​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពីពេល​ថ្មីៗ​នេះ​ក្រុមមន្ត្រី​ជំនាញ​កម្ពុជា​និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ប្រជុំពិភាក្សា​លើ​យុទ្ធសាស្ត្រ​អឺរ៉ុប​រួម ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​នៅ​កម្ពុជា​ឆ្នាំ​២០២១-២០២៧ (Joint European Strategy for Development Cooperation with Cambodia 2021-2027) ក្រោម​ការដឹកនាំ​ដោយ​សហប្រធាន​លោក ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណ​:​ក​ម្មា​ធិ​ការ​នីតិសម្បទា​និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី ខា​មេន មូ​រ៉េ​ណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​ក្រសួង​-​ស្ថាប័ន​ជាតិ និង​អន្តរ​ជាតិប្រមាណ ៧០​រូប​។

​តាម​ការ​ជម្រាបជូន​ដោយ​ភាគី​សហភាព​អឺរ៉ុប យុទ្ធសាស្ត្រ​អឺរ៉ុប​រួម​ហៅ​កាត់​ថា “JES” មាន​គោលបំណង​លើកកម្ពស់​សង្គតិភាព​នៃ​គោលនយោបាយ​អឺរ៉ុប បង្កើន​ការយល់ដឹង​អំពី​ការប្តេជ្ញាចិត្ត​រួម​របស់​អឺរ៉ុប និង​ធានាឱ្យមាន​លទ្ធផល​កាន់តែ​ប្រសើរឡើង នូវ​កិច្ចសហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​កម្ពុជា​-​សហភាព​អឺរ៉ុប​។ បន្ថែម​ពីនេះ ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង​០៦​នៃ​គម្រោង​គាំទ្រ​របស់​ភាគី​សហភាព​អឺរ៉ុប មាន​មួយផ្នែក ផ្តោតលើ​ការបង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់ និង​សកល​តាមរយៈ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​វិស័យ​ឯកជន ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​បរិយាកាស​ធុរកិច្ច និង​ការជំរុញ​ផលិតកម្ម​ប្រកបដោយ​ចីរភាព ក៏ដូចជា​ការអនុវត្ត​ការងារ​សមរម្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ ផងដែរ​។​

​នាឱកាស​នោះ លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ជម្រាប​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ជាពិសេស​ក្រសួងពាណិជ្ជកម្ម​ដែលជា​សេនាធិការ ក្នុង​កិច្ច​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី និង​ការធ្វើកំណែទម្រង់​ច្បាប់​និង​ប្បញ្ញត្តិ​ជាដើម​…​បន្ថែម​ពី​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ពាណិជ្ជកម្ម រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​បរិយាកាស​អំ​ណោ​យ​ផល​សម្រាប់​វិនិយោគិន និង​ធុរជន តាមរយៈ​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​លើកទឹកចិត្ត​ការវិនិយោគ​។

​លោក​ក៏បាន​សំណូមពរ​ឱ្យ​ការអនុវត្ត​យុទ្ធសាស្ត្រ​អឺរ៉ុប​រួម​ឆ្លើយតប​ជាក់ស្តែង​ជាមួយ​ផែនការ​សកម្មភាព និង​ទស្សនវិស័យ​ដែល​កម្ពុជា​បាន​បង្កើត និង​បញ្ជ្រាប​ទៅក្នុង​យុ​ទ្ទ​សាស្ត្រ និង​គោលនយោបាយ​សំខាន់ៗ​ដូចជា យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​, យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣, យន្ត​ការដែល​ដាក់ចេញ​ក្រោម​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩​តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣, និង​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ជាអាទិ៍​៕​