ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ជាការសង្កេតឃើញថា អ្នករៀបចំ និងអ្នកចូលរួម បានប្រើមធ្យោបាយជំនិះតែម៉ូតូ និងគោយន្តកន្ត្រៃ ២មុខនេះប៉ុណ្ណោះ ក្នុងការដង្ហែក្បួន យុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា នៅឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាថ្ងៃដំបូង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះ ។

លោក បោន ប៊ិន អនុប្រធានក្រុមការងារថ្នាក់ខេត្ត គណបក្សប្រជាជនកម្ពុជាចុះមូលដា្ឋន ស្រុកមង្គលបូរី និងជាប្រធានក្រុមការងារ ចុះមូលដា្ឋនឃុំចំណោម បានអញ្ជេីញ ចូលរួមបើកបរ និងជិះម៉ូតូដង្ហែក្បួន បេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។ លោកប្រធាន-អនុប្រធាន និងសមាជិក-សមាជិកា​ក្រុមការងារចុះ មូលដា្ឋន ភូមិទាំង១៨ ក្នុងឃុំចំណោម ស្រុកមង្គលបូរី ដែលចូលរួម ក៏បើកបរ និងជិះម៉ូតូ និងគោយន្តកន្ត្រៃដែរ ។

ថ្លែងក្នុងពិធីបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នេះ លោក បោន ប៊ិន បានមានប្រសាសន៍ថាៈ សន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផល ដែលយើងសម្រេចបាន នាពេលបច្ចុប្បន្ននេះ គឺបានមកពីការយកអាយុជីវិត ធ្វើជាដើមទុន របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានធ្វើពលីកម្ម ដ៏ធំធេង និងមានការចូលរួម មិនអាចកាត់ថ្លៃបាន របស់បងប្អូនយុទ្ធជន យុទ្ធនារី ជនរួមជាតិ យើង រាប់លាននាក់ ដើម្បីជាតិ មាតុភូមិ ។

លោក បោន ប៊ិន បានសរសើរទេសភាពបៃតងស្រងាត់ នៃភូមិឋានស្រុកស្រែជង្រុកស្រូវ តែប្រែអភិវឌ្ឍន៍ នៃឃុំចំណោម និងអរគុណអ្នកចូលរួម។ លោកបន្តអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា ពិសេសបន្តឆ្ពោះទៅចូលរួមបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ត នៅឆ្នាំ២០២៣ នាពេលខាងមុខ ផងដែរ ។

ទោះយ៉ាងណា ប្រភពពីមន្ត្រីគណបក្សប្រជាជនកម្ពុជា ពីឃុំគោលដៅយុទ្ធនាការនានា បានឱ្យដឹងថាៈ ក៏មានឃុំ សង្កាត់ជាច្រើនទៀត នៃ ៦៧ ឃុំ សង្កាត់ នៅ ៩ ស្រុក ក្រុង នៃខេត្តបន្ទាយមានជ័យ ក៏ប្រើមធ្យោបាយម៉ូតូ និងគោយន្តដែរ គ្រាន់តែកន្លែងខ្លះ មានលាយឡំ រថយន្ត ម៉ូតូកង់បី តុកតុក ត្រាក់ទ័រខ្លះៗ ។

អ្នកដង្ហែខ្លះ បាននិយាយថាៈ ការប្រើមធ្យោបាយម៉ូតូ និងគោយន្តកន្ត្រៃ ដើម្បីកាត់បន្ថយ ចំណាយ ថ្លៃប្រេងឥន្ធន: និងជាពិសេស ចង់ឱ្យអ្នកហែបានស្ថិតនៅខាងក្រៅ ស្មើភាពគ្នាផង និងងាយស្រួលឃើញទេសភាពស្រស់ត្រកាល នៃរដូវវស្សាផង៕/V