ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ: ការប្រកួតកីឡាម៉ូតូទឹកជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លើកដំបូងត្រូវបានកីឡាករបរទេស និងគណៈកម្មការជំនាញអន្តរជាតិវាយតម្លៃថា «ស្របតាមស្តង់ដារអន្តរជាតិ»។
លោកណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា អះអាងថា ទាំងការត្រួតពិនិត្យបច្ចេកទេសផ្សេងៗក្នុងការប្រកួត ដូចជាការរៀបចំទីលានប្រកួត ការផ្តល់ពិន្ទុ ការវាយតម្លៃអាជ្ញាកណ្តាល ចៅក្រម និងការត្រួតពិនិត្យគ្រឿងម៉ាស៊ីនក៏ទទួលបានការកោតសរសើរ ពីអ្នកជំនាញអន្តរជាតិដែរ។
លោកប្រធានសហព័ន្ធបន្តថា ដំបូងគណៈកម្មការកម្ពុជារៀបចំការប្រកួត៤វិញ្ញាសារ ក្នុងចំណោម៧វិញ្ញាសារ គឺទទួលបានលទ្ធផលល្អមិនរអាក់រអួលអ្វីនោះទេ។ ការប្រកួតនេះដែរ កីឡាករកម្ពុជាធ្វើបានល្អដូចការគ្រោងទុករបស់សហព័ន្ធដែលបានដាក់ចេញនូវគោលការណ៍បង្កើនសិទ្ធផលអត្តពលិក និងពង្រឹងសមត្ថភាពមន្ត្រីរៀបចំការប្រកួតរបស់សហព័ន្ធឲ្យកាន់តែល្អ ត្រៀមរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។
ប្រមុខសហព័ន្ធកីឡាម៉ូតូទឹករូបនេះបញ្ជាក់ទៀតថាក្នុងចំណោម៤វិញ្ញាសារ កីឡាករកម្ពុជាធ្វើបានល្អលើ៣វិញ្ញាសារ ដោយទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។
ទាំងនេះសបញ្ជាក់ថាសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតជាពិសេសការដណ្តើមមេដាយជូនជាតិពីព្រឹត្តិការណ៍ប្រកួតអន្តរជាតិនានា។
ការប្រកួតអន្តរជាតិនេះកម្ពុជាបានអញ្ជើញគណៈកម្មការអន្តរជាតិដែលមានសមាជិក១៣នាក់មកជួយបង្រៀននិងពង្រឹងចំណេះជំនាញមន្ត្រីបច្ចេកទេសរៀបចំការប្រកួត តាំងពីបណ្តុះបណ្តាលនៅប្រទេសថៃរហូតដល់ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ព្រឹត្តិការណ៍នេះមានកីឡាករ៦០នាក់មកពី៤ប្រទេសចូលរួម គឺម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ៕