​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួ​ន (UNHCR)​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ ទី​២០ ឧសភា​ថា​ប្រទេស​នានា​ដែល​ផ្តោត​លើ​ការជួយ​​អ៊ុយ​ក្រែន​មិនគួរ​ព្រងើយកន្តើយ​ចំពោះ​វិបត្តិ​ផ្សេងទៀត​ដែល​ទំនង​កាន់តែ​អាក្រក់​ទៅៗ​ដោយសារ​សង្គ្រាម​នោះ​ទេ​។​

​លោក ហ្វី​លីព​ប៉ូ ហ្គ្រា​ន​ឌី (Filippo Grandi) បាន​និយាយថា “​វិបត្តិ​ដ៏​ធំ​” នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ននឹង​បង្កើន​ចំនួន​អ្នក​ផ្លាស់​ទីលំនៅ​នៅ​ទូទាំង​ពិភពលោក​លើសពី ៨៤​លាន​នាក់​ដែល​វា​បាន​​ឈាន​ដល់​នៅ​ចុងឆ្នាំ ២០២១ ជាមួយនឹង​ជនភៀសខ្លួន​ប្រហែល ៦ លាន​នាក់​មកពី​អ៊ុយ​ក្រែ​ននិង ៨ លាន​នាក់​ផ្លាស់​ទីលំនៅ​នៅក្នុង​ប្រទេស​។​

​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​លោក យ៉ូ​សេប បូរែ​ល (Josep Borrell) ដែល​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​នៃ​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​សហភាព​អឺរ៉ុប​ដែល​លោក​ហ្គ្រា​ន​ឌី​បាន​ចូលរួម បាន​និយាយថា ប្រធាន UNHCR​បាន​ប្រាប់​ពួកគេ​ថា តួលេខ​កំពុង​ឈាន​ជិត​ដល់ “​បន្ទាត់​ក្រហម​” ១០០ លាន​នាក់ ដែល​ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពី​ផ្ទះ​របស់​ពួកគេ​។​

​លោក​ហ្គ្រា​ន​ឌី​បាន​និយាយ​មុន​កិច្ចប្រជុំ​ថា “​ជា​អកុសល វិបត្តិ​ជនភៀសខ្លួន​ជា​សកល​កំពុង​កើនឡើង​។ ខ្ញុំ​គិតថា សារសំខាន់​មួយ​…​គឺថា មិនមែន​មាន​តែ​អ៊ុយ​ក្រែនទេ​ហើយយើង​មិនគួរ​ភ្លេច​វិបត្តិ​​ផ្សេង​នោះទេ​”​។​

​លោក​បាន​និយាយថា “​ជាដំបូង​ដោយសារតែ​អ៊ុយ​ក្រែន​មាន​ផលប៉ះពាល់​លើ​ស្ថានភាព​ផុយស្រួយ​ជាច្រើន​ទៀត​ដូចជា សន្តិសុខ​ស្បៀង វិបត្តិ​ថាមពល ការកើនឡើង​តម្លៃ​ទំនិញ អស្ថិរភាព​ហើយ​បន្ទាប់​មក​វា​​អាច​បណ្តាលឱ្យ​មាន​ការ​ផ្លាស់​ទីលំនៅ​កាន់តែច្រើន​”​។​

​លោក​ហ្គាន​ឌី​បាន​ជំរុញ​សមាជិក​សហភាព​អឺរ៉ុប​និង​ប្រទេស​ដទៃ​ទៀត​កុំឱ្យ​កាត់បន្ថយ​ជំនួយ​អភិវឌ្ឍន៍​ក្រៅ​ប្រទេស​ដោយសារ​តែ​ការចំណាយ​ខ្ពស់​ទាក់ទង​នឹង​វិបត្តិ​អ៊ុយ​ក្រែន​ដូច​ជា​ដើម្បី​ទប់ទល់​នឹង​លំហូរ​​ជនភៀសខ្លួន ដូច​ដែល​ស៊ុយអែត​បាន​ធ្វើ​។​

​លោក​និយាយថា “​ប្រសិនបើ​យើង​ធ្វើ​បែប​នោះ​ហើយ​នៅពេល​ជាមួយគ្នា​នេះ​យើង​ធ្វើ​ឱ្យ​ការឆ្លើយតប​នៅ​កន្លែង​ផ្សេង​ទៀត​ចុះខ្សោយ នោះ​វា​នឹង​ជះ​ផល​ប៉ះពាល់​មក​វិញ​។ បន្ទាប់មក​យើង​នឹង​ត្រូវ​រ៉ាប់រង​​ការចំណាយ​ខ្ពស់ជាង​នេះ​នៅ​កន្លែង​ផ្សេង​ទៀត​”​។​

​លោក​បូរែ​លបាន​និយាយថា សហភាព​អឺរ៉ុប​បានដឹង​ថា​សង្គ្រាម​អ៊ុយ​ក្រែន​បានធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់​ដែល​ងាយ​រងគ្រោះ​។ លោក​បាន​និយាយថា ប្លុក​នេះ​បាន​សន្យា​ផ្តល់ប្រាក់​រួចហើយ​នៅ​ក្នុង​សន្និសីទ​សម្រាប់​តំបន់​ស្នែង​អាហ្វ្រិក ព្រមទាំង​តំបន់​សា​ហែល (Sahel) និង​បឹង​ឆាដ (Lake Chad)​។​

​លោក​បាន​និយាយថា “​យើង​ដឹង​យ៉ាងច្បាស់​ថា បន្ទាប់​ពី​ការទូត​ម៉ាស់ ដែល​គេ​នៅ​ចាំ​បាន​នៅ​ដើមដំបូង​នៃ​ជំងឺ​កូវី​ដ បន្ទាប់មក​មាន​ការទូត​វ៉ាក់សាំង ឥឡូវ​នេះ​យើង​កំពុង​ឈានចូល​ដំណាក់កាល​នៃ​ការទូត​អាហារ​វិញ​ម្តង​”៕

​លោកស្រី ម៉ា​រៀម អា​លី កំពុង​ផ្តល់​អាហារ​ដល់​កូនប្រុស​ខ្វះ​អាហារូបត្ថម្ភ​របស់​គាត់​ឈ្មោះ ហាស​សាន់ អា​លី នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​អិន​ឌី​ចា​មេ​ណា ប្រទេស​ឆាដ កាលពី​ថ្ងៃទី​១៣ ឧសភា ឆ្នាំ​២០២២