ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកទន្លេមេគង្គ ចាប់ផ្តើមហូរចូលទៅកាន់បឹងទន្លេសាប បន្ទាប់ពីកម្ពស់ទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានឡើងដល់កម្ពស់ ២,៨៥ ម៉ែត្រ នៅព្រឹកថ្ងៃទី២១ ខែឧសភា ក្រោយពីមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ នៅតំបន់អាងទន្លេមេគង្គលើ និងអាចមានភ្លៀងធ្លាក់ច្រើនមកថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ ដោយសារឥទ្ធិពលប្រព័ន្ធសម្ពាធទាប បានអូសកាត់លើតំបន់នោះ។

ទឹកទន្លេមេគង្គ នៅចតុមុខ នាព្រឹកថ្ងៃទី២១ ខែឧសភាត្រូវបានគេមើលឃើញ មានចលនាហូរចូល ទៅកាន់បឹងទន្លេសាបហើយ បន្ទាប់ពីទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានឡើងដល់កម្ពស់ ២,៨៥ ម៉ែត្រ រួចមក។

ប្រព័ន្ធសម្ពាធទាប ITCZ មួយ ត្រូវវបានគេមើលឃើញអូសកាត់ពីលើតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ ក្នុងប្រទេសឡាវ ដោយភ្ជាប់ពីសម្ពាធទាបមួយ នៅភាគ ពាយព្យ នៃប្រទេសថៃ ទៅជាប់ជាមួយនឹងសម្ពាធទាបមួយទៀត នៅក្នុងសមុទ្រចិនខាងត្បូង ព្រមពេលជាមួយនឹងរបបខ្យល់មូសុងនិរតី បានរុញមកខ្លាំង បង្កឱ្យមានភ្លៀងច្រើនបន្តបន្ទាប់ នៅតំបន់អាងទន្លេមេគង្គលើ។

តាមការកត់ត្រារបស់ ក្រសួងធនធានទឹក និងឧតុនិយមស្តីពីស្ថានភាពទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រសម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បង្ហាញឱ្យឃើញថា នៅស្ថានីយជលសាស្ត្រ មេគង្គស្ទឹងត្រែង ទឹកមានកម្ពស់ ៤,០២ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២០ ខែឧសភា ០,០៦ម៉ែត្រ ឆ្នាំ២០២១ ទឹកមានកម្ពស់ ៣,១៦ ម៉ែត្រនិងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ២,៩៧ ម៉ែត្រ។

ស្ថានីយមេគង្គ ក្រចេះ ទឹកមានកម្ពស់ ១០,១៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២០ ខែឧសភា ០,១៥ ម៉ែត្រ ឆ្នាំ២០២១ ទឹកមានកម្ពស់ ៨,២១ ម៉ែត្រ និងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ៧,៩៤ ម៉ែត្រ។

ស្ថានីយមេគង្គកំពង់ចាម ទឹកមានកម្ពស់ ៤,៨០ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២០ ខែឧសភា ០,១៦ ម៉ែត្រ ឆ្នាំ២០២១ ទឹកមានកម្ពស់ ៣,៤០ ម៉ែត្រនិងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ៣,៤៨ ម៉ែត្រ។

ទន្លេបាសាក់ចតុមុខ ទឹកមានកម្ពស់ ២,៨៥ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២០ ឧសភា ០,០៧ ម៉ែត្រ ឆ្នាំ២០២១ ទឹកមានកម្ពស់ ២,០៧ ម៉ែត្រ និងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ២,២៦ ម៉ែត្រ។

ស្ថានីយមេគង្គអ្នកលឿង មានកម្ពស់ ២,០២ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២០ ខែឧសភា ០,១០ ម៉ែត្រ ឆ្នាំ២០២១ ទឹកមានកម្ពស់ ១,៤០ ម៉ែត្រ និងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ១,៤៨ ម៉ែត្រ។

ស្ថានីយមេគង្គ ទន្លេបាសាក់ កោះខែល មានកម្ពស់ ២,៨៥ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២០ ខែឧសភា ០,០៨ ឆ្នាំ២០២១ ទឹកមានកម្ពស់ ២,០៥ ម៉ែត្រ និងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ២,៣៣ ម៉ែត្រ។

ស្ថានីយទន្លេសាប ព្រែកក្តាម មានកម្ពស់ ១,៩៧ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២០ ខែឧសភា ០,០៩ ម៉ែទ្រ ឆ្នាំ២០២១ ទឹកមានកម្ពស់ ១,០៥ ម៉ែត្រនិងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ១,៣០ ម៉ែត្រ ។

បឹងទន្លេសាប ទឹកមានកម្ពស់ ១,១៣ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២០ ខែឧសភា ០,០២ ម៉ែត្រ ឆ្នាំ២០២១ ទឹកមានកម្ពស់ ០,៥៩ ម៉ែត្រ និងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ០,៨៦ ម៉ែត្រ៕/V