ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ទោះបី​កាល​ប្រកួត​វិលជុំ​ក្នុង​ពូ​ល នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ថៃ​ឈ្នះ​កម្ពុជា​៣​សិត​ទល់​២​សិត​ក៏ពិតមែន តែ​នៅក្នុង​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ កម្ពុជា​បាន​យកឈ្នះ​ថៃ​វិញ ក្នុង​លទ្ធផល​៣​សិត​ទល់​២​សិត​វិញ ហើយ​បាន​គ្រង​មេដាយសំរិទ្ធ​ជា​លើកដំបូង​។​

​ការប្រកួត​ពិតជា​តឹងតែង​ខ្លាំង​មែនទែន ដោយ​ក្រុម​បាល់ទះ​កម្ពុជា​បានឈ្នះ​ក្នុង​សិត​ទី​១ ដោយ​លទ្ធផល ២៥​ទល់​២៣ ខណៈ​ថៃ​វាយបក​យកឈ្នះ​ក្នុង​សិត​ទី​២​ដោយ​លទ្ធផល ២៥​ទល់​២២​។ នៅ​សិត​ទី​៣ កម្ពុជា​បាន​យកឈ្នះ​ជាថ្មី​ដោយ​លទ្ធផល ២៥-២២ ប៉ុន្តែ​នៅ​សិត​ទី​៤ ថៃ​បាន​យកឈ្នះ​កម្ពុជា​វិញ ដោយ​លទ្ធផល​២៥​ទល់​១៣​ដើម្បី​ស្មើ​២​សិត​ទល់​២​សិត​។ សិត​ទី​៥​ដែល​ជាការ​កាត់សេចក្តី កម្ពុជា​បាន​យកឈ្នះ​ថៃ​ដោយ​លទ្ធផល ១៥-១៣​។​

​ជ័យជម្នះ​នេះ ទី​១ ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា ទទួលបាន​មេដាយ​សំរឹទ្ធ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម គិត​ចាប់តាំងពី​ធ្លាប់​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​មក នេះ​ជា​លើកដំបូង​ដែល​បាល់ទះ​កម្ពុជា​ស្គាល់​មេដាយ​។ ទី​២ ក្រុម​បាល់ទះ​កម្ពុជា បាន​លុបបំបាត់​កំណត់ត្រា​មិនដែល​ឈ្នះ​លើ​ក្រុម​បាល់ទះ​ថៃ ពីព្រោះ​ក្នុងការ​ជួបគ្នា​កន្លងមក​ជាមួយ​ក្រុម​បាល់ទះ​ថៃ ក្រុម​បាល់ទះ​កម្ពុជា​ចាញ់​រហូត ហើយ​នេះ​ជា​រសជាតិ​ជ័យជម្នះ​លើកដំបូង លើ​បាល់ទះ​ថៃ និង​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ទី​៣​ពេល​ក្រុម​បាល់ទះ​កម្ពុជា​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះ គឺជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ពីព្រោះ​កន្លងមក​នៅ​កីឡា​ស៊ី​ហ្គេម​នេះ​មិន​ធ្លាប់បាន​ឡើង​វគ្គ​៤​ក្រុម​ចុងក្រោយ​ទេ សម្រាប់​កម្ពុជា​។​

​ក្រោយ​បរាជ័យ​ក្រោម​ស្នាដៃ​បាល់ទះ​កម្ពុជា ក្រុម​បាល់ទះ​ថៃ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២២​នេះ ដោយ​មិន​ទទួលបាន​មេដាយ​ទេ ពីព្រោះ​គ្មាន​មេដាយ​ស្ទួន ខណៈ​ក្រុម​កម្ពុជា​ជាប់​លេខ​៣ ជាមួយនឹង​មេដាយ​សំរឹទ្ធ​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​។​

​សម្រាប់​មេដាយមាស និង​ប្រាក់ គឺ​រង់ចាំ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម ជាមួយនឹង​ឥណ្ឌូណេស៊ី​៕​