ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​លើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​ជា​មធ្យម​១៨​ម៉ែត្រ​ក្នុង​មួយ​វិនាទី​និង​រលក​សមុទ្រ​ជា​មធ្យម​១,៥​ម៉ែត្រ​ជាពិសេស​ក្នុង​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ​ដោយមាន​ភ្លៀង​ធ្លាក់​ច្រើន​មកជា​មួយ​ផង ឯ​រាជធានី​និង​ខេត្ត ផ្សេងទៀត​ក៏​នៅតែមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​បន្តបន្ទាប់ តែ​មិន​ព្រម​ពេល​ជាមួយគ្នា​ទេ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០២២​ថា​ស្ថានភាព​ភ្លៀង នៅតែ​បន្ត​មាន​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស តែ​មិន​ព្រម​ពេល​ជាមួយគ្នា​ទេ គឺ​ម្តង​ខាង​នេះ​និង​ម្តង​ខាង​នោះ​។ សម្រាប់​តំបន់​មាត់សមុទ្រ​ពិសេស​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​រាល់ថ្ងៃ​ក្នុង​បរិមាណ​ច្រើន​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា​ជាមួយនឹង​ការធ្លាក់​ភ្លៀង​ច្រើន ក៏មាន​ខ្យល់​ខ្លាំង​និង​រលក​ខ្ពស់ៗ​នៅលើ​ផ្ទៃសមុទ្រ​។ ខ្យល់​មាន​ល្បឿន​លើសពី​១៨ ម៉ែត្រ​ក្នុង​មួយ​វិនាទី​និង​រលក​លើ​ផ្ទៃសមុទ្រ​មាន​កម្ពស់​ជា​មធ្យម​១,៥​ម៉ែត្រ មាន​រយៈពេល​ច្រើន​ថ្ងៃ​។​
ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០២២​បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​២៤​ខែឧសភា​ថា​
​ព្រះរាជា​ណា​កម្ពុជា​នៅក្នុង​សប្តាហ៍​នេះ​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ក្នុង​កម្រិត​មធ្យម​និង​ខ្យល់មូសុង​នីរ​តី​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​អាច​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង លាយឡំ​ដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​


ក្នុង​សេចក្តីជូនដំណឹង​បានសរសេរថា​ស្ថានភាព​បែប​ខាងលើនេះ​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តាល​មាន​ស៊ីត​ណ្ហ​ភាព​អប្ប​បរិ​មា​ពី​២៤​ទៅ​២៦​អង្សា​សេ ស៊ីត​ណ្ហ​ភាព​អតិបរិមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ត​ពី​មធ្យម​ទៅ​ខ្លាំង លាយឡំ​ដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់ ។ នៅ​អំឡុង​ពីថ្ងៃ​២២​ដល់​២៤​ខែឧសភា​បរិ មាណទឹក​ភ្លៀង​នឹង​ចុះថមថយ​បន្តិច​ទៅវិញ​។

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ​។​អាច​នឹងមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​។​

​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ទន្ទឹម​នោះ​នៅលើ​ផ្ទៃសមុទ្រ​ក៏​អាចមាន​ភ្លៀង​ផ្គរ រន្ទះ ខ្យល់​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់​ផងដែរ​៕​