ដោយៈ អង្គា៍ហេង / កណ្ដាលៈ នារីជាអ្នកថ្មើរជើងម្នាក់ បានស្លាប់បាត់ បានត្រូវម៉ូតូមួយគ្រឿង បើកបុក នៅពេលគាត់ កំពុងដើរតាមផ្លូវ កំពុងដើរត្រូវម៉ូតូមួយគ្រឿងបុក រីឯអ្នកបើកបរម៉ូតូ ពីរនាក់ បានរងរបួសធ្ងន់ស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង វេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ៣៣-៣៤ ស្ថិតក្នុងភូមិគ្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាល ស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថាៈ នារីរងគ្រោះ ឈ្មោះ តុក ស្រីយិត ភេទស្រី អាយុ ២២ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្រែជ័យ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ ។
ចំណែកអ្នកបើកបរម៉ូតូ ឈ្មោះ សឿន ផន ភេទប្រុស អាយុ ៣៦ ឆ្នាំ (របួសធ្ងន់) បើកម៉ូតូម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BJ-០៧៤៨ មានអ្នករួមដំណើរ មួយនាក់ ឈ្មោះ មុត សុខគៀង ភេទស្រី អាយុ ៣៥ ឆ្នាំ (របួសស្រាល) ទាំងពីរនាក់ ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅ បច្ចុប្បន្ន ភូមិស្ដុក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពដដែល បានបន្តថាៈ នៅវេលាម៉ោងកើតហេតុ សាក្សីបានឃើញម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BJ-០៧៤៨ បើកដោយឈ្មោះ សឿន ផន មានអ្នករួមដំណើរមួយនាក់ជាមួយ ឈ្មោះ មុត សុខគៀង ត្រូវជាប្ដីប្រពន្ធ បើកបរក្នុងទិសដៅ ពីខាងត្បូង មកខាងជើង (តាកែវ-ភ្នំពេញ) ពេលមកដល់ចំណុចកើតហេតុ ខាងលើ បានបុក និងជនរងគ្រោះ ឈ្មោះ តុក ស្រីយិត ដែលកំពុងដើរឆ្លងផ្លូវ ពីខាងកើត ទៅខាងលិច បណ្ដាល ឱ្យរងរបួសធ្ងន់ ហើយបន្ទាប់មក ក៏បានស្លាប់ ក្រោយពេលបញ្ជូន ដល់មន្ទីរពេទ្យ។ ចំពោះ វត្តុតាងម៉ូតូ កម្លាំងជំនាញ បានយកមករក្សាទុក នៅអធិការដ្ឋាន ជាបណ្ដោះអាសន្ន៕/V