ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះ មានព្រឹត្តិការណ៍ជាតិជាច្រើន បានកើតឡើង ក្នុងនោះ មានសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ដំណើរអញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូល ពិសេស អាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ហើយសម្តេចតេជោ ហ៊ុន សែន នៅចុងសប្តាហ៍នេះ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំ នៅអឺរ៉ុប ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២ នៅប្រទេសស្វីស រួមទាំងព្រឹត្តិការណ៍ជាតិសំខាន់ៗ ជាច្រើនទៀត។
១- មេដឹកនាំអាស៊ាន-អាមេរិក ប្តេជ្ញាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់
ក្នុងកិច្ចប្រជុំកំពូលពិសេស កាលពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ មេដឹកនាំអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក ឱ្យកាន់តែទូលំទូលាយថែមទៀត ដែលមិនអាចខ្វះបាន ចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជា សម្រាប់តំបន់ និងសហគន៍អន្តរជាតិ។ ភាគីទាំងពីរ អាស៊ាន-សហរដ្ឋអាមេរិក យល់ឃើញថា ទំនាក់ទំនងទាំងនេះ គឺជាមូលដ្ឋានគ្រឹះ សម្រាប់លើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់។
២- គ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រៀមខ្លួន ដើម្បីចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥
កាលពីថ្ងៃទី១៦ ខែឧសភា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត មេឃុំ-ចៅសង្កាត់ និងមេភូមិ ឲ្យត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនាខាងមុខ។
៣- សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ប្រយុទ្ធនឹងជំងឺកូវីដ
កាលពីថ្ងៃទី១៧ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោប្រឆាំងនឹងជំងឺកូវីដ១៩។ ពិធីសំណេះសំណាល នៅសាលពិព័រណ៍ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ បានធ្វើឡើង ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមចំណែក ប្រកបដោយការទទួលខុសត្រូវ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមក ដែលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា អះអាងថា បានទទួលជោគជ័យ មួយភាគធំ រួចជាស្រេចហើយ។
៤- សម្ដេចតេជោ ហ៊ុន សែន ពន្យល់សាធារណជន និងរម្លឹកសហរដ្ឋអាមេរិក ពីទិដ្ឋភាពច្បាប់ និងនយោបាយ ពាក់ព័ន្ធនឹងអ្នកគប់ស្បែកជើង មកលើសម្ដេច នៅសហរដ្ឋអាមេរិច
ក្នុងពិធីសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ កាលពីថ្ងៃទី១៧ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ពន្យល់សាធារណជន និងរម្លឹកសហរដ្ឋអាមេរិក ពីទិដ្ឋភាពច្បាប់ និងនយោបាយ ពាក់ព័ន្ធនឹងបុរសម្នាក់ ដែលបានគប់ស្បែកជើង លើរូបសម្ដេច នៅសហរដ្ឋអាមេរិក។ ពលរដ្ឋខ្មែរ ភាគច្រើន បានថ្លែងប្រតិកម្មថ្កោលទោស និងប្រកាសថា ជាទង្វើ ដែលមិនអាចអត់ឱនឲ្យបាន។ បុរសដែលគប់ស្បែកជើងលើសម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេស្គាល់ ឈ្មោះថា អ៊ុក ទូច វ័យ ៧១ឆ្នាំ ជាពលរដ្ឋខ្មែរ រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ បុរសរូបនេះ បានគប់ស្បែកជើង សំដៅមកសម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ គ្រាដែលសម្ដេចនាយករដ្ឋមន្ត្រី កំពុងត្រូវបាន ស្វាគមន៍ និងថតរូបអនុស្សវរីយ៍ ជាមួយពលរដ្ឋខ្មែរជាច្រើន ដែលគាំទ្រសម្ដេច អញ្ជើញចូលរួម កិច្ចប្រជុំពិសេសអាស៊ាន-សហរដ្ឋអាមេរិច នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។
៥-សម្តេចក្រឡាហោម ស ខេង ពិនិត្យលទ្ធភាពបើកច្រកព្រំដែន និងបញ្ជាក់ពីគម្រោងកសាង ស្ពានកម្ពុជា-ឡាវ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វេទិកាអុំទូក និងសំណង់ សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៧ ខែឧសភា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានបញ្ជាក់ថាៈ សម្តេចនឹងពិនិត្យលទ្ធភាពបើកច្រកព្រំដែន ជាមួយភាគីឡាវ ឡើងវិញ។ ក្នុងនោះ ក៏មានគម្រោងកសាងស្ពានឆ្លងព្រំដែន រវាងប្រទេសទាំងពីរផងដែរ។
៦- ក្រសួងសុខាភិបាល ប្រកាសផ្អាកការចាក់វ៉ាក់សាំងកូវីដ ៣ថ្ងៃ ក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់ នៅដើមខែក្រោយ ក្រសួងសុខាភិបាល បានប្រកាស ផ្អាកជាបណ្តោះអាសន្ន នូវការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន ៣ថ្ងៃ គឺនៅថ្ងៃទី៤-៥ និងថ្ងៃទី៦ ខែមិថុនា ក្នុងអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ នៅថ្ងៃទី៧ មិថុនា ដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេស នឹងចាប់ផ្តើមឡើងវិញ។
៧-សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី២២-២៦ ខែឧសភា
ក្រសួងការបរទេស បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំ២០២២ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស។ កិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នឹងរៀបចំធ្វើ ក្រោមប្រធានបទ «ការត្រៀមខ្លួន សម្រាប់យុគសម័យ ក្រោយជំងឺកូវីដ»។ កាលពីម៉ោង ១កន្លះ កណ្តាលអធ្រាត្រ យប់ថ្ងៃទី២០ ឈានចូលថ្ងៃទី២១ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសស្វីសហើយ។ នៅពេលទៅដល់ប្រទេស ស្វីស សម្តេច ជួបជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅអឺរ៉ុប។
៨- កម្ពុជា ស្នើឥណ្ឌា ពន្លឿនដំណើរការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី
ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាច ថ្ងៃទី១៨ ខែឧសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យ ឥណ្ឌា ពន្លឿនការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ ឱ្យបានឆាប់ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ដែលជាប្រយោជន៍រួម រវាងប្រទេសទាំងពីរ។ ក្នុងជំនួបកាលពីម្សិលមិញ ថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ក៏បានពិភាក្សាបញ្ហា ជាច្រើនទៀត ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា បញ្ហារុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជា បញ្ហាពាក់ព័ន្ធដទៃផ្សេងទៀត ដែលជាប្រយោជន៍ និងជាក្តីព្រួយបារម្ភរួម។
៩- សម្តេចតេជោ ហ៊ុន សែន ជំរុញបណ្តាប្រទេសអាស៊ាន និង BRICS ស្តារឡើងវិញ នូវពហុភាគីនិយម ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងតំបន់ និងពិភពលោក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យបណ្តាប្រទេសអាស៊ាន និង ប្រ៊ីក ស្តារឡើងវិញនូវពហុភាគីនិយម ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ខណៈដែលពិភព លោក កំពុងមានបញ្ហាប្រែប្រួល និងស្មុគស្មាញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែប នេះ នៅក្នុងបទអន្តរាគមន៍ «វេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក (BRICS) ក្រោមមូលបទ «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង» ពីថ្ងៃទី១៩-២០ ខែឧសភា។
១០- ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅឆ្នាំនេះ មិនប្រារព្ធពិធីជួបជុំទេ
កាលពីថ្ងៃ៤ រោច ខែពិសាខ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ជាព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល។ មន្ត្រីបានពន្យល់ថា ដើម្បីអាចធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ គេត្រូវការពេលវេលារៀបចំ មុនជាច្រើនខែ។ ប៉ុន្តែដោយសារឆ្នាំនេះ កម្ពុជាមិនទាន់ប្រាកដប្រជា អំពីស្ថានភាពកូវីដ-១៩ នៅឡើយ ទើបឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ពុំត្រូវបានប្រារព្ធពិធីជួបជុំទេ។
១១-ទិវាជាតិនៃការចងចាំ ថ្ងៃ២០ឧសភា៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋ ឱ្យចូលរួមថែរក្សា និងការពារសន្តិភាពឱ្យបានគង់វង្ស
ក្នុងថ្ងៃរម្លឹកទិវាជាតិ នៃការចងចាំ ថ្ងៃ២០ ឧសភានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស ពីព្រោះមានតែសន្តិភាពទេ ដែលអាចផ្តល់ឱកាស គ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ទៅមុខទៀត។
១២-អាមេរិក បើកការស៊ើបអង្កេត លើករណីគប់ស្បែកជើង ដាក់សម្តេចតេជោ ហ៊ុន សែន
សហរដ្ឋអាមេរិក កំពុងបើកការស៊ើបអង្កេត លើករណីគប់ស្បែកជើង ពីសំណាក់បុរសអាមេរិកាំង ដើមកំណើតខ្មែរម្នាក់ មកលើសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។ នេះបើតាមអ្នកនាំពាក្យ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា ដែលត្រូវបានស្រង់សម្តី ផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី។
១៣-ការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ផ្តើមធ្វើឡើង ពីថ្ងៃទី២១ ឧសភា រហូតដល់ថ្ងៃទី ៣មិថុនា
យុទ្ធនាការឃោសនាបោះឆ្នោត ឃុំ សង្កាត់ រយៈពេល ១៤ថ្ងៃ បានចាប់ផ្តើមហើយ កាលពីថ្ងៃទី២១ ខែឧសភា។ កាលពីថ្ងៃទី២០ ឧសភា គ.ជ.ប បានបើកកិច្ចប្រជុំ ដោយប្រកាសថា គណបក្សនយោបាយមួយចំនួន ក្នុងចំណោម ១៧ គណបក្ស ដែលចូលរួម ការបោះឆ្នោតឃុំសង្កាត់ លើកនេះ ធ្វើសកម្មភាពឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី២១ ខែឧសភា ដែលជាការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត។ ក្នុងរយៈពេលឃោសនាបោះឆ្នោតនេះ គ.ជ.ប. ក៏បានប្រកាសថា នឹងមានការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន ដើម្បីអាចរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
១៤-កម្ពុជា សម្រេចឱ្យចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី៥ ចាប់ពីថ្ងៃទី៩ មិថុនា
ក្នុងសារជាសំឡេង ជូនជនរួមជាតិ មុនចាកចេញពីកម្ពុជា ទៅកាន់ប្រទេសស្វីសកាលពីយប់ ថ្ងៃទី២០ ខែឧសភា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៥ ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ តទៅ។ ការចាក់វ៉ាក់សាំង ដូសទី៥ នេះ ត្រូវមានគម្លាតយ៉ាងតិច ៣ ខែឡើង រាប់ពីចាក់វ៉ាក់សាំង ដូសទី៤។ តាមសម្តេចតេជោ អ្នកត្រូវចាក់វ៉ាក់សាំង ដូសទី៥នេះ ជាក្រុមជួរមុខ ដែលមាន ប្រមាណ កន្លះលាននាក់ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារអង្គការសហប្រជា ជាតិ ស្ថានទូតបរទេស អង្គការជាតិអន្តរជាតិ អ្នកសារព័ត៌មាន និងសិល្បករ ជាដើម។
១៥-សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស
កាលពីម៉ោងជិត ១ រំលងអធ្រាត្រ នាថ្ងៃទី២០ ឆ្លងចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចាកចេញ ពីភ្នំពេញ ឆ្ពោះទៅចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស។ វេទិកាសេដ្ឋកិច្ចពិភពលោកនេះ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា។ ពេលអញ្ជើញដល់ប្រទេសស្វីស នៅល្ងាចថ្ងៃទី២១ ខែឧសភា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបបងប្អូនខ្មែរ ដែលរស់នៅអឺរ៉ុប ហើយកម្មវិធីជួបជុំនេះ ធ្វើឡើង នៅសូរិក ប្រទេសស្វីស។
១៦-រាជរដ្ឋាភិបាល សម្រេចឱ្យផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹង ២ថ្ងៃ អំឡុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ថ្ងៃ៥ មិថុនា
ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកម្ពុជា បានកំណត់រៀបចំធ្វើ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារតែការពិសាគ្រឿងស្រវឹងនោះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានណែនាំឱ្យផ្អាកលក់ និងពិសា គ្រឿងស្រវឹង មួយថ្ងៃមុនថ្ងៃបោះឆ្នោត និងនៅបោះឆ្នោត គឺថ្ងៃទី៤ និងថ្ងៃទី៥មិថុនា ឆ្នាំ២០២២។
១៧-យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់ នៅថ្ងៃទី១ ប្រព្រឹត្តិទៅ តាមការគ្រោងទុក ដោយមិនមានបញ្ហាអ្វីទេ
ដូចការគ្រោងទុក នៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី២១ ខែឧសភា គឺគណបក្សនយោបាយជាច្រើន បានជួបជុំហែក្បួនឃោសនាបោះឆ្នោត ទ្រង់ទ្រាយធំ។ ក្នុងនោះ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ស្រុក ក្រុង ខណ្ឌ និងឃុំ សង្កាត់ នៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា បានជួបជុំ ហែក្បួនឃោសនា ទ្រង់ទ្រាយធំ នៅតាមរាជធានីភ្នំពេញ និងបណ្តាខេត្ត ស្រុក ក្រុង ខណ្ឌ និងឃុំ សង្កាត់។ ក្រៅពីគណបក្សកាន់អំណាច ក៏មានគណបក្សនយោបាយផ្សេងទៀត ក៏បានជួបជុំហែក្បួន ឃោសនាបោះឆ្នោត នៅថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល ១៤ ថ្ងៃ កាលពីថ្ងៃទី២១ ខែឧសភា ផងដែរ។ ស្ថានការណ៍ជាទូទៅ នៅថ្ងៃទី១ នៃដំណើរការឃោសនា បោះឆ្នោត នៅទូទាំងប្រទេស ត្រូវបានគេមើលឃើញថា មិនមានបញ្ហាអ្វីកើតឡើង គួរឱ្យកកត់ សម្គាល់នោះទេ ទោះបីជាអ្នកចូលរួម ហែក្បួនឃោសនាបោះឆ្នោត ដែលបានធ្វើដំណើរ តាមម៉ូតូភាគច្រើន មិនបានពាក់មួកសុវត្ថិភាពក៏ដោយ៕/V