ទឹកទន្លេមេគង្គ ចាប់ផ្តើមរុញចូលបឹងទន្លេសាប
ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកទន្លេមេគង្គ ចាប់ផ្តើមហូរចូលទៅកាន់បឹងទន្លេសាប បន្ទាប់ពីកម្ពស់ទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានឡើងដល់កម្ពស់ ២,៨៥ ម៉ែត្រ នៅព្រឹកថ្ងៃទី២១ ខែឧសភា ក្រោយពីមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ នៅតំបន់អាងទន្លេមេគង្គលើ និងអាចមានភ្លៀងធ្លាក់ច្រើនមកថែមទៀត នៅប៉ុន្មានថ្ងៃខាងមុខ ដោយសារឥទ្ធិពលប្រព័ន្ធសម្ពាធទាប បានអូសកាត់លើតំបន់នោះ។

ទឹកទន្លេមេគង្គ នៅចតុមុខ នាព្រឹកថ្ងៃទី២១ ខែឧសភាត្រូវបានគេមើលឃើញ មានចលនាហូរចូល ទៅកាន់បឹងទន្លេសាបហើយ បន្ទាប់ពីទឹកទន្លេមេគង្គ នៅស្ថានីយជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ បានឡើងដល់កម្ពស់ ២,៨៥ ម៉ែត្រ រួចមក។

ប្រព័ន្ធសម្ពាធទាប ITCZ មួយ ត្រូវវបានគេមើលឃើញអូសកាត់ពីលើតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ ក្នុងប្រទេសឡាវ ដោយភ្ជាប់ពីសម្ពាធទាបមួយ នៅភាគ ពាយព្យ នៃប្រទេសថៃ ទៅជាប់ជាមួយនឹងសម្ពាធទាបមួយទៀត នៅក្នុងសមុទ្រចិនខាងត្បូង ព្រមពេលជាមួយនឹងរបបខ្យល់មូសុងនិរតី បានរុញមកខ្លាំង បង្កឱ្យមានភ្លៀងច្រើនបន្តបន្ទាប់ នៅតំបន់អាងទន្លេមេគង្គលើ។