​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ យោធា​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ខ្លួន​បាន​បំផ្លាញចោល​ឃ្លាំង​អាវុធ​ធំ​មួយ​របស់​លោក​ខាងលិច​នៅ​តំបន់​ហ្ស៊ី​តូ​មៀ​(Zhytomyr)​នៅ​ខាងលិច​ទីក្រុង​គៀវ​របស់​​អ៊ុ​យក្រែន ដោយ​ប្រើ​កាំជ្រួច​បណ្តែត​Kalibr​បាញ់​ចេញពី​សមុទ្រ​។​

​ក្រសួង​ការពារជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការវាយប្រហារ​ធ្វើ​ឡើង​លើ​សព្វាវុធ​និង​គ្រឿង​បរិក្ខា​យោធា​បញ្ជូន​មក​អោយ​ដោយ​អាម៉េរិក​និង​បណ្តា​ប្រទេស​អឺរ៉ុប​សំរាប់​កងកម្លាំង​អ៊ុយ​​ក្រែន​ប្រយុទ្ធ​នៅតំ​បន់ដុន​បាស ។​

​យោធា​រុស្ស៊ី​ក៏​បាន​អះអាង​ថា​ខ្លួន​បាន​វាយប្រហារ​ទីតាំង​ស្តុក​ប្រេង​នៅក្បែរ​ក្រុង​អូ​ដេសា​(Odesa)​នៅ​ឆ្នេរសមុទ្រ​ខ្មៅ និង​បាញ់​ទម្លាក់​យន្តហោះ​Su-25​របស់​អ៊ុយ​ក្រែន​ពីរ​គ្រឿង​ព្រមទាំង​ដ្រូ​ន​១៤​គ្រឿង​​ផងដែរ ទោះជា​យ៉ាងណា​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​មិនអាច​សុំ​ការបញ្ជាក់​ពី​ប្រភព​ឯករាជ្យ​ណា​បានទេ​។​

​លោក​ខាងលិច​បាន​ព្យាយាម​បង្កើន​ការផ្គត់ផ្គង់​សព្វាវុធ​ដល់​អ៊ុយ​ក្រែន​ចាប់តាំងពី​រុស្ស៊ី​ចូលលុកលុយ​ប្រទេស​ក្បែរ​ខាង​ខ្លួន​កាលពី​ថ្ងៃ​២៤​កុម្ភៈ នៅពេល​យោធា​រុស្ស៊ី​ខិតខំ​រារាំង​និង​បំផ្លាញ​វា​ចោល​ផងដែរ​។​

​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​និយាយថា ការដឹកជញ្ជូន​សព្វាវុធ​អោយ​អ៊ុ​យក្រែន រួម​ទាំង​ទណ្ឌកម្ម​លើ​ខ្លួន ស្មើ​នឹង​ការ​ធ្វើ​សង្គ្រាម​ប្រុក​ស៊ី​(​ពួក​តំណាង​)​ដោយ​អាម៉េរិក​និង​សម្ពន្ធមិត្ត​៕