ដោយ: ប.ជ័យ / ព្រំដែនកម្ពុជា ថៃ: កងកម្លាំងសមត្ថកិច្ចថៃ បានពួនស្ទាក់ ចាប់បានរថយន្តចំនួន ៥ គ្រឿង ដែលផ្ទុកពលករខ្មែរ ចំនួន ៣៥ នាក់ ព្រមទាំងជនជាតិថៃ ចំនួន ៤ នាក់ផងដែរ កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងស្រុកខ្លងហាត ប្រទេសថៃ។

យោងសារព័ត៌មានក្នុងស្រុករបស់ថៃ បានស្រង់សំដីសមត្ថកិច្ចខ្លួន ដោយផ្សព្វផ្សាយថា: ពួកខ្លួន (មេខ្យល់) បានទៅទទួលពលករខ្មែរ មកពីច្រករបៀងភូមិដយតៅ ឃុំថាប់ព្រិច ស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីដឹកទៅកាន់ខេត្តឆៈឆឺងសៅ ដោយយកថ្លៃជិះរថយន្ត សម្រាប់ពលករខ្មែរ ៩០០ បាត (ប្រាក់ថៃ) ក្នុងម្នាក់ៗ និងបានចំណាយលុយឱ្យពួកខ្លួន (មេខ្យល់) ជនជាតិខ្មែរ ក្នុងម្នាក់ ៥.០០០ បាត។

ក្រុមជនសង្ស័យជនជាតិថៃ ដែលជាមេខ្យល់ទាំង ៤ នាក់ ដែលត្រូវឃាត់ខ្លួននោះ សមត្ថកិច្ចថៃបានបន្តធ្វើការសួរនាំ កសាងសំណុំរឿង បញ្ចូនទៅតម្រួតយុត្តិធម៌ នៃស្នងការដ្ឋានខេត្តស្រះកែវ រួចបញ្ជូនទៅតុលាការ ។

ឯពលករខ្មែរ ក៏ត្រូវសួរចម្លើយទុកក្នុងសំណុំរឿង សម្រាប់ដាក់បន្ទុក លើមេខ្យល់ជនជាតិថៃ ទាំង ៤ នាក់នោះ ហើយបន្ទាប់មក នឹងពិនិត្យ ពិចារណាថា ពួកគេត្រូវចាត់ទុកថា រងគ្រោះ ដើម្បីបានដោះលែង ហើយធ្វើមាតុភូមិនិវត្តន៍ មកកម្ពុជា៕/V