​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ស្ត្រី​ម្នាក់​បាន​ដោះអាវ​រត់​លើ​កម្រាលព្រំ​ក្រហម​ក្នុង​មហោស្រព​ភាពយន្ត​ក្រុង​កាន​ដើម្បី​បង្ហាញ​ខ្លួន​ប្រាណ​របស់​នា​ង​ដែល​លាប​ពណ៌​ទង់ជាតិ​អ៊ុយ​ក្រែន​ជាមួយ​ពាក្យ​សរសេរថា “​ឈប់​រំលោភ​យើង​” ក្នុង​ការតវ៉ា​តែម្នាក់ឯង​កាលពី​ថ្ងៃ​សុក្រ ទី​២០ ឧសភា​។​

​បាតុករ​ស្លៀក​ខោស្លីប​ក្រហម​រូបនេះ​បាន​ស្រែក​ឆោឡោ​និង​ឈរ​ឱ្យ​គេ​ថតរូប មុនពេល​ត្រូវ​បាន​ក្រុម​សន្តិសុខ​នាំចេញ​ទៅ​បាត់​។​

​រឿង​ភ្ញាក់ផ្អើល​នេះ​បាន​រំខាន​ដល់​ក្បួន​ដង្ហែ​របស់​ភ្ញៀវ​ក្នុង​សម្លៀក​បំពាក់​ល្អ​ឯក​នា​ពេល​ល្ងាច រួមទាំង ធី​ល​ដា ស្វីន​តុ​ន (Tilda Swinton) និង អ៊ី​ឌ្រី​ស អែល​បា (Idris Elba)​ដែល​ចូលរួម​​ការ​បញ្ចាំង​លើកដំបូង​នៃ​ខ្សែភាពយន្ត​របស់​ពួកគេ គឺ​រឿង Three Thousand Years Of Longing ដឹកនាំ​ដោយ​លោក ច​ច មី​ល​ល័​រ (George Miller)​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយ​កាលពី​ខែ​មុន​ថា ក្រុម​អ្នក​ស៊ើបអង្កេត​បានទទួល​របាយការណ៍​នៃ “​ករណី​រំលោភ​សេពសន្ថវៈ​រាប់រយ​”​នៅក្នុង​តំបន់​ដែល​ធ្លាប់​កាន់កាប់​​ដោយ​ទាហាន​រុស្ស៊ី រួម​ទាំង​ការរំលោភ​ផ្លូវភេទ​លើ​កុមារ​តូចៗ​ផងដែរ​។​

​លោក​ហ្សេ​លេន​ស្គី ជា​អតីត​តារា​សម្តែង បាន​អំពាវនាវ​តាម​វីដេអូ​សុំ​ជំនួយ​សម្រាប់​ប្រទេស​របស់​គាត់​នៅឯ​ពិធី​បើក​មហោស្រព​ក្រុង​កាន​កាលពី​ថ្ងៃ​អង្គារ​។​

​សង្គ្រាម​បាន​ក្លាយជា​ប្រធានបទ​សំខាន់​រួច​ទៅ​ហើយ​នៅក្នុង​មហោស្រព​នេះ​ជាមួយនឹង​ការ​បញ្ចាំង​ជាពិសេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នូវ​ខ្សែភាពយន្ត​ឯកសារ Mariupolis 2 ដឹកនាំ​ដោយ​បុរស​ជនជាតិ​លី​ទុយ​អា​នី លោក ម៉ាន​តាស ក្វេ​ដារា​វី​សៀ​ស (Mantas Kvedaravicius) ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ខែ​មុន​ដោយ​កងកម្លាំង​រុស្ស៊ី​៕

បាតុករ​ស្រី​ដោះអាវ​អុកឡុក​លើ​កម្រាលព្រំ​ក្រហម​នៅ​ក្រុង​កាន​កាលពី​ថ្ងៃ​សុក្រ