ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន និង​សម​ភាគី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​-​យ៉ូល​បាន​និយាយថា ពួកលោក​នឹង​ពិចារណា​ពង្រីក​ទំហំ​សមយុទ្ធ​យោធា​ដើម្បី​រារាំង​​ការ​គំរាម​ប្រើ​នុយក្លេអ៊ែរ​មកពី​កូរ៉េខាងជើង ចំពេល​មួយ​ដែល​មាន​សង្ឃឹម​តិចតួច​អំពី​កិច្ចការ​ទូត​ជាក់ស្តែង​លើ​បញ្ហា​រំសាយ​ចោល​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

​លោក​យូ​ន​បាន​បញ្ជាក់​អះអាង​ឡើងវិញ​ក្នុង​សន្និសីទកាសែត​មួយ​ថា ពួក​លោក​មាន​គោលដៅ​រួមគ្នា​មួយ​គឺ​រំសាយ​ចោល​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទាំងស្រុង និង​ប្រទេស​ទាំងពី​អាម៉េរិក​និង​កូរ៉េខាងត្បូង​«​ប្តេជ្ញា​រក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់​» ក្រោយ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុ​យក្រែន​។​

​សេចក្តីថ្លែងការណ៍​នេះ​ទំនង​ជា​ការដាក់ចេញ​ដំណាក់កាល​ថ្មី​មួយ​ដែល​អាម៉េរិក​និង​សម្ពន្ធមិត្ត​ត្រូវ​ដោះស្រាយ​ជាមួយនឹង​​កូរ៉េ​ខាងជើង​។​វា​អាច​នាំ​អោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​កាន់​​តែ​ខឹងក្រេវក្រោធ​និង​បញ្ចេញ​អ្វី​មួយ​ជា​ការឆ្លើយតប​។​

​ទោះជា​បង្ហាញ​ជំហរ​យោធា​តឹង​ត្អឹង ក៏​លោក​យូ​ន​បាន​ប្រកាស​សុំ​ផ្តល់​វ៉ាក់សាំង​ដល់​កូរ៉េខាងជើង​ដែល​កំពុង​ជួប​ការផ្ទុះកូ​វីដ​១៩​ដ៏​អាក្រក់​បំផុត និង​ថា​លោក​ត្រៀម​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​​ដោយ​«​ស្មោះ​និង​មែនទែន​»​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា «​បាទ យើង​សុំ​ផ្តល់​វ៉ាក់សាំង​មិន​ត្រឹមតែ​កូរ៉េខាងជើង តែ​ចិន​ផងដែរ​។​យើង​ត្រៀម​ធ្វើ​វា​ភ្លាម តែ​មិន​បាន​ចម្លើយ​តប​ទេ​»​។​

​ថ្លែង​ទៅ​កាន់​អ្នកយកព័ត៌មាន​នៅ​លើ​យន្តហោះ​នៅ​ពេល​លោកបៃ​ដិន​ធ្វើដំណើរ​មក​កាន់​កូរ៉េ​ខាងត្បូង ទីប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេត​វិមាន លោក ជេ​ក ស៊ុល​លី​វ៉ាន បាន​និយាយថា​អាម៉េរិក​បាន​សម្រប​​សម្រួល​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​និង​តូ​ក្យូ អំពី​ថា​តើ​ត្រូវ​ឆ្លើយតប​យ៉ាងណា​បើសិនជា​កូរ៉េខាងជើង​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែ​រ ឬ​កាំជ្រួច​ក្នុងពេល​លោកបៃ​ដិន​កំពុងស្ថិត​នៅ​ក្នុង​តំបន់ ឬ​ក្រោយ​​ចាក​ចេញ​ភ្លាម​។​

​លោក​ស៊ុល​លី​វ៉ាន ក៏​បាន​និយាយ​ជាមួយ​សម​ភាគី​ចិន យ៉ាង យី​ជិ នៅពេល​មុន​នេះ​ក្នុង​សប្តាហ៍​នេះ និង​បាន​ទទូច​សុំ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​បញ្ចុះ​បញ្ចូល​អោយ​កូរ៉េខាងជើង​កុំ​ធ្វើការ​​សាកល្បង​៕

​លោកបៃ​ដិន និង​យូ​ន ធ្វើ​សន្និសីទកាសែត​ក្រោយ​កិច្ចប្រជុំ​នៅ​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​សៅរ៍​