ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អ្នកក្រុងបាងកកនៅថ្ងៃអាទិត្យនេះបាននាំគ្នាចេញទៅបោះឆ្នោតជ្រើសរើសអភិបាលក្រុងលើកដំបូងរបស់គេនៅរយៈពេលជិតមួយទសវត្សរ៍មកនេះ ដោយការបោះឆ្នោតនេះក៏ត្រូវបានគេមើលឃើញថាជាសន្ទស្សន៍បង្ហាញនិន្នាការគាំទ្រក្រុមបក្ខណាមួយផងដែរសំរាប់ការបោះឆ្នោតសកលដែលនៅសល់ពេលមួយឆ្នាំទៀត។
មនុស្សប្រមាណបួនលាននាក់មានសិទ្ធិចូលរួមបោះឆ្នោតដ៏ធំនេះជាលើកដំបូងចាប់តាំងពីពេលមានបាតុកម្មតាមដងផ្លូវបស់ពួកយុវជនថៃនៅឆ្នាំ២០២០ ទាមទារអោយផ្លាស់ប្តូរនយោបាយនិងកែទំរង់របបរាជានិយមដែលមិនអាចប៉ះពាល់បាន។តែជីវិតរស់នៅប្រចាំថ្ងៃទំនងជាដើរតួសំខាន់ជាងនយោបាយ ដោយបេក្ខជននាំមុខសំខាន់ៗបានសន្យាដោះស្រាយបញ្ហាកកស្ទះក្នុងក្រុង ការបំពុលបរិស្ថាននិងសម្លេងអ៊ូរអែរំខានក្នុងទីក្រុងដែលមានមនុស្ស១០លាននាក់នេះ។
បេក្ខជនឯករាជ្យលោកឆាត់ឆាត ស៊ីតទីពុន(ឆ្វេង)បោះឆ្នោតនៅបាងកកក្រោយទៅដល់ស្ថានីយបោះឆ្នោតមួយ
មណ្ឌលបោះឆ្នោតបានចាប់ផ្តើមបើកនៅម៉ោង៨ព្រឹកនិងបិទនៅម៉ោង៥ល្ងាច ដោយអ្នកបោះឆ្នោតត្រូវបានពិនិត្យកំដៅខ្លួននិងការរឹតបន្តឹងវិធានការប្រឆាំងកូវីដ១៩នៅតាមមណ្ឌលនីមួយៗ។
អ្នកបោះឆ្នោតអាយុ២៨ឆ្នាំម្នាក់ឈ្មោះណាត បាននិយាយថា« ខ្ញុំមិនមានការភ្ញាក់ផ្អើលទេអំពីការបោះឆ្នោតនេះ។វាពិបាកកែប្រែក្រុងបាងកកណាស់ តែខ្ញុំបោះឆ្នោតអោយមនុស្សដែលខ្ញុំគិតថាអាចផ្លាស់ប្តូរទីក្រុងនេះ ទោះជាបានតិចតួចក្តី។ខ្ញុំសង្ឃឹមថាបេក្ខជននេះនឹងធ្វើអោយមានការប្រែប្រួល»។
សូមបញ្ជាក់ថា មានបេក្ខជនបេក្ខនារីដល់ទៅ៣០នាក់កំពុងឈរឈ្មោះបោះឆ្នោត។
ដំបូងគេកាលពីព្រឹកថ្ងៃអាទិត្យ បេក្ខជនឯករាជ្យនាំមុខគេលោកឆាត់ឆាត ស៊ីតទីពុន(Chadchart Sittipunt)បានជិះម៉ូតូរបស់លោកទៅកាន់ស្ថានីយបោះឆ្នោត។អតីតរដ្ឋមន្ត្រីគមនាគមន៍រូបនេះត្រូវបានបណ្តេញចេញពីមុខតំណែងក្នុងរដ្ឋប្រហារចុងក្រោយ។លោកបានសន្យាដោះស្រាយបញ្ហាចរាចរណ៍ដ៏ស្អុយឈ្មោះរបស់ក្រុងបាងកក ព្រមទាំងសន្យាកែលម្អបរិស្ថានជាច្រើននិងថាអ្នកបោះឆ្នោតចង់បានការផ្លាស់ប្តូរមួយចេញពីការបែកបាក់នយោបាយជាមូលដ្ឋាន។
លោកប្រឈមការប្រកួតប្រជែងពីលោក អាសវីន ក្វានមួង(Aswin Kwanmuang)អតីតឧត្តមសេនីយ៍ប៉ូលិសគាំទ្រដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ដែលបានសន្យាដោះស្រាយបញ្ហាទឹកជំនន់ដ៏រ៉ាំរ៉ៃរបស់ទីក្រុង។តែប្រវត្តិដឹកនាំក្រុងមិនល្អក្រោយធ្វើជាអភិបាលក្រុងអស់៦ឆ្នាំ លោករងការរិះគន់បន្ថែមក្រោយពីផ្នែកខ្លះនៃក្រុងបាងកករងការជន់លិចនេះសប្តាហ៍មុនក្រោយការធ្លាក់ភ្លៀងខ្លាំង។
អ្នកវិភាគនយោបាយ ធីទីណាន ពង់ស៊ុតហ៊ីរ៉ាក់(Thitinan Pongsudhirak)នៅសកលវិទ្យាល័យជូឡាឡុងកន បាននិយាយថាលទ្ធផលឆ្នោតនេះនឹងបង្ហាញគំនិតខ្លះថាតើអ្នកក្រុងបាងកកគាំទ្របេក្ខជនរាជានិយមនិងយោធានិយមដែលកំពុងត្រួតត្រាលើនយោបាយថៃបច្ចុប្បន្នដែរឬទេ។លោកថា«បាងកកមិនមែនជាប្រទេសថៃទេ តែការបោះឆ្នោតជ្រើសរើសអភិបាលក្រុងនេះជាសញ្ញាបង្ហាញនិន្នាការសំរាប់ការបោះឆ្នោតធំមួយដែលនឹងចូលមកដល់នៅពេលខាងមុខ»៕