ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ បេក្ខជននាំមុខក្នុងការបោះឆ្នោតនៅអូស្ត្រាលី លោក អ៊ែនថូនី អាល់ប៊ែរនីស(Anthony Albanese)បានស្នើសុំអ្នកបោះឆ្នោតអូស្ត្រាលីចេញមកបោះឆ្នោតនៅថ្ងៃសៅរ៍ទី២១ឧសភានេះដើម្បីផ្តល់អោយគណបក្សកណ្តាលលម្អៀងឆ្វេងរបស់លោកដឹកនាំប្រទេសម្តងក្រោយស្ថិតក្រោមការដឹកនាំរបស់ក្រុមអភិរក្សអស់ពេលមួយទសវត្សរ៍មកហើយ។
ប្រជាជនអូស្ត្រាលីចាប់ផ្តើមបោះឆ្នោតសហព័ន្ធកាលពីថ្ងៃសៅរ៍ដើម្បីកំណត់ថានរណាគ្រប់គ្រងសភា ព្រឹទ្ធសភា ហើយនឹងនរណានៅក្នុងតំណែងនាយករដ្ឋមន្ត្រី
លោក អាល់ប៊ែរនីស មេដឹកនាំគណបក្សការងារ អាយុ៥៧ឆ្នាំរូបនេះបានអំពាវនាវអោយប្រជាជនងាកចេញពីនាយករដ្ឋមន្ត្រីបង្កការបែកបាក់លោក ស្កុត ម៉ូរីសុន( Scott Morrison)ដែលមានសម្លេងនៅពីក្រោយលោកក្នុងការស្ទង់មតិ។លោកបានសន្យាបញ្ចប់គោលជំហរបែបជ្រែងជើងរបស់អូស្ត្រាលីស្តីពីអាកាសធាតុ ជួយប្រជាជនដែលកំពុងតស៊ូនឹងទំនិញឡើងថ្លៃ ហើយនឹងធ្វើការបោះប្រជាមតិមួយស្តីពីការផ្តល់អោយក្រុមជនជាតិដើមនូវសម្លេងមួយក្នុងការបង្កើតគោលនយោបាយជាតិ។
លោកបាននិយាយក្នុងពេលទៅមើលស្ថានីយបោះឆ្នោតមួយនិងថតសែលហ្វីជាមួយអ្នកមូលដ្ឋានក្នុងទីក្រុងមែលប៊ឺនថា «ខ្ញុំមានអារម្មណ៍ថាកំពុងមានសម្ទុះគាំទ្រ។សូមផ្តល់អោយគណបក្សការងារនូវឳកាសម្តង។យើងមានផែនការសំរាប់ប្រទេសនេះ»។
លោកបានពណ៌នានាយករដ្ឋមន្ត្រីបច្ចុប្បន្នថា ជា«បុគ្គលបង្កការបែកបាក់បំផុតដែលខ្ញុំមិនដែលជួប។យើងមានផែនការឆក់ឳកាសចាត់ការចាប់ពីបញ្ហាអាកាសធាតុឡើង»។
នៅលើទឹកដីដែលកំពុងខ្លាចនឹងភ្លើងឆេះព្រៃ ទឹកជំនន់ និងភាពរាំងស្ងួត ការប្រែប្រួលអាកាសធាតុជាអ្វីដែលស្ថិតនៅក្នុងចិត្តរបស់អ្នកបោះឆ្នោត។លោកថា «ខ្ញុំធំដឹងក្តីនៅក្នុងសហគមន៍មួយដែលរងគ្រោះខ្លាំងពីភ្លើងព្រៃនិងទឹកជំនន់នៅប្រាំឆ្នាំមកនេះ ។ការឃើញចំណាត់ការលើបញ្ហានេះនិងបញ្ឈប់កុំអោយវាកើតឡើងជាថ្មី ជារឿងអស្ចារ្យណាស់»។
លោក អ៊ែនថូនី អាល់ប៊ែរនីស សុំអោយអ្នកបោះឆ្នោតផ្តល់ឳកាសដល់ក្រុមលោកដឹកនាំប្រទេសម្តង
នៅពេលអ្នកបោះឆ្នោតកំពុងឈរជាជួរវែងៗនៅស្ថានីយបោះឆ្នោតជាច្រើន លោកម៉ូរីសុនបានចោទប្រកាន់គូប្រជែង អាល់ប៊ែរនីស ថា«មានជំនឿលើខ្លួនឯងខ្លាំងពេក» ក្នុងការទាយទុកថាគណបក្សការងារនឹងឈ្នះការបោះឆ្នោតនេះ។
មេដឹកនាំវ័យ៥៤ឆ្នាំនេះបាននិយាយនៅមុនការបោះឆ្នោតចាប់ផ្តើមថា «អ្នកមិនអាចមានជំនឿចិត្តជាមុនជ្រុលពេកទេ»និងថាលោកមិនមានជំនឿថាគណបក្សការងារអាចដឹកនាំសេដ្ឋកិច្ចបានល្អទេ។
ការបោះឆ្នោតនេះដូចជាការចាប់បង្ខំ ដោយត្រូវពិន័យ២០ដុល្លារអូស្ត្រាលី(១៤ដុល្លារអាម៉េរិក) តែក៏នឹងត្រូវបានលើកទឹកចិត្តដោយកន្លែងបោះឆ្នោតជាច្រើនមានកន្លែងទទួលអាហារសាច់អាំងសំរាប់អ្នកបោះឆ្នោតថែមទៀត។ការបោះឆ្នោតនេះនឹងកំណត់ថានរណាគ្រប់គ្រងសភា ព្រឹទ្ធសភា ហើយនឹងនរណានៅក្នុងតំណែងនាយករដ្ឋមន្ត្រី។
ការស្ទង់មតិពីរលើកចុងក្រោយ បង្ហាញគណបក្សការងារនាំមុខក្រុមចំរុះដឹកនាំដោយគណបក្សសេរីនិយមរបស់លោកម៉ូរីសុនចំនួនប្រាំមួយពិន្ទុះ តែខណៈការប្រកួតប្រជែងនៅប្រកៀកប្រកិត គ្មានគណបក្សណាធានាជោគជ័យដាច់ឡើយ៕
ម៉ូរីសុន អួតអំពីអត្រាការងារធ្វើខ្ពស់ក្រោមការដឹកនាំរបស់លោក