ដោយ: ភ្នំខៀវ / បាត់ដំបង: ក្រុមជាង បានប្រទះឃើញកណ្តឹងស្ពាន់ បំណែកកុលាភាជន៍ បំណែកជើងពានសំរិទ្ធ និងកាក់បុរាណជិត ៤០០០ កាក់ កប់ជ្រៅក្នុងដីទួលវិហារ ក្នុងសម័យឆ្នាំ ១៧១០។
ព្រះសង្ឃគង់ នៅក្នុងវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ស្រុកមោងឫស្សី បានប្រាប់ឲ្យដឹងថាៈ វត្ថុបុរាណ និងបំណែកកុលាភាជន៍ជាច្រើន ដែលក្រុមជាង បានប្រទះឃើញ នៅដើមសប្តាហ៍ កន្លងមកនេះ សង្ស័យជារណ្តៅបញ្ចុះសីមារបស់វិហារបុរាណ ដែលសាងសង់ដំបូងបំផុត នៅអំឡុងសតវត្សទី១៨ និងមានអាយុកាលរាប់រយឆ្នាំ។
ប្រភពដដែល បានបញ្ជាក់ថាៈ ទីទួលព្រះវិហារបុរាណ ខាងលើ បានកសាងឡើង នៅរវាងអំឡុងឆ្នាំ១៧១០ ក្នុងសតវត្សរ៍ទី ១៨ និងបានបញ្ចុះខណ្ឌសីមា នៅឆ្នាំ១៩០៦ ក្រោយមក ព្រះវិហារចាស់នេះ ក៏ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង នៅក្នុងរបបប្រល័យ ពូជសាសន៍ ដោយបន្សល់ទុក នូវតែគំនរឈើ ព្រមទាំងថ្មបាក់បែក ហើយលោកតា លោកយាយ ពុទ្ធបរិស័ទចំណុះជើងវត្ត បានឯកភាពគ្នា សាងសង់ព្រះវិហារថ្មីនេះ ជាលើកទី ២ ឡើងវិញ នៅឆ្នាំ១៩៩០ ប៉ុន្តែព្រះវិហារ ដែលសាងសង់ក្រោយនេះ បានចាស់ទ្រុឌទ្រោម បាក់ស្រុតតួព្រះវិហារ ដោយអន្លើៗផងនោះ ទើបគណៈកម្មការវត្ត អាចារ្យ ព្រះសង្ឃ និងពុទ្ធបរិស័ទ សម្រេចរុះរើចេញ រួចកសាងថ្មីឡើងវិញ ជាលើកទី៣ នៅឆ្នាំ១៩៩០ រហូតមក។
វត្ថុបុរាណទាំងអស់ ដែលប្រទះឃើញនេះ រួមមាន: បំណែកកុលាភាជន៍ ចំនួន២០បំណែក, បំណែកជើងពានស្ពាន់ចំនួន ១២ និងសំរិទ្ធ ៣, កាក់ប្រាក់រូបមាន់ សរុបចំនួន ៣.៥៩០ កាក់, កាក់ស្ពាន់សៀម ចំនួន ១៣កាក់, កាក់ឥណ្ឌូចិន ចំនួន ៣៣កាក់, ដន្លាប់ប្រាក់តូច ១, ក្រវិលស្ពាន់ ១, ចិញ្ចៀនស្ពាន់ ១វង់, ប្រាក់ឌួង ១ចំហៀង, កណ្ដឹងស្ពាន់ ចំនួន២, បំណែក ដងដាវ ១ដុំ, ហិបប្រាក់ ១ រួមទាំងសន្លឹកប្រាក់ ធ្វើពីប្រាក់ ១បន្ទះផងដែរ។
លោក ស គឹមឡុង អធិការនគរបាល ស្រុកមោងឫស្សី បានឲ្យដឹង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២នេះថាៈ វត្ថុបុរាណដែលក្រុមជាង ជីករណ្តៅដីប្រទះឃើញនេះ ក្រោយចុះពិនិត្យ មើលរបស់អាជ្ញាធរខេត្ត មន្ត្រីជំនាញ បាននាំយកមកទុក នៅសារមន្ទីរខេត្តបាត់ដំបង រក្សាឲ្យបានគង់នៅ ពិសេសសម្រាប់បង្ហាញ ដល់ភ្ញៀវទេសចរ និងអ្នកជំនាន់ក្រោយ ឲ្យបានឃើញ និងស្គាល់តទៅ៕/V