ដោយៈ​ចាន់តូ / ភ្នំពេញ ៖ ដំបូល​ស័ង្កសី​ធ្លុះ​ដោយសារ​បុរស​ម្នាក់​ត្រូវជា​ថៅកែ​ក្លឹប​កម្សាន្ត ដឹ ស្ត​ម បាន​ខឹង​ចុងភៅ​ត្រូវជា​កូនចៅ​ក៏​ដក​កាំភ្លើង​គំរាម​ផ្ទុះអាវុធ​១​គ្រាប់ រួច​បើករថយន្ត​ចេញពី​ក្លឹប​បាត់ ផ្អើល​ដល់​ភ្ញៀវ និង​សមត្ថកិច្ច មូលដ្ឋាន​និង​អាវុធហត្ថ កាលពី​វេលា ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​សៅ​រ៏ ទី​២១ ខែឧសភា ឆ្នាំ​២០២២ ស្ថិតនៅក្នុង​ក្លឹប​កម្សាន្ត ដឹ ស្ត​ម ជាប់​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់ វាលវង់ ខណ្ឌ​៧​មករា ។​

ជនបង្ក​ដែលជា​ថៅកែ​ក្លឹប​ខាងលើ​មានឈ្មោះ ហេង សុផល អាយុ​ជាង​៤០​ឆ្នាំ ។ រីឯ​បុរស រងគ្រោះ​មានឈ្មោះ ឈូក សុភាព ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខ​របប​ចុងភៅ​ក្នុង​ក្លឹប ដឹ ស្ត​ម ។​

​បើតាម​ស្ត្រី​ជា​ចុងភៅ​នៅក្នុង​ក្លឹប​កម្សាន្ត​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនបង្ក​ត្រូវជា​ថៅកែ​ខ្លួន បាន​ចូលមក​រករឿង​មិន​សួរ​ហេតុផល​ដោយបាន​ទៅ​វាយរ​ទះ​គោដុត​ឲ្យ​ខ្ទេច រួច​ចង់វាយ​ជនរងគ្រោះ​ថែមទៀត​និង​បោះ​ពាក្យសម្ដី​ថា (​ហែង​តិច​ទៀត​ដឹងខ្លួន​ហើយ​..!)​។ មួយសន្ទុះ​ក្រោយមក​ថៅកែ​បង្កហេតុ​ខាងលើ​ក៏បាន​យក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​មក​កន្លែង​ចុងភៅ រួច​អា​ម៉េ​ផ្ចុ​ង​ចុងភៅ​គំរាម​រួច​បាញ់​ឡើងលើ​ចំនួន​១​គ្រាប់​ធ្លុះ​ដំបូល​ស័ង្កសី រួច​ក៏​ដើរ​ចេញពី​ក្លឹប​បើករថយន្ត​គេចខ្លួនបាត់ ទើប​ផ្អើល​ដល់​អ្នក​ចូល​រាំលេង​កម្សាន្ត ទាំង​សមត្ថកិច្ច និង​អាវុធហត្ថ​ខណ្ឌ​៧​មករា ចុះ​ទៅដល់​កន្លែងកើតហេតុ ។​

​បន្ទាប់មក​ជនរងគ្រោះ​ក៏​នាំគ្នា​ទៅ​ទីប​ញ្ចា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ទៅលើ​ថៅកែ​របស់ខ្លួន ឲ្យ​កម្លាំង​ជំនាញ​ជួយ​រក​យុត្តិធម៌​៕​