ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ម៉ូតូ​ពីរ​គ្រឿង បាន​បុក​គ្នា ពេញទំហឹង បណ្ដាលឱ្យ​ស្លាប់ មួយ​នាក់ និង​របួសធ្ងន់​មួយ​នាក់ កាលពី​វេលា​ម៉ោង ៧​និង​៤០​នាទី យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២២ លើផ្លូវ​លំ ត្រង់ចំណុច​ខាងជើង​វត្ត​អូរ​នាង ប្រហែល ៥០០ ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​អូរ​នាង សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ​ដែល ស្លាប់ ឈ្មោះ បុ​ន ទី អាយុ ២៩ ឆ្ឆាំ ភេទ​ប្រុស មុខរបរ កម្មករ រស់នៅ​ក្នុងភូមិ​អូរ​នាង សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​-​មានជ័យ 1K-9687 ទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង​។​

​ចំណែក​អ្នករងរបួស​ធ្ងន់ ភេទ​ស្រី (​មិនទាន់​ស្គាល់ឈ្មោះ និង​ទីលំនៅ​) បើក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពាក់​ស្លាក​លេខ សៀមរាប 1Y-5172 ទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង ត្រូវបាន​សាច់ញាតិ ដឹក​យកទៅ​សង្គ្រោះ មុនពេល​នគរបាល ចុះ​ទៅដល់​កន្លែងកើតហេតុ​។​

​នគរបាល បានបញ្ជាក់​ថាៈ ដំបូង ឈ្មោះ បុ​ន ទី បាន​បើក​ម៉ូតូ មិន​ប្រកាន់​ស្តាំ ទិសដៅ​ពី​ខាង ជើង ទៅខាង​ត្បូង ក្នុង​ល្បឿន​លឿន ពេលមកដល់​កន្លែងកើតហេតុ បាន​បុក​គ្នា ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាស​គ្នា ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពាក់​ស្លាក​លេខ សៀមរាប 1Y-5172 បណ្តាល​ឲ្យ​ឈ្មោះ បុ​ន ទី ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ចំណែក​ស្ត្រី​ជា​អ្នក បើក​ម៉ូតូ ម្ខាង​ទៀត បាន​រងរបួស​ធ្ងន់​ត្រូវបាន​សាច់ញាតិ យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។​

​មូលហេតុ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​នេះ បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 1K-9687 បើកបរ​ក្នុង​ល្បឿន​លឿន ពេលយប់ មិន​ប្រកាន់​ស្តាំ ខ្វះ​ការប្រុងប្រយ័ត្ន ៕/V​