ដោយៈ គង់​ហេង / កំពង់ចាមៈ នៅ​ថ្ងៃទី​២១ ឧសភា នេះ ជា​ថ្ងៃ​ដំបូង នៃ​យុទ្ធនាការ ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ​តិ្ត​ទី ៥ ឆ្នាំ​២០២២​នេះ គឺមាន​គណ​បក​ប្ស​ចំនួន ប្រាំ ក្នុងចំណោម​គណបក្សនយោបាយ សរុប​ចំនួន ១៣ ដែល​បាន​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​លោកស្រី យឹម សុធា​នី ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត ខេត្តកំពង់ចាម បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ២១ ឧសភា​នេះ​ថាៈ ក្នុងនោះ​មាន គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​ភ្លើងទៀន​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​, គណបក្ស​ស្រឡាញ់​ខ្មែរ និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា​។​

​លោកស្រី ប្រាប់ឱ្យដឹង​ទៀតថាៈ រយៈពេល​មួយ​ព្រឹក នៃ​ការឃោសនា​របស់​គណបក្ស​ទាំង ប្រាំ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គឺមាន​ភាពល្អប្រសើរ ដំណើរការ​ដង្ហែ តាម​គោលដៅ​ទីតាំង​របស់ គណបក្ស​នីមួយៗ មិនមាន​ភាពមិនប្រក្រតី​ណាមួយ និង​ក៏​មិនមាន​អំពើហិង្សា​ណាមួយ កើតឡើង​ដែរ​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ឃោសនា​ទ្រង់ទ្រាយ​ធំជាងគេ នៅ​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម​។​

​សូមបញ្ជាក់ថាៈ ខេត្តកំពង់ចាម មាន​គណបក្សនយោបាយ ចំនួន ១៣ បាន​ចូលរួម​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ក្នុងនោះ​មានៈ ១. គណបក្ស ប្រជាជន​កម្ពុជា​, ២.​គណបក្ស​ខ្មែរ​រួបរួម​, ៣.​គណបក្ស​ភ្លើងទៀន​, ៤. គណបក្ស​កែទម្រង់ កម្ពុជា​, ៥. គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​, ៦. គណបក្ស​សញ្ជាតិ​កម្ពុជា​, ៧.​គណបក្ស​សំបុក​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ​, ៨.​គណបក្ស​ខ្មែរ​តែមួយ​, ៩.​គណបក្ស​ហ្វុ​៊​ន​ស៊ិនប៉ិច​, ១០.​គណបក្ស​មូល ដ្ឋា​ន​, ១១.​គណបក្ស​យុវជន​កម្ពុជា​, ១២.​គណបក្ស​កម្ពុជា​និយម និង ១៣.​គណបក្ស​ឆន្ទៈ ខ្មែរ​៕/V​