។ ល ។
រ៉ុល
ឧទានសព្ទ
សូរឮដោយវិល, រមៀល, បង្រះ ខ្សុលៗ
រមៀលរ៉ុល, ស្រមោចចូលត្រចៀកបង្រះរ៉ុលៗ ។