ដោយ: បាយ័ន / សៀមរាប: នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ ក្រុងសៀមរាប ក៏ដូចជាតាមបណ្តាស្រុកទាំង១១ បានបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដើម្បីធ្វើការផ្សព្វផ្សាយទៅតាមរថយន្ត ម៉ូតូ និងម៉ូតូរឺម៉ក់ អំពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងសៀមរាប ខេត្តសៀមរាប។
នាឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ របស់គណបក្សប្រជាជនកម្ពុជា ក្រុងសៀមរាប ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោក ឥត សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានក្រុងសៀមរាប និងលោក ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្ត និងជាអនុប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានក្រុងសៀមរាប រួមទាំងសមាជិកសមាជិកាក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុង សង្កាត់ រួមទាំងសមាជិកសមាជិការគណបក្សទាំង១២ សង្កាត់ របស់ក្រុងសៀមរាប។
ក្រោយពីធ្វើការសំណេះសំណាលជាមួយសមាជិកសមាជិការួចមក យើងក៏បានសង្កេតឃើញថា ក្បួននៃផែននីមួយៗ បានធ្វើការដង្ហែនៅតាមដងវិថីនានា ដោយឆ្ពោះទៅកាន់ទីស្នាក់ការបក្សសង្កាត់រៀងៗខ្លួន ដែលប្រកបទៅដោយភាពសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព។ តែបើយើងក្រឡងទៅតាមបណ្តាឃុំ ស្រុក ក្នុងខេត្តសៀមរាប ក៏មានធ្វើសកម្មភាពដូចនៅក្រុងសៀមរាបផងដែរ តែមានទ្រង់ទ្រាយតូច ដោយធ្វើការផ្សព្វផ្សាយទៅតាមរថយន្ត និង ម៉ូតូរឺម៉ក់តែប៉ុណ្ណោះ ចូលទៅតាមភូមិ ឃុំរបស់ខ្លួន។
ដោយឡែកចំពោះការងារសន្តិសុខក្នុងខេត្ត ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានកំពុងធ្វើកម្មភាពឃោសនារបស់ខ្លួន នៅគ្រប់មូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ដើម្បីធ្វើការ បញ្ជៀសកុំឲ្យកើតមាននូវអំពើហិង្សានៅក្នុងពេលឃោសនា ក៏ដូចពេលបោះឆ្នោត និង ក្រោយការបោះឆ្នោតផងដែរ៕