ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកវិទ្យាសាស្ត្រ ដែលបានតាមដានការរីករាលដាលច្រើនឡើងនៃជំងឺឃ្លង់ស្វា(អុតស្វា)នៅទ្វីបអាហ្វ្រិក បាននិយាយថាពួកគេកំពុងទាល់តម្រិះចំពោះការរីករាលដាលនៃជំងឺនេះនៅទ្វីបអឺរ៉ុបនិងអាម៉េរិកខាងជើង។
ករណីនៃជំងឺដែលទាក់ទងនឹងជំងឺអុតស្វានេះពីមុនត្រូវបានរកឃើញតែក្នុងចំណោមមនុស្សដែលមានទំនាក់ទំនងជាមួយអាហ្វ្រិកកណ្តាលនិងខាងលិចប៉ុណ្ណោះ។ ប៉ុន្តែកាលពីសប្តាហ៍មុន ចក្រភពអង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី សហរដ្ឋអាម៉េរិក ស៊ុយអែត និងកាណាដា សុទ្ធតែបានរាយការណ៍ពីការឆ្លងជំងឺនេះដែរ ដែលភាគច្រើនឆ្លងចំពោះបុរសវ័យក្មេងដែលមិនបានធ្វើដំណើរទៅអាហ្វ្រិកពីមុន។
អង្គការសុខភាពពិភពលោក (WHO)បាននិយាយថាមានករណីដែលបានបញ្ជាក់ប្រហែល ៨០ នៅទូទាំងពិភពលោក និង ករណីសង្ស័យ ៥០ ផ្សេងទៀត។ ប្រទេសបារាំង អាល្លឺម៉ង់ បែលហ្ស៊ិកនិងអូស្ត្រាលីបានរាយការណ៍ករណីដំបូងរបស់ពួកគេកាលពីថ្ងៃសុក្រទី២០ឧសភា។
លោក អូយ៉េវែល តូម៉ូរី (Oyewale Tomori) ជាអ្នកឯកទេសខាងមេរោគ ដែលធ្លាប់ជាប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រនីហ្សេរីយ៉ា និងដែលអង្គុយនៅក្រុមប្រឹក្សាជាច្រើនរបស់ WHO បាននិយាយថា “ខ្ញុំស្រឡាំងកាំងនឹងរឿងនេះ។ រាល់ថ្ងៃខ្ញុំភ្ញាក់ឡើងមានប្រទេសជាច្រើនបានឆ្លងមេរោគនេះ”។
លោកបាននិយាយថា “នេះមិនមែនជាប្រភេទនៃការរីករាលដាលដែលយើងបានឃើញនៅអាហ្វ្រិកខាងលិចទេ ដូច្នេះប្រហែលជាមានអ្វីថ្មីកើតឡើងនៅលោកខាងលិច”។
រហូតមកទល់ពេលនេះមិនមានអ្នកណាម្នាក់ស្លាប់ដោយសារជំងឺនេះទេ។ ជំងឺឃ្លង់ស្វាជាធម្មតាបណ្តាលឱ្យក្តៅខ្លួន ញាក់ កន្ទួល និងដំបៅនៅលើមុខ ឬប្រដាប់ភេទ។ WHO ប៉ាន់ប្រមាណថាជំងឺនេះអាចបណ្តាលឱ្យស្លាប់ម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់ ប៉ុន្តែវ៉ាក់សាំងជំងឺអុតស្វាយគឺអាចការពារបាន ហើយថ្នាំប្រឆាំងមេរោគមួយចំនួនកំពុងត្រូវបានបង្កើតឡើង៕
ឃ្លង់ស្វាកំពុងរាលដាលលើពិភពលោកយ៉ាងរហ័សជាពិសេសនៅអឺរ៉ុបនិងសហរដ្ឋអាម៉េរិក