ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ពីរ ដោយមាន​ទីតាំងនៅ​តាកែវ និង នៅ កំពង់ស្ពឺ​មាន​ទុន​សរុប ប្រមាណ​ជា ជាង ៦ លាន​ដុល្លារ និង ផ្តល់​ការងារ​ធ្វើ​ជិត ១.៣០០ កន្លែង ។​

​ប្រភព​ដដែល​បាន​បន្តថា គម្រោង​ទី​១ គឺ បាន​ទៅ​ក្រុមហ៊ុន SANJIN (CAMBODIA) KNITTING TECHNOLOGY CO., LTD លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ភ្ញី ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ទុនវិនិយោគ​ប្រមាណ ៣,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២០៩​កន្លែង​។​

​ប្រភព​ដដែល​បាន​បន្តថា គម្រោង​ទី​ពីរ គឺ ក្រុមហ៊ុន HAO TIAN MAKE CLOTHES ASSIST MATERIAL CO., LTD. លើ​គម្រោង​បង្កើត​រោងចក្រ​ត្បាញ​ខ្សែ​បន្ទះ ខ្សែយឺត និង​ខារ​អំបោះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៩០​កន្លែង​៕​