ដោយ:មុនីរ័ត្ន/ភ្នំពេញ​ :​ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត​ ហៅកាត់​ គ.ជ.ប​ បានបញ្ជាក់ថា​ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងថ្ងៃដំបូងនេះ មានគណបក្ស នយោបាយចំនួនបួន ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយចំនួនពីរបានហែរក្បួនជាទ្រង់ទ្រាយធំ គឺគណបក្សប្រជាជនកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ ៤០.០០០នាក់ និងគណបក្សភ្លើងទៀន ដែលមានអ្នកចូលរួមប្រមាណ ១.៥០០នាក់ ។រីឯគណបក្សចំនួន ពីរទៀត គឺ គណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើ សកម្មភាពហែក្បួនឃោសនា ចាក់មេក្រូចល័ត ចែកខិត្តប័ណ្ណនៅតាមសង្កាត់មួយចំនួនដែលខ្លួនបានចុះបញ្ជីបេក្ខជន។

គ.ជ.ប​ បានបន្តថា​ ថ្ងៃទី២១ ខែឧសភា ជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយទាំង ១៧ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះ ឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោតទៅតាមលទ្ធភាព និង សមត្ថភាពរបស់ខ្លួននៅតាមឃុំ សង្កាត់ ដែលខ្លួនឈរឈ្មោះបោះឆ្នោត។

គណបក្សនយោបាយទាំងនោះ បានធ្វើសកម្មភាពឃោសនាជាអាទិ៍ ការជួបជុំ ការហែរក្បួន ឃោសនា ការប្រគំតន្រ្តី ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ ការចែកខិត្តប័ណ្ណ និងបិទបដាជាដើម។

ជារួមដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតតាមលំដាប់ថ្នាក់ និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនា បោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ ឡើយ ។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ដោយការធ្វើសកម្មភាពឃោសនាត្រូវគោរពតាមច្បាប់ បទបញ្ជា និងនីតិវិធី រួមនឹងសេចក្ដីណែនាំរបស់ គ.ជ.ប ៕សរន