ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២១ឧសភាម្សិលម៉ិញនេះ កម្ពុជារកបានមេដាយចំនួន៧គ្រឿងបន្ថែមទៀត គឺមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៥គ្រឿង ពេលនេះមេដាយរបស់កម្ពុជាកើនដល់៥៧គ្រឿងហើយ។
ការឈ្នះមេដាយបន្ថែមនៅថ្ងៃនេះដំបូងគេគឺលើប្រភេទកីឡាកាយសម្ព័ន្ធដោយកីឡាករ ហាស់ សុខហ៊, ត្រន ប៊ុនធឿន និងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយប្រាក់ លើវិញ្ញាសា Mixed Trio ដោយរកបាន ១៩.៣០០ពិន្ទុ លើក្រុមលេខ៣ ថៃ ដែលរកបាន ១៧.៥៨៨ពិន្ទុ និងក្រុមលេខ៤ ហ្វីលីពីន រកបាន ១៦.៥៣៣ពិន្ទុ ខណៈម្ចាស់ផ្ទះវៀតណាម ឈ្នះមេដាយមាស ជាមួយពិន្ទុសរុប ២០.៤៧៨។ ដោយឡែកកីឡាករ ជឿន ចាន់បុរី ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា Aerobic Gymnastics ឯកត្តជន ក្រោយរកបាន ១៨.៤៥០ពិន្ទុ តាមពីក្រោយម្ចាស់មេដាយមាស ថៃ រកបាន ១៩.៦០០ពិន្ទុ, ម្ចាស់ផ្ទះវៀតណាម មេដាយប្រាក់ រកបាន ១៨.៨០០ពិន្ទុ និងលេខ៤ ហ្វីលីពីន ១៧.៤០០ពិន្ទុ។
ប្រភេទកីឡាវ៉ូវីណាម រកមេដាយបាន ៣គ្រឿងបន្ថែម ដោយកីឡាករ ជិន ពិសិដ្ឋ និងកីឡាករ ម៉េត សុភត្ត្រា ឈ្នះមេដាយមាស ក្នុងវិញ្ញាសាសម្ដែងជាក្រុម ការពារខ្លួនកាំបិតធំបុរស ២នាក់ (Pair Machetes form) ដោយរកបាន ២៦៩ពិន្ទុ ឈ្នះដាច់ម្ចាស់ផ្ទះវៀតណាម ដែលរកបានត្រឹម ២៦៤ពិន្ទុ។ ដោយឡែកកីឡាករ ទិន ឌិន ទទួលបានមេដាយសំរិទ្ធ ក្រោយចាញ់កីឡាករវៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើវិញ្ញាសាប្រយុទ្ធបុរស៥៥គីឡូក្រាម។ គ្រាដែលមេដាយសំរឹទ្ធមួយទៀតរកបានដោយកីឡាករ សៀន ចាន់ហួត លើវិញ្ញាសាមេគុណដំបង ឯកត្តជនបុរស ដោយទទួលបានពិន្ទុ ២៥៩ ក្រោមម្ចាស់មេដាយប្រាក់ មីយ៉ាន់ម៉ា (២៦៤) និងម្ចាស់មេដាយមាស ឡាវ (២៦៨)។
ប្រភេទកីឡាបាល់ទះ ក៏ដណ្ដើមបានមេដាយសំរឹទ្ធដូចគ្នា ក្រោយប្រកួតឈ្នះថៃ ក្នុងលទ្ធផល៣សិតទល់២នៅវគ្គដណ្ដើមមេដាយសំរឹទ្ធ។ នេះក៏ជាការឈ្នះលើកដំបូងក្នុងប្រវត្តិសាស្ត្រ សម្រាប់ជម្រើសជាតិបាល់ទះកម្ពុជា នៅស៊ីហ្គេមផងដែរចាប់តាំងពីចូលរួមនៅឆ្នាំ១៩៧៧ មក។
កីឡាប្រដាល់គុនខ្មែរ រកបានមេដាយសំរឹទ្ធ១ ដោយកីឡាការិនី ទួន ស្រីពីន ក្រោយប្រកួតចាញ់កីឡាការិនីថៃ Sirisopa Sirisak នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើប្រភេទទំងន់ ៦០គីឡូក្រាម។
គិតត្រឹមថ្ងៃទី២១ ខែឧសភានេះ កម្ពុជា ឈ្នះមេដាយសរុប ៥៧គ្រឿង ក្នុងនោះមាស ៨គ្រឿងប្រាក់១០គ្រឿងនិងសំរឹទ្ធ៣៩គ្រឿង(មេដាយសំរឹទ្ធ១០គ្រឿងពុំទាន់ធ្វើពិធីបំពាក់ជាផ្លូវការនៅឡើយរួមមាន ប្រដាល់គុនខ្មែរ ៦គ្រឿង, ប្រដាល់សកល ៣គ្រឿង និងបាល់ទះ ១គ្រឿង)។ ការរកមេដាយសរុបបានដល់ ៥៧គ្រឿង គឺបានបំបែកកំណត់ត្រាមេដាយសរុប ដែលកម្ពុជាធ្លាប់ឈ្នះច្រើនបំផុត គឺកាលពីស៊ីហ្គេម (Southeast Asian Peninsular Games) លើកទី៦ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ១៩៧១។
ពេលនោះកម្ពុជា ឈ្នះមេដាយសរុប ៥៣គ្រឿង ក្នុងនោះមាស ១៧គ្រឿង ប្រាក់ ១៨គ្រឿង និងសំរឹទ្ធ ១៨គ្រឿង និយាយជារួម។ បើនិយាយដោយឡែក ចាប់តាំងពីកម្ពុជាត្រឡប់មកចូលរួមស៊ីហ្គេមវិញ នៅឆ្នាំ១៩៨៧ ក្រោយបញ្ចប់សង្គ្រាមផ្ទៃក្នុង នេះក៏ជាកំណត់ត្រាថ្មីដែលបានបំបែកកាលពីឆ្នាំ២០១៣ ផងដែរ ដែលពេលនោះ កម្ពុជាឈ្នះមេដាយសរុបរហូតដល់ ៤៧គ្រឿង ដោយបានឈ្នះមាស ៨គ្រឿង ប្រាក់ ១១គ្រឿង និងសំរឹទ្ធ ២៨គ្រឿង។
សរុបប្រភេទកីឡា និងមេដាយ ដែលកម្ពុជាទទួលបាននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ដែលនៅសល់ ២ថ្ងៃទៀតទើបបញ្ចប់ជាផ្លូវការនោះ រួមមាន៖
• មេដាយមាស ៨គ្រឿង៖ មានលើប្រភេទកីឡាវ៉ូវីណាម ៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ២គ្រឿង, កីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង និងកីឡាចំបាប់ ១គ្រឿង។
• មេដាយប្រាក់ ១០គ្រឿង៖ លើប្រភេទកីឡាឃីកបុកស៊ីង ៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ២គ្រឿង, កីឡាវ៉ូវីណាម ២គ្រឿង, កីឡាតេក្វាន់ដូ WT ១គ្រឿង, កីឡាចំបាប់ ១គ្រឿង និងកីឡាកាយសម្ព័ន្ធ ១គ្រឿង។
• មេដាយសំរឹទ្ធ ៣៩គ្រឿង៖ មាននៅលើកីឡាវ៉ូវីណាម ៨គ្រឿង, កីឡាប្រដាល់គុនខ្មែរ ៦គ្រឿង, កីឡាចំបាប់ ៤គ្រឿង, កីឡាវូស៊ូ ៣គ្រឿង, កីឡាតេក្វាន់ដូ WT ៣គ្រឿង, កីឡាការ៉ាតេ ៣គ្រឿង, កីឡាប្រដាល់សកល ៣គ្រឿង, កីឡាប៊ូល និងប៉េតង់ ៣គ្រឿង, កីឡាឃីកបុកស៊ីង ១គ្រឿង, កីឡាទូកកានូ/រ៉ូអ៊ីង ១គ្រឿង, កីឡាជឺជីតស៊ូ ១គ្រឿង, កីឡាយូដូ ១គ្រឿង, កីឡាកាយសម្ព័ន្ធ ១គ្រឿង និងកីឡាបាល់ទះ ១គ្រឿង។
កម្ពុជានៅសល់ឱកាសបន្ថែមមេដាយទៀតក្នុងការរកមេដាយនៅថ្ងៃទី២២ឧសភានេះលើប្រភេទកីឡាមានសក្ដានុពល ដូចជាកាយសម្ព័ន្ធ, កីឡាប្រដាល់គុនខ្មែរ (មានមេដាយប្រាក់១ ក្នុងដៃ), កីឡាប្រដាល់សកល (មានមេដាយប្រាក់១ ក្នុងដៃ), កីឡាអេឡិចត្រូនិច, កីឡាវ៉ូវីណាម និងមេដាយសំរឹទ្ធលើកីឡាហែលទឹកជើងទា ដែលទើបតែទទួលបាន៕