ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ នៅថ្ងៃបើកឆាកដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា នេះ គឺការឃោសនារបស់គណបក្សនយោបាយទាំង១៧ នៅទូទាំងប្រទេស គឺបានប្រព្រឹត្តទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងនោះទេ ដែលនេះបង្ហាញពីភាពចាស់ទុំរបស់គណបក្សនយោបាយ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោកហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី២១ ខែឧសភានេះថា មុនខការឃោសនាមកដល់គណបក្សនយោបាយទាំអស់សុទ្ធតែមានការជូនដំណឹងមកគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ហើយគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតក៏បានសហការជាមួយនឹងអាជ្ញាធរដែនដី ព្រមទាំងសមត្ថកិច្ចក្នុងការរៀបចំតម្រាយផ្លូវសម្រាប់ការធ្វើសកម្មភាពដង្ហែការងារឃោសនា។

ដោយឡែកការឃោសនា ការដើរចែកខិត្តប័ណ្ណ ឬក៏ការជួបជុំរបស់គណបក្សនយោបាយ គឺប្រព្រឹត្តទៅដោយមិនមាបញ្ហាអ្វីកើតឡើងនោះទេ ។ ហើយការឃោសនាតាមរូបភាពដង្ហែជាក្បួនក៏មិនមានបញ្ហាអ្វីកើតឡើងដែរ ដែលនេះបញ្ជាក់អំពីភាពចាស់ទុំ នៃគណបក្សនយោបាយbហើយខាងមន្ត្រីរៀបចំការបោះឆ្នោតក៏មានការប្រុងប្រយ័ត្ននៅពេលដែលការហែរក្បួនប៉ះមុខគ្នានៅក្នុងខណ្ឌ ឬក៏សង្កាត់ខ្លះ។ ប៉ុន្តែក្នុងស្ថានភាពបែបនេះ ក៏មិនឃើញមានអ្វីកើតឡើងរវាងគណបក្សនយោបាយដែលមាននិន្នាការខុសគ្នានោះទេ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា “អាចសន្និដ្ឋានថា ថ្ងៃទី១ នៃការឃោសនា គឺការឃោសនាបានប្រព្រឹត្តទៅដោយរលូន មិនមានអំពើហិង្សា មិនមានការគំរាមកំហែង ញុះញង់ និងមិនមានការបង្ខំទិញសន្លឹកឆ្នោតនោះទេ។ ចំពោះសណ្តាប់ធ្នាប់ទូទៅមានភាពល្អប្រសើរ មិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសង្ឃឹមថា នៅថ្ងៃឃោសនាជាបន្តបន្ទាប់នឹងមានភាពល្អប្រសើរដូចនេះទៀត។ ហើយនៅថ្ងៃដំបូងនៃការឃោសនា គឺមិនមានបណ្តឹងពាក់ព័ន្ធនឹងការឃោសនានោះទេ”។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ បានចាប់ផ្តើមហើយនៅថ្ងៃទី២១ ខែឧសភា នេះ ។ យុទ្ធនាការឃោសនានេះ គឺមានរយៈពេល ១៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ១០:០០យប់ និងត្រូវឈប់សម្រាកនៅចន្លោះពីម៉ោង ១០:០០យប់ ដល់ម៉ោង ៦:០០ព្រឹក។
នៅក្នុងការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ណាអត្តិទី៥ ឆ្នាំ២០២២ នេះ គឺមានគណបក្សនយោបាយចំនួន ១៧ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។
ផ្អែកតាមរបាយការណ៍ផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតដែលទទួលបានពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណបក្សនយោបាយ ចំនួន ១៧ និងមានបេក្ខជនសរុបចំនួន ៨៦.០៩២ នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧.៨១៣ នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
គណបក្សនយោបាយទាំង ១៧ មានដូចជាៈ ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សខ្មែររួបរួមជាតិ ៣.គណបក្សហ៊្វុនស៊ិនប៉ិច ៤.គណបក្សភ្លើងទៀន ៥.គណបក្សខ្មែរស្រឡាញ់ជាតិ ៦.គណបក្សសញ្ជាតិកម្ពុជា ៧.គណបក្សយុវជនកម្ពុជា ៨.គណបក្សកែទម្រង់កម្ពុជា ៩.គណបក្សឆន្ទៈខ្មែរ ១០.គណបក្សកម្ពុជានិយម ១១.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ១២.គណបក្សខ្មែរតែមួយ ១៣.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១៤. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៥. គណបក្សឯកភាពជាតិខ្មែរ ១៦. គណបក្សរស្មីខេមរា និងទី១៧. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕សរន