ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន កាលពីថ្ងៃអាទិត្យទី២២ឧសភាបានចេញដំណើរទៅកាន់ជប៉ុនសំរាប់ការឈប់សំចតជើងទីពីរក្នុងដំណើរមួយដែលមានបំណងបង្កើនភាពជាអ្នកដឹកនាំរបស់អាម៉េរិកនៅទូទាំងអាស៊ី នៅក្នុងការប្រឈមទប់ទល់នឹងកំណើនឥទ្ធិពលចិន ព្រមទាំងកូរ៉េខាងជើងប្រដាប់ដោយសព្វាវុធនុយក្លេអ៊ែរដែលមិនអាចទស្សន៍ទាយបាន។
បៃដិន បានចាកចេញពីកូរ៉េខាងត្បូង ក្រោមជួបប្រជុំជាមួយប្រធានាធិបតីទើបជាប់ឆ្នោតថ្មី លោក យូន ស៊ុក-យ៉ូល
បៃដិន បានចាកចេញពីកូរ៉េខាងត្បូង កន្លែងដែលលោកបានចូលរួមជាមួយប្រធានាធិបតីទើបជាប់ឆ្នោតថ្មី លោក យូន ស៊ុក-យ៉ូល(Yoon Suk-yeol)ដោយបានពិភាក្សាអំពីការពង្រីកសមយុទ្ធយោធារួមគ្នាដើម្បីទប់ទល់នឹងកូរ៉េខាងជើងផង។
នៅពេលមន្ត្រីនៃប្រទេសទាំងពីរបានព្រមានថា គីម ជុងអ៊ុន របស់កូរ៉េខាងជើងអាចបង្កភាពតានតឹងជាមួយនឹងការសាកល្បងនុយក្លេអ៊ែរក្នុងពេលលោកបៃដិនកំពុងស្ថិតក្នុងតំបន់ មេដឹកនាំអាម៉េរិករូបនេះបាននិយាយថា សម្ពន្ធមិត្តប្រជាធិបត្យត្រូវតែពង្រឹងទំនាក់ទំនង។
នៅសន្និសីទកាសែតរួមគ្នាមួយជាមួយលោកយូន លោកបៃដិន បាននិយាយយោងដល់ការប្រកួតប្រជែងសកលមួយរវាងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនិងផ្តាច់ការ និងបាននិយាយថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទំនងនឹងក្លាយជាសមរភូមិសំខាន់មួយ។
នៅពេលចិនជាគូប្រជែងធំរបស់អាម៉េរិកក្នុងសមរភូមិនេះ លោកបៃដិនក៏បានបង្ហាញអោយឃើញការប្រឈមស្រួចស្រាល់មកពីរុស្ស៊ី នៅពេលលោកចុះហត្ថលេខាលើពង្រាងច្បាប់ថវិកា៤០ពាន់លានដុល្លារដើម្បីជួយអ៊ុយក្រែនអោយកាន់តែមានលទ្ធភាពប្រយុទ្ធទល់នឹងកងកម្លាំងរុស្ស៊ី។
ពង្រាងច្បាប់ដែលទើបត្រូវសភាអាម៉េរិកទាំងពីរថ្នាក់អនុម័តត្រូវបានដឹកទៅកាន់ទីក្រុងសេអ៊ូលដើម្បីអោយលោកបៃដិនចុះហត្ថលេខាអោយវាក្លាយជាច្បាប់ដោយមិនចាំបាច់ដល់ពេលលោកវិលមកកាន់ទីក្រុងវ៉ាស៊ីនតោនវិញនៅយប់ថ្ងៃអង្គារសប្តាហ៍ក្រោយទេ។
មុនចាកចេញពីទីក្រុងសេអ៊ូល លោកបៃដិនបានជួបប្រធានក្រុមហ៊ុនHyundaiដើម្បីអបអរការសំរេចចិត្តរបស់ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សមួយនេះក្នុងការវិនិយោគយ៉ាងតិច១០ពាន់លានដុល្លារលើការសង់រោងចក្រផលិតរថយន្តអគ្គិសនីមួយនៅក្នុងរដ្ឋចចជៀ របស់អាម៉េរិក៕
បៃដិន ចង់បានទាំងផលប្រយោជន៍ធុរកិច្ចនិងសន្តិសុខនៅពេលលោកបញ្ចប់ដំណើរទស្សនកិច្ចកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ។ក្នុងរូប លោកបៃដិន ជួបនិងថតជាមួយប្រធានក្រុមហ៊ុនHyundaiលោកអ៊ុយស៊ុន ជុង កាលពីថ្ងៃ២២ឧសភា