​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Rolls-Royce បានបង្ហាញ​រថយន្ត​ទី​ពីរ​នៅក្នុង​ត្រកូល Boat Tail របស់​ខ្លួន​ដែល​ជា​ស៊េរី​រថយន្ត​ថ្មី​ថ្លៃ​បំផុត​តែ​បី​គ្រឿង​ប៉ុណ្ណោះ​នៅលើ​ពិភពលោក ដែល​មាន​តម្លៃ​សរុប ៦០ លាន​ផោន (៧៥ លាន​ដុល្លារ​) ហើយ​វា​ជា​គុជ​ខ្យង​។​

​ទិញ​យក​ដោយ​គ្រួសារ​សម្ងាត់​និង​មិន​បញ្ចេញ​ឈ្មោះ​ដែល​កសាង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​នៅក្នុង​ពាណិជ្ជកម្ម​គុជ រថយន្ត​ប្រណីត​បើក​ដំបូល​តម្លៃ ២០​លាន​ផោន​នេះ​មាន​លក្ខណៈ​ពិសេស​ផ្នែក​ខាងក្រៅ​និង​​ផ្នែក​ខាងក្នុង​ធ្វើ​ពី​គុជ​ខ្យង​។ នេះ​រួម​បញ្ចូល​ទាំង​នាឡិកា​តាប្លូ​និង​ឧបករណ៍​ប្រណីតៗ​ជាច្រើន​ទៀត​។​

​នៅ​កៅអី​ក្រោយ​គឺជា “​កន្លែង​ស្វាគមន៍​ភ្ញៀវ​” ដែល​មាន​តុ​អាហារ ទូ​ដាក់​ភេសជ្ជៈ និង​ម៉ាស៊ីនកំដៅ​អាហារ កៅអី​បត់ តុ​ពង្រីក និង​សូម្បី​តាំង​យូ ដែល​លាក់​នៅក្រោម​ទ្វារ​មេអំបៅ​មួយគូ​។​

Rolls-Royce បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​អតិថិជន​ដែល​ទិញ​រថយន្ត​ថ្លៃ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នោះ​ទេ ប៉ុន្តែ​និយាយថា រថយន្ត Boat Tail​ថ្មី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​​ជាង​កែច្នៃ​វត្ថុ​ប្រណីតៗ​របស់​ខ្លួន​សម្រាប់​គាត់ “​ដើម្បី​គោរព​ដល់​ឪពុក​និង​មរតក​គ្រួសារ​របស់គាត់​”​។​

​ផលិត​ដោយ​ដៃ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន Rolls-Royce នៅ​ទីក្រុង​ហ្គោដ​វូដ (Goodwood) ក្នុង​ខេត្ត​ស៊ូ​ស​សិច (Sussex) ដែល​មាន​បុគ្គលិក​ជាង ២.០០០ នាក់ រថយន្ត​កៅអី​បួន​ទ្វារ​ពីរ​នេះ​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ Concorso d’Eleganza ដ៏​មាន​កិត្យានុភាព​នៅឯ​វី​ល​ឡា​ដឺ​អេ​ស្តេ (Villa d’Este) នៅ​ច្រាំង​នៃ​បឹងកូ​ម៉ូ (Como) ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃ​សៅរ៍​នេះ​។​

​ម៉ូ​ដែល Boat Tail ផ្តាច់មុខ​ទី​ពីរ​នេះ​គឺ​ផលិត​ដោយ​ដៃ​ទាំងស្រុង ជាមួយនឹង​បន្ទះ​តួ​គឺ​ផលិត​ពី​អាលុយមីញ៉ូម​សន្លឹក​ជាច្រើន ដើម្បី​បង្កើតបានជា​គ្រោង​ឡាន​ដ៏​ពិសេស​ដែល​ត្រូវបាន​បំផុសគំនិត​ដោយ​​ទូកប្រណាំង​នៅ​ដើម​សតវត្ស​ទី ២០ ។​

​រថយន្ត​នេះ​ក៏​ប្រើ​សំបក​គុជ​ខ្យង​ដែល​បាន​សម្រិត​សម្រាំង​ពិសេស​ចំនួន​បួន​និង​ម៉ែ​គុជ​ខ្យង (mother of pearl)​សម្រាប់​ធ្វើ​ជា​ពណ៌​និង​ការ​រចនា​របស់​វា​ផងដែរ​៕

រថយន្ត Boat Tail នឹង​តាំង​បង្ហាញ​នៅ​អ៊ីតាលី​ថ្ងៃ​សៅរ៍​នេះ